ភ្នំពេញ:
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសលុបចោលនូវការស្នើសុំដី ៥០០ ហិកតា នៅខេត្តកំពង់ធំ
សម្រាប់កាកបាទក្រហមកម្ពុជា ដែលត្រូវបានគេប្រើឈ្មោះ
ថាជាដីរបស់លោកជំទាវធំ។ ក្នុងពេលដំណាលគ្នានោះ សម្តេចក៏បានប្រកាស
កុំឲ្យមានការប្រើឈ្មោះរបស់សម្តេច និងលោកជំទាវ ទៅចាប់ដី
ហើយអាជ្ញាធរ និងក្រុមយុវជន ត្រូវវាស់វែង ដកហូតដីទាំងនោះ
យកទៅចែកជូនប្រជាពលរដ្ឋ។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ
ដីធ្លី ដល់ប្រជាពលរដ្ឋ នៅឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានមានប្រសាសន៍ថា "ឮថានៅកំពង់ធំ គេថាមានដីលោកជំទាវធំ (
លោកជំទាវ ប៊ុនរ៉ានី )។ បងឈន់ ( លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ )
មកទេ។ ខ្ញុំនិយាយដាក់ក្បាលមេក្រូតែម្តង។ គេថា មានដីលោកជំទាវ
ប៊ុន រ៉ានី ហ៊ុន សែន មាន ៥០០ ហិកតា នៅខេត្តកំពង់ធំ។ ដីកាកបាទក្រហម
ហើយដីរបស់ជំទាវធំទៅទៀត។ អីចឹងទេ ប្រពន្ធខ្ញុំ ខ្ញុំប្រាប់ថា
បើអីចឹងឲ្យកូននិត ( ហ៊ុន ម៉ានិត ) ទៅមើលទៅ។
ប៉ុន្តែសុំផ្តាំទៅយុវជនទាំងអស់នោះ កន្លែងណាដែលថា
ដីរបស់លោកជំទាវធំ ត្រូវវាស់ឲ្យលឿនមុនគេ ឲ្យប្រជាពលរដ្ឋ។
វាស់ឲ្យលឿងតែម្តង កុំឲ្យខូចពេក។ ឮថា នៅពេលភ្ជុំនឹង
ទៅហ៊ុំព័ទ្ធរបងឯណាទៀត"។
ជាមួយនឹងប្រសាសន៍របស់សម្តេច
ហ៊ុន សែន ដូច្នេះ លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ
បានជម្រាបជូនសម្តេចភ្លាមថា ការពិត ដីនោះ
ជាការស្នើសុំរបស់កាកបាទក្រហម ខេត្ត។
ក៏ប៉ុន្តែសម្តេចនាយក
រដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ភ្លាមតបវិញថា "កាកបាទក្រហមខេត្ត
ស្នើសុំ ប៉ុន្តែ លោកឯង គិតមើល ដីប្រជាពលរដ្ឋ គេកំពុងតែធើ!។ រួចហើយ
ប្រើពាក្យ ដីលោកជំទាវធំ!"។
មកដល់ត្រង់នេះ លោក ឈុន ឈន់
ក៏បានបន្ថែមថា កាលពីពេល ស្នើសុំនោះ
គឺអត់មានប្រជាពលរដ្ឋកាន់កាប់ទេ។ តែនៅពេលលោក បានចេញសេចក្តីសម្រេច
ប្រគល់ឲ្យកាកបាទក្រហមខេត្តហើយ ស្រាប់តែប្រជាពលរដ្ឋ លើកគ្នា
ចូលទៅកាន់កាប់លើដីនោះ។
ភ្លាមៗនោះ សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានចោទសួរទៅកាន់លោកអភិបាល ខេត្តកំពង់ធំ ថា "រួចចុះ លោកឯង
ធ្វើកាកបាទក្រហម ចាំបាច់មានដី? វាខុសគេ ខុសឯង? ឥឡូវដីនោះ
យកទៅធ្វើអីហើយ? លក់ឲ្យគេអស់ឬនៅ?។
