Tuesday, October 16, 2012

និសិត្ស​ខ្មែរ នៅ​ចិន កោរសក់​កាន់ទុក្ខ​ព្រះ​បរមសព​សម្តេចឪ​

និសិត្ស​ខ្មែរ នៅ​ចិន កោរសក់​កាន់ទុក្ខ​ព្រះ​បរមសព​សម្តេចឪ​
ក្រុមនិស្សិតខ្មែរ នៅចិន កោរសក់ ចូលរួមកាន់មរណទុក្ខ ព្រះបរមសពសម្តេចឪ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង ( រូបថត៖ Facebook )



ភ្នំពេញ: តាម​ការផ្សព្វផ្សាយ​របស់ Facebook នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ បង្ហាញថា ក្រុម​និស្សិត​​ខ្មែរ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន បាន​កោរសក់ កាន់ទុក្ខ​ព្រះ​បរម​សព សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​។ ក្រុមនិស្សិត​ទាំងនោះ បាន​ដង្ហែ​ព្រះ​ឆាយា​លក្ខណ៍​សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត សម្តេច​តា​លួត ក្នុង​ទឹក​មុខ​ស្រងូត​​ស្រងាត់​ក្រៃលែង​។​

​សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ នៅ​កម្ពុជា បាន​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ដល់​សម្តេច​ឪ នរោត្តម សីហនុ​។​

​ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សរាចរ​ណែនាំ ដោយ​ប្រកាស​ឲ្យមាន​ការកា​ន់ទុក្ខ​សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។

​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

​ទូរទស្សន៍​ក្នុង​ស្រុក នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ដង្ហែ​ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ នៅ​ពេល​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕​

Comments system

Disqus Shortname