មន្ត្រីប៉ូលិសខេត្តសៀមរាប បានអះអាងថា លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែលជាស្នងការនគរបាល ខេត្តព្រះវិហារ បានប្រើអាវុធម៉ាកអាកា (AK 47) បាញ់ជាច្រើនគ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សមួយចំនួន នៅកណ្ដាលទីក្រុងសៀមរាប កាលពីរាត្រីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាល ខេត្តសៀមរាប បាននាំខ្លួនលោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ដែលជាស្នងការនគរបាលខេត្តព្រះវិហារ ទៅសាកសួរ និងធ្វើកំណត់ហេតុកាលពីរាត្រីថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីឧត្ដមសេនីយ៍រូបនោះ បានបាញ់កាំភ្លើងដៃជាច្រើនគ្រាប់នៅកណ្ដាលទីក្រុងមក។ប្រភពពីមន្ត្រីប៉ូលិសខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា ១១ និង ៣០នាទីយប់ លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ដែលមានអាការៈស្រវឹងផង បានកាន់អាវុធម៉ាក AK 47បាញ់ជាច្រើនគ្រាប់នៅមុខសណ្ឋាគារ ឡុក យិញ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោក ភឹង ចិន្តារ៉េត ជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលខេត្ត សៀមរាប។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១ ខែតុលា ថា បន្ទាប់ពីការបាញ់បោះបន្តិច កម្លាំងរបស់លោកក៏បានទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនលោកស្នងការនគរបាលខេត្តព្រះវិហារ រូបនោះ ទៅសាកសួររយៈពេលខ្លី ដើម្បីធ្វើកំណត់ហេតុ។
លោក ភឹង ចិន្តារ៉េត៖ «រឿងហ្នឹងប៉ះសំដីគ្នាតិចតួច ដោយសារការបានហូបចុកផងទៅ ក៏បង្កឱ្យបញ្ហាប្រើអាវុធ AK បាញ់ ៣-៤គ្រាប់ឡើងលើទេ បាញ់ឡើងលើហើយយើងបានដាក់សំណុំរឿងទៅតុលាការ ប៉ុន្តែមនុស្សគឺអគ្គស្នងការនគរបាលជាតិបានបញ្ជាមកខ្ញុំ ឱ្យបញ្ជូនមនុស្សទៅគាត់ហើយ»។
ចំណែកលោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែលជាស្នងការនគរបាលខេត្តព្រះវិហារ បានឆ្លើយបំភ្លឺថា ពិតជាមានបញ្ហាកើតឡើងដូច្នោះមែន ក៏ប៉ុន្តែលោកបានបង្ខំចិត្តផ្ទុះអាវុធដើម្បីការពារខ្លួននៅពេល ដែលមានគេគំរាមកំហែងមកលើរូបលោក៖ «យើងបានជម្រាបគាត់មែន ទាំងលោកព្រះរាជអាជ្ញាទាំងអីហ្នឹង គឺពាក់ព័ន្ធដល់រឿងមានគេគំរាមកំហែងមកលើយើង មានអ៊ីចឹងមែន»។
ទោះយ៉ាងណា ទាំងលោក ម៉ៅ ពៅ និងសមត្ថកិច្ចប៉ូលិសខេត្តសៀមរាប មិនបានបញ្ជាក់ពីឈ្មោះ ជនណាមួយដែលជាភាគីមានទំនាស់ក្នុងរឿងនោះទេ។
លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីមានផ្ទុះអាវុធរួចមក រូបលោកបានទៅដល់កន្លែងកើតហេតុនោះ ហើយបានឱ្យសមត្ថកិច្ចប៉ូលិសធ្វើសំណុំរឿងប្រគល់មកលោក ក៏ប៉ុន្តែលោកមិនបានបញ្ជាឱ្យឃាត់ខ្លួនលោកស្នងការនគរបាលខេត្ត ព្រះវិហារ នោះទេ។
ទោះយ៉ាងណាលោក ទី សុវិនថាល់ បានបញ្ជាក់ថា តាមផ្លូវច្បាប់បានរកឃើញថា លោក ម៉ៅ ពៅ ដែលជាស្នងការនគរបាលខេត្តព្រះវិហារនោះ មានកំហុស៖ «កំហុសគាត់វា ពីរបទហើយ ដោយសារស្រវឹងហ្នឹង គឺប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឱ្យខូចខាត។ ប៉ុន្តែម្ចាស់សណ្ឋាគារអត់ប្ដឹងផ្ដល់ទេ។ ខាងរងគ្រោះក៏ជាប៉ូលិសមហាផ្ទៃដែរ។ ដោយមើលឃើញថា បញ្ហាវាអត់មានធ្វើឱ្យរងគ្រោះដល់មនុស្ស អ៊ីចឹងខ្ញុំមិនឱ្យឃាត់ខ្លួនទេ គ្រាន់តែធ្វើសំណុំរឿង ហើយបញ្ជូនសំណុំរឿងមកខ្ញុំតាមច្បាប់ទៅ»។
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ដែលជាស្នងការនគរបាលខេត្តព្រះវិហារ ដដែលនោះ ធ្លាប់បានស្ត្រីម្នាក់ឈ្មោះ ហេង ឆេងហ៊ាង ប្ដឹងម្ដងមកហើយពីបទថា បានប្រើហិង្សា ដោយជេរ និងវាយដំទៅលើរូបកាយរបស់អ្នកស្រី៕