ភ្នំពេញ: "គ្រាន់ឮគាត់ ចូលទិវង្គតភ្លាម ខ្ញុំស្ទើរតែផុតស្មារតី ខ្ញុំឡើងញ័រអស់ហើយ..." នេះគឺជាការលើកឡើងរបស់ស្ត្រីវ័យកណ្តាលម្នាក់ ដោយយំទ្រហេកទ្រហក់ ក្នុងទឹកចិត្តរន្ធត់ និងសោកស្តាយ រកអ្វីប្រៀបផ្ទឹមពុំបាន។ អ្នកស្រី អ៊ុក ស៊ីណាន បាននាំកូនៗ មកចូលរួមគោរពដួងព្រះវិញ្ញាណក្ខ័ន្ធរបស់សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ នៅសួនច្បារ មុខព្រះបរមរាជវាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២។
លើសួនច្បារ
មុខព្រះបរមរាជវាំង ដែលក្រាលឥដ្ឋការ៉ូឡា មានកូនតុមួយ
ដែលផ្ទុកទៅដោយផ្កាឈូក ផ្កាស្បៃរឿង អមដោយទៀន និងធូប
សម្រាប់ចូលរួមបុណ្យសព និងកម្រងផ្កាមួយ។ នៅទីនោះ
ចាប់តាំងពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
និងបន្តរហូតដល់រសៀលថ្ងៃទី១៦ ខែតុលានេះ មានប្រជាពលរដ្ឋចាស់ក្មេង
មកពីគ្រប់ទិសទី បានប្រមូលផ្តុំគោរពដួងព្រះវិញ្ញាណក្ខន្ធសម្តេចឪ
ដែលព្រះអង្គបានសោយទិវង្គត កាលពីម៉ោង ១ និង ២០ នាទី យប់ថ្ងៃទី១៥
ខែតុលា ឆ្នាំ២០១២។
ប្រជាពលរដ្ឋ ស្លៀកពាក់សំលៀកបំពាក់កាន់ទុក
អាវស សំពត់ ឬខោខ្មៅ និងមានដូនជីផងនោះ បានដឹកដៃគ្នា ជាក្រុមៗ
មកគោរពដួងព្រះវិញ្ញាក្ខន្ធសពសម្តេចឪ ជាបន្តបន្ទាប់។
បន្ទាប់ពីគោរពដួងព្រះវិញ្ញាណក្ខន្ធសម្តេចឪរួច ប្រជាពលរដ្ឋ
ក៏បានវិលត្រឡប់ចាកចេញទៅវិញ។ ចំណែកអ្នកកាសែតជាតិ និងអ្នកកាសែតបរទេស
ក៏បានថតរូប ថតវិដេអូ និងសម្ភាសន៍ផងដែរ។
ក្រោយពីលុតជង្គត់ សំពះ បួងសួង ដោយបង្ហូរទឹកភ្នែក នឹកស្រណោះសោកស្តាយសម្តេចឪ អ្នកស្រី អ៊ុក ស៊ីណាន បានថ្លែងទាំងបង្ហូរទឹកភ្នែក ប្រាប់អ្នកកាសែត នៅមុខវាំងថា "ខ្ញុំសោកស្តាយខ្លាំងណាស់។ លោក ( សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ) មានចិត្តសប្បុរសលើប្រជាជន និងប្រទេសកម្ពុជានេះ ខ្លាំងបំផុត គ្មានអ្វីនឹងអាចជួយតបស្នងទៅគាត់វិញបានទេ មានតែទឹកភ្នែក ទឹកចិត្ត និងម្រាមដៃដប់ សូមឲ្យព្រះអង្គ ទៅកាន់នូវសុគតិភព ហើយសូមព្រះអង្គ ជួយថែរក្សាកូនចៅ ឲ្យបានសេចក្តីសុខសេចក្តីចម្រើនតទៅទៀត"។
ដោយរន្ធត់ចិត្ត រហូតដល់យំត្រដេកត្រដក អ្នកស្រី អ៊ុក ស៊ីណាន អាយុ ៥៧ ឆ្នាំ បានបន្ថែមថា "គាត់ល្អណាស់ ល្អគ្មានប្រៀប នៅក្នុងប្រទេសកម្ពុជា មានតែគាត់មួយទេ ជាវីរបុរសដ៏ខ្លាំងក្លាបំផុត នៅប្រទេសយើងនេះ។ ខ្ញុំចងចាំនូវវីរភាពរបស់ព្រះអង្គ។ លោកកសាងប្រទេស។ លោកទាមទារទឹកដី ប្រឆាំងនឹងពួកឈ្លានពានទឹកដីកម្ពុជា ឲ្យយើងបានឈរជើងរស់សព្វថ្ងៃ ទាំងតូច ទាំងធំនេះ។ ទាំងនោះ បានមកពីវីរភាពរបស់គាត់ដ៏អស្ចារ្យ។ ខ្ញុំកើតទាន់សម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ។ សម័យនោះ រីកចម្រើនខ្លាំងណាស់។ ល្អគ្រប់ផ្នែក។ ទាំងផ្លូវ ទាំងការរស់នៅ ទាំងការហូបចុក ទាំងការដើរហើរ និយាយឲ្យចំ គ្រប់ផ្នែកទាំងអស់ គឺរីកចម្រើន និងល្អខ្លាំងណាស់"។
ចំណែកអ្នកស្រី ប៉ាន់ សុផា ក៏បានយំ រលីងរលោងទឹកភ្នែក ក្នុងពេលើកដៃប្រណម គោរពដួងព្រះវិញ្ញាណក្ខន្ធសម្តេចឪ ដោយកាន់ផ្កាឈូក និងធូប នៅមុខកម្រងផ្កា នៅសួនច្បារ មុខព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២។
