ភ្នំពេញ:
ស្ត្រីចិនម្នាក់ទៀត
ត្រូវបានចៅក្រមតុលាការខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា
ឆ្នាំ២០១២ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ខែ
ក្នុងរឿងហែករូបថតសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះមហាវីរក្សត្រ។
ក៏ប៉ុន្តែទោសទាំងនោះ ត្រូវបានព្យួរ។ មានន័យថា ស្ត្រីចិននោះ
ត្រូវបានដោះលែងចាប់ពីថ្ងៃនេះផងដែរ។
សាលក្រមនោះ
ត្រូវបានប្រកាសដោយលោកចៅក្រម លឹម សុគន្ថា
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ របស់តុលាការខេត្តកណ្តាល
ដែលបានបើកសវនាការជំនុំជម្រះ ដោយផ្ទាល់ លើករណីស្ត្រីចិន
ជាអ្នកគ្រប់គ្រងរោងចក្រ ដែលបានហែករូបថត
ព្រះឆាយាលក្ខណ៍របស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
លោកចៅក្រម លឹម សុគន្ថា បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រីចិន
ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ខែ តែត្រូវព្យួរទោស និងពិន័យជាប្រាក់ ២
លានរៀល។ ស្ត្រីចិននោះ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឲ្យខូចដោយចេតនា
តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ៤១០ មាត្រា ៩៣ និងមាត្រា ៩៤។
សូមរម្លឹកថា ស្ត្រីជនជាតិចិន
ដែលត្រូវបានតុលាការខេត្តកណ្តាលផ្តន្ទាទោស នៅថ្ងៃនេះ មានឈ្មោះ លាវ
គុយឈាង អាយុ ៤៥ ឆ្នាំ ជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរ ញូវ អាតធីស (
New Artist ) ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច
ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
ស្ត្រីចិននោះ
ត្រូវបានកម្មករ អះអាងថា គាត់បានចាប់យករូបថត ដែលកម្មករទិញមកមើល
ដែលជារូបចំណិតព្រះចន្ទ មានរូបរបស់ព្រះមហាក្សត្រ។ ស្ត្រីចិននោះ
បានច្របាច់គ្រញិចរូបថតនោះ ដែលកម្មករ ចាត់ទុកថា
ជាការប្រមាថដល់ព្រះមហាវីរក្សត្រ។
សូមបន្ថែមថា ស្ត្រីចិននេះ
ជាជនជាតិចិនទី៣ហើយ
ដែលបានធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់កម្មកររោងចក្រកាត់ដេរ
ក្នុងរឿងរូបថតរបស់សម្តេចព្រះមហាវីរក្សត្រ។
កាលពីថ្ងៃទី២៣
ខែតុលា ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស
ដាក់ពន្ធនាគារលើស្ត្រីចិនម្នាក់ ដែលជាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរ
នៅកៀនស្វាយ ឲ្យជាប់ពន្ធនាគារ ១ ឆ្នាំ តែត្រូវព្យួរទោស
និងបណ្ថេញចេញពីកម្ពុជា ដោយសារតែស្ត្រីចិននោះ បានហែក
និងយកកន្ត្រៃកាត់រូបថតរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម
សីហនុ។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ប៉ូលិសរាជធានីភ្នំពេញ
ក៏បានចាប់ខ្លួនស្ត្រីមេការរោងចក្រកាត់ដេរ ជនជាតិចិន ម្នាក់ទៀត
ក្នុងរឿងហែករូបថត ដែលជាចំណិតព្រះចន្ទ ហើយត្រូវបានគេសន្មត់ថា
មានរូបថត ព្រះភក្ត្រព្រះមហាវីរក្សត្រនោះ។ ប៉ុន្តែស្ត្រីចិនទី២នោះ
ត្រូវបានប៉ូលិសរាជធានីភ្នំពេញ គ្រាន់តែអប់រំ ហើយក៏ដោះលែងទៅវិញ
ដោយមិនបញ្ជូនទៅកាន់តុលាការឡើយ៕