Saturday, October 27, 2012

មហាជន រអ៊ូរទាំ​ចំពោះ​​តម្លៃ​​ផ្ញើ​ម៉ូតូ ឡាន​

ភ្នំពេញ: ​ប្រជាពលរដ្ឋ​បាននាំគ្នា​រអ៊ូរទាំ​ ចំពោះ​ការយកថ្លៃ​ខ្ពស់​លើស​ការកំណត់ នៃការផ្ញើ​ម៉ូតូ​ ឡាន ​នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សារ​រាត្រី​ នៅ​រាជធានីភ្នំពេញ​។​

​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ ​នៅជុំវិញ​ផ្សារ​ដែល​ទារ​ថ្លៃ​ហួសប្រមាណ​។ ការផ្ញើ​ម៉ូតូ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ​តម្លៃ​ ១.០០០​ រៀល ​ក្នុង​មួយគ្រឿង ឯ​ឡាន​តម្លៃ​ ២.០០០​ រៀល ​ក្នុង​មួយគ្រឿង ​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក។

​ចំពោះ​ផ្សារ​ទួល​ទំ​ ពូ​ង ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អា​ទិត្យ បាន​ឡើងដល់ ​១.០០០ ​រៀល ​សម្រាប់​ម៉ូតូ តែ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​ យក​តម្លៃ ​៥០០ ​រៀល​។ ឯ​ឡាន​វិញ​យក​តម្លៃ​ ២.០០០ ​រៀល​ ក្នុង​មួយគ្រឿង​។

​រីឯ​ផ្សារ​ រាត្រី​វិញ​ យក​តម្លៃ​ផ្ញើ​ម៉ូតូ​ ១.០០០ ​រៀល​ ក្នុង​មួយគ្រឿង ​នេះ​សម្រាប់​ថ្ងៃ​ធម្មតា។ ដោយឡែក​ ពេល​មានបុណ្យ​ទាន ឬ​មាន​កម្មវិធី​បុណ្យ​ធំៗ​ តម្លៃ​ឡើងដល់​ ១.៥០០ ទៅ​ ២.០០០ ​រៀល នៅមាន​ពេលខ្លះ​អាច​ដល់​ ៤.០០០ ​រៀល​ ក៏មាន​។ ចំណែក​តម្លៃ​ឡាន​ថ្ងៃ​ធម្មតា​ យក ​២.០០០ ​រៀល ​ក្នុង​មួយគ្រឿង​។​

​កញ្ញា សុ​ភ័​ក្ត ដែលជា​និស្សិត​មួយរូប​ បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​រាត្រី ដើម្បី​ទៅ​គោរ​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​នោះ បាន​ប្រាប់ថា អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ​បាន​យក​លើស​តម្លៃ​ ដែល​បាន​សរសេរ​ក្នុង​ប័ណ្ណ​ផ្ញើ គឺ​សរសេរ​ផ្សេង​ យក​តម្លៃ​ផ្សេង​ទៅវិញ​។​

​ សុ​ភ័​ក្ត បាន​និយាយថា “​គេ​យក​ថ្លៃ​ផ្ញើ ​២.០០០​ រៀល តែ​ខ្ញុំ​ឃើញ​គេ​សរសេរ​ក្នុង​ក្រដាសផ្ញើ ​៣០០​ រៀល​ទេ​។ ម៉េច​ក៏​យក​ដល់​លើស​អ៊ីចឹង​។ ខ្ញុំ​សុំ​ឲ្យ​សរសេរ​យ៉ាង​ម៉េច​ យក​តម្លៃ​អ៊ីចឹងទៅ​”​។​

​រី​ឯលោក យុទ្ធ បាន​ចត​ឡាន​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក បាន​និយាយថា “​គេ​យក​តម្លៃ​ ២.០០០​ រៀល​។ តែ​ថ្ងៃ​ណា​ទៅ​លើស​ហ្នឹង​ក៏មានដែរ​”​។​

​ ចំណែក កញ្ញា វួ​ច​លីម បាន​ផ្ញើ​ម៉ូតូ​នៅ​ផ្សារ​ទួល​ទំ​ពូង ​ដើម្បី​ចូល​ទិញ​សម្លៀកបំពាក់​នោះ បាន​និយាយថា “​កំណត់​តែ​ ៣០០ ​រៀល តែ​យក​តម្លៃលើស។ សរសេរ​ផ្សេង​ យក​ផ្សេង​។ ខ្ញុំ​ខិ្ជ​ល​សៅហ្មង ​ឲ្យ​គេ​ទៅ​”​។​

​ចំពោះ​អ្នកយក​ឈ្នួល​ផ្ញើ​យានជំនិះ​ទាំងនោះ ​ពុំ​អាច​និយាយប្រាប់​ពី​បញ្ហា​ដែល​នាំ​ឲ្យ​យក​តម្លៃលើស​កំណត់​នេះ​បានទេ​។ ពួកគាត់​បាននិយាយថា “​សុំ​អធ្យាស្រ័យ​ផង​អា​អូន​! មិនអាច​និយាយ​អី​បានទេ នេះ​អាស្រ័យ​លើ​ថ្នាក់លើ បង​ក៏​ជា​កូនចៅ​គេ​ដែរ​”​។​

​រីឯ​ គណៈកម្មការ​ផ្សារ​ទួល​ទំ​ពូង​ បាន​ឲ្យ​ដឹងថា គណៈកម្មការបានដាក់​ស្លាកសម្រាប់​ទាក់ទង បើ​មាន​ករណី​ល្មើស យក​តម្លៃលើសកំណត់ខុសពី​សៀវភៅបន្ទុក​នោះ គឺ​ខាង​គណៈកម្មការ​នឹង​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជូន​ជានិច្ច ព្រោះ​វា​ជា​រឿង​សង្គម​។​

​គណៈកម្មការ​ផ្សារ​ទួល​ទំ​ពូង ​បាន​និយាយថា “​បើ​មាន​យក​លើស​តម្លៃ​ដែល​ខុសពី​សៀវភៅ​បន្ទុក ទាក់ទង​ទៅ គឺ​យើង​មក​ដោះស្រាយ​ជូន​ភ្លាមៗ​ ទៅតាម​ផ្លូវច្បាប់​។ ពួកយើង​ក៏​មិនបាន​មើល​ខុសត្រូវ​ទាំងអស់​ដែរ សូម​ឲ្យ​អ្នក​ទាំងអស់គ្នា​ចូលរួម​ទាំងអស់គ្នា​”​។​

​សូមបញ្ជាក់ថា​ មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​រាជធានី​ បាន​បញ្ចេញបង្កាន់ដៃ​ប្រើប្រាស់​ផ្ញើ​យានយន្ត​ ដោយ​កំណត់​ឲ្យ​យក​សម្រាប់​ការផ្ញើកង់​ថ្លៃ ២០០​ រៀល ម៉ូតូ​ ៣០០​ រៀល និង​ផ្ញើ​ឡាន​ថ្លៃ​តែ ​៥០០ ​រៀល​ប៉ុណ្ណោះ​៕​ SK

Comments system

Disqus Shortname