អ្នកស្រី ប៉ាន់ សុផា បានមានប្រសាសន៍ទាំងយំសោកស្តាយថា "... ( យំ ) ខ្ញុំសោកស្តាយព្រះអង្គ...( យំ )... ខ្ញុំមិនចង់ឲ្យព្រះអង្គបាត់បង់ទេ ខ្ញុំចង់ឲ្យព្រះអង្គ នៅតទៅទៀត តែធ្វើម៉េច ព្រះអង្គ អស់ព្រះជន្មពេលនេះ។ ដូច្នេះ ខ្ញុំមានតែការសោកស្តាយ។ ខ្ញុំសោកស្តាយ ដែលក្មេងៗស្រករក្រោយ មិនបានឃើញព្រះអង្គ តទៅមុខទៀត... ( យំ )"។
អ្នកស្រី ប៉ាន់ សុផា បានបន្ថែមទាំងទឹកមុខក្រៀមក្រំ និងយំត្រដេកត្រដក ថា "ព្រះអង្គមានប្រវត្តិល្អ។ ព្រះអង្គជួយកូនចៅ។ ព្រះអង្គស្រលាញ់កូនចៅ។ ព្រះអង្គ ធ្វើអំពើល្អច្រើនណាស់ ធ្វើឲ្យប្រជារាស្ត្រយើង ត្រូវតែយកគំរូល្អរបស់ព្រះអង្គ ហើយចងចាំមិនភ្លេច ក្នុងជីវិតនេះ។ ដូច្នេះហើយ ខ្ញុំសូមឲ្យក្មេងៗជំនាន់ក្រោយ ធ្វើតាម ដូចអ្វីដែលព្រះអង្គទុកគំរូមកឲ្យ"។
ដោយឡែក យុវជនអាយុ ៣២ ឆ្នាំម្នាក់ទៀត ក៏បានមកចូលរួមអុជធូប និងដាក់ផ្កាឈូក សំពះ គោរពដួងព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទូត តាលួត នៅមុខព្រះបរមរាជវាំង នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២។
យុវជនសម្បុរខ្មៅស្រអែក ក្នុងសំលៀកបំពាក់ អាវស ខោខ្មៅ ក៏បានលុតជង្គត់សំពះ យំយ៉ាងខ្លាំង មុននឹងថ្លែងមកកាន់អ្នកកាសែតថា "សម្តេចតា គាត់គឺជាវីរបុរសបិតាជាតិ គឺកូនចៅណា ក៏មិនអាចភ្លេចបានដែរ។ ទោះបីជា ខ្ញុំជាក្មេងស្រករក្រោយ តែខ្ញុំក៏បានឮ និងដឹងអំពីវីរភាពរបស់សម្តេចតា ដែលត្រូវបានគេចារក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា"។
ដូនជីម្នាក់ នៅពេលចូលរួមគោរពដួងព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ នៅមុខព្រះបរមរាជវាំង ទាំងកណ្តាលកំដៅថ្ងៃ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ដោយសារតែយំសោកសៅខ្លាំងពេក ក៏បានខ្យល់គរ ដួលសន្លប់ផងដែរ។
ជាការពិតអារម្មណ៍រន្ធត់ ក្តុកក្តួល យំស្រណោះ សោកស្តាយ និងអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមមិនបាន ព្រមទាំងការរំលឹកពីវីរភាពរបស់សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានសម្តែងឡើងនៅគ្រប់ទិសទីទូទាំងប្រទេស។ តាមវត្តអារាម តាមទីប្រជុំជន តាមទីសាធារណៈ ពិសេសនៅតាមផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានតាំងព្រះឆាយាលក្ខណ៍របស់ព្រះអង្គ និងបានចូលរួមកាន់ព្រះរាជមរណទុក្ខរបស់ព្រះករុណា សម្តេចឪផងដែរ។
ព្រះបរមសពរបស់សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ នឹងត្រូវព្រះមហាក្សត្រ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងព្រះរាជវង្សានុវង្ស ដង្ហែតាមយន្តហោះ មកពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
មហាជនប្រមាណ ១០ ម៉ឺននាក់ នឹងចូលរួមទទួលព្រះរាជបរមសពរបស់ព្រះករុណា សម្តេចឪ ដោយឈរដង្ហែតាមដងផ្លូវ តាមតាំងពីព្រលានយន្តហោះ រហូតដល់ព្រះបរមរាជវាំង។
សូមរម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយទិវង្គតរបស់សម្តេចឪ នៅកម្ពុជា បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសរាចរណែនាំ ដោយប្រកាសឲ្យមានការកាន់ទុក្ខសម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជា ទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ទូរទស្សន៍ក្នុងស្រុក នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការដង្ហែព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា លើកទី២ នាឆ្នាំ១៩៩៣៕(CEN)