លោក ឈុន ឈន់
បានឆ្លើយតបទៅសម្តេចថា ឥឡូវ ដីនោះ មិនទាន់ធ្វើអីទេ។
ការពន្យល់បន្ថែមក៏បានផ្តល់ជូនសម្តេចនាយករដ្ឋមន្ត្រី
អំពីដីកាកបាទក្រហមនោះ ដោយថា ដីជាក់ស្តែង គឺ ៥០០ ហិកតា ដែលគេថា
ជាដីកាកបាទក្រហម ហើយដីដែលប្រជាពលរដ្ឋកាន់កាប់ ៣០០ ហិកតា
ស្មើនឹងប្រជាពលរដ្ឋជាង ២៥០ គ្រួសារ។ ប្រជាពលរដ្ឋ ចូលមកក្រោយៗនឹង។
យ៉ាងណាក៏ដោយ ចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេច
ដោយបញ្ជាផ្ទាល់មាត់ និងទល់មុខ ទៅកាន់អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់
យ៉ាងដូច្នេះថា "ឥឡូវក្រោយក៏ដោយ មុនក៏ដោយ ទៅវាស់ឲ្យប្រជាជនទៅ បង
ឈន់។ ត្រលប់ទៅវិញ ចុះទៅ កុំឲ្យពិបាកសាំញ៉ាំ ហើយអីចេះ
យល់ល្អណា៎! កន្លែងណា គេថា ដីលោក ហ៊ុន សែន កន្លែងណាគេថា
ដីប្រពន្ធលោក ហ៊ុន សែន តែពីរនាក់បានហើយ រឿងកូនរបស់ខ្ញុំ
ចាំចាត់ចែង ក្រែងវាទៅទិញដីនេះនោះ តែរវាងខ្ញុំ និងប្រពន្ធខ្ញុំ
គឺឲ្យតែឮថា ដីលោកហ៊ុនសែន ឬដីប្រពន្ធលោកហ៊ុនសែន
គឺទៅយកតែម្តងទៅ។ វាស់ភ្លាម កុំឲ្យខូច។ អាចូលចិត្តប្រើ! ឲ្យតែឮថា
ដីរបស់សម្តេច ហ៊ុន សែន ឬដីរបស់ប្រពន្ធ
ដែលជាប់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ គឺយកតែម្តងទៅ។
តែកុំទៅយកដីផ្ទះរបស់ខ្ញុំនៅវិមានឯករាជ្យ និងនៅតាខ្មៅ"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានបន្ថែមថា "ខ្ញុំដូចជាមិនយល់ កាកបាទក្រហមអី ត្រូវការដី។
ធើឲ្យខូចកិត្តិនាមកាកបាទក្រហមទៅទៀត។
ត្រូវការដីយកមកធ្វើអីណុង?។ គិតប្រុងធ្វើខ្លួនឯង?។ ខ្ញុំថា
គ្មានធើខ្លួនឯងទេ។ យូរៗទៅ លួចលក់អស់។ ជឿខ្ញុំទៅ!"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរម្លឹកជាថ្មី
ដាក់បញ្ជាទៅកាន់អភិបាល ខេត្តកំពង់ធំ ឲ្យចុះទៅវាស់វែងដី ដែលថា
ជាដីរបស់កាកបាទក្រហម ដើម្បីចែកជូនប្រជាជន។
បើប្រជាជនកាន់កាប់ប៉ុន្មាន ឲ្យគាត់ទៅ ហើយបើសល់ប៉ុន្មាន
ទុកសម្រាប់ដីសង្គមកិច្ច ជូនប្រជាពលរដ្ឋ
តែកុំទុកសម្រាប់កាកបាទក្រហម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន
សែន ក៏បានផ្តាំថា កុំឲ្យយកកាកបាទក្រហម យកទៅលូកឡំ
នឹងបញ្ហាដីធ្លីតទៅទៀត។ សម្តេចក៏បានបញ្ជាក់ថា លោកជំទាវធំ
មិនត្រូវការដីទេ។ បើខេត្តណា កាកបាទក្រហម មានបញ្ហាដីដូច្នេះ
ក៏សុំដកខ្លួនចេញឲ្យរហ័ស៕