លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ CEN ថ្ងៃទី១ តុលា ឆ្នាំ២០១២ ថា នៅថ្ងៃទី១ តុលា ឆ្នាំ២០១២ នេះ សាលារៀន
បន្ទាយមានជ័យ: ដោយសាររងគ្រោះពីទឹកជំនន់ លិចសាលារៀនចំនួន ៩៨ សាលាក្ នុងចំណោម ៧០៧ សាលា នៅ ៩ ស្រុក-ក្រុង នៃខេត្តបន្ទាយមានជ័យ ពុំអាចបើកបវេសនកាលថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ តាមប្រតិទិនបានទេ។ ប៉ុន្តែប្រធានមន្ទីរអប់រំខេត្តនេះអះអាងថា រវាង ៤-៥ថ្ងៃខាងមុខ គេអាចរៀបចំដំណើរការរៀន-បង្រៀនបាន បើទឹកស្រកចុះអស់។
លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ CEN ថ្ងៃទី១ តុលា ឆ្នាំ២០១២ ថា នៅថ្ងៃទី១ តុលា ឆ្នាំ២០១២ នេះ សាលារៀនសាធារណៈ ស្ទើរទាំងអស់ នៅ ៩ ស្រុក-ក្រុង នៃខេត្ត បានបើកបវេសនកាល ចាប់ផ្ដើមដំណើរការរៀន និងបង្រៀនហើយ។ ប៉ុន្តែដោយគ្រោះទឹកជំនន់ សាលារៀន ៩៨ សាលា លើ ៧០៧ សាលា (គឺ អនុវិទ្យាល័យ៩ , បឋមសិក្សា៨៥ និង មត្តេយ្យ៤) បន្តបិទទ្វារ ព្រោះទឹកជំនន់ បានលិច។
ទោះយ៉ាងណា លោក ឈើយ ចាន់ណា និយាយថា "រវាង៤-៥ថ្ងៃខាងមុខ បើទឹកស្រកសាលារៀនទាំងនោះ នឹងត្រូវសំអាត រួចបើកអោយសិស្សចូលរៀន គ្រូចូលបង្រៀនហើយ"។
គួរបញ្ជាក់ថា ក្នុងចំណោមសាលារៀនទាំង៧០៧ គឺមានមត្តេយ្យ ២៥៥កន្លែង បឋមសិក្សា ៤០៣កន្លែង អនុវិទ្យាល័យ៥៤ និងវិទ្យាល័យ២៦ នៅក្នុងខេត្តបន្ទាយមានជ័យ។
ឯសាលារៀន ដែលកំពុងរងគ្រោះទឹកជំនន់ គឺពុំមែននៅក្រុងប៉ោយប៉ែត , ស្រុកអូរជ្រៅនិងម៉ាឡៃ ដែលរងគ្រោះ ដោយទឹកជំនន់ ចាប់ពីថ្ងៃទី៩-១១ និងថ្ងៃទី១៥-២៣ កញ្ញា ឆ្នាំ២០១២ ទេ។ គឺសាលារៀននៅឯក្រុងសិរីសោភ័ណ , ស្រុកព្រះនេត្រព្រះ , ភ្នំស្រុក និងមង្គលបូរីឯណោះទេ៕