សម្តេចឪ ព្រះករុណា នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន ក្នុងពេលចរចាស្វែងរកសន្តិភាព នៅកម្ពុជា រហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ |
ក្នុងលិខិត ដែលមានអត្តន័យស្រដៀងគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ បានចាត់ទុកថា "ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺជាការបាត់បង់នូវតួអង្គ ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើម គ្មានគូប្រដូចមួយព្រះអង្គ ដែលជានិច្ចការទ្រង់បំពេញព្រះរាជបូជនិយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃគ្រប់កាលៈទេសៈ។ ថ្វីបើព្រះរូបព្រះកាយរបស់ព្រះអង្គ ទម្លាយក្ខន្ធយាងទៅកាន់បរលោកហើយក្តី ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ល្អឆ្នើមរបស់អង្គសម្តេចឪ ជាអម្ចាស់ ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិការរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ព្រមទាំងព្រះសង្ឃ និងជនរួមជាតិរបស់ព្រះអង្គ ហើយពិតជានឹងស្ថិតស្ថិរគង់វង្សជាអមតៈ"។
ក្នុងលិខិតដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ក៏បានលំអោនកាយ ឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាត ក្លាយជាបការៈដទៃឡើយ។
សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយទិវង្គតរបស់ សម្តេចឪ នៅកម្ពុជា បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសរាចរណែនាំ ដោយប្រកាសឲ្យមានការកាន់ទុក្ខសម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។ រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា លើកទី២ នាឆ្នាំ១៩៩៣៕(CEN)