ក្នុង នាមជាអ្នកផ្តល់ប្រឹក្សាពីបញ្ហារោគស្រ្តី អ្នកនាង កែវ ម៉ូនីដា ត្រូវយកចិត្ដទុកដាក់ចំពោះការប្រឹក្សាជាមួយអ្នកជំងឺទូទៅ និងប្រើសម្ដីផ្អែមល្ហែមដើម្បីជជីកសួរអំពីបញ្ហាចម្បងនៃជំងឺផង ដែរ
«ក្នុងនាមជាអ្នកប្រឹក្សាអំពីបញ្ហារោគ ស្រ្តី ខ្ញុំត្រូវមានសិល្បៈក្នុងការជជីកសួរពីការពិត ព្រោះកម្រិតយល់ដឹងរបស់អ្នកជំងឺខុសៗគ្នា ហើយខ្ញុំត្រូវចេះប្រើពាក្យសម្ដីគួរសមដោយមិនរើសអើងអ្វីឡើយ» នេះគឺជាគោលការណ៍សំខាន់របស់អ្នកផ្ដល់ប្រឹក្សាអំពីរោគស្ដ្រី។
ជា កូនស្រីច្បងក្នុងគ្រួសារដែលមកពីខេត្ដកំពត អ្នកនាង កែវ ម៉ូនីដា វ័យ៣០ឆ្នាំ បានឃ្លាតឆ្ងាយផ្ទះសម្បែងមកជ្រកកោននៅផ្ទះញាតិមិត្ដ និងខិតខំសិក្សារហូតបានក្លាយជាអ្នកផ្ដល់ប្រឹក្សាពីបញ្ហារោគ ស្ដ្រីនៅអង្គការរ៉ាក់ប្រចាំគ្លីនិករ៉ាក់ទួលសង្កែ។
ជា ការពិត ភាពជោគជ័យរបស់អ្នកនាងនាពេលសព្វថ្ងៃនេះ វាមិនកើតឡើងដោយសារតែព្រេងសំណាងឡើយ ពីព្រោះវាស្ថិតត្រង់ការតស៊ូ ជម្នះឧបសគ្គ ជាពិសេសចំពោះអ្នកមានបន្ទុកក្នុងគ្រួសារដែលត្រូវជួយសម្រាល ជីវភាពផងនោះ។
ដោយសារតែដំណើរផ្លូវទៅសិក្សានៅបឋមសិក្សា ឆ្ងាយពីផ្ទះសម្បែង និងតែងតែខកខានពេលវេលាសិក្សា កុមារីកាលពីពេលនោះ បានបង្ខំចិត្ដឃ្លាតឆ្ងាយពីផ្ទះ មកសុំស្នាក់នៅជាមួយបងប្អូនដែលមានផ្ទះក្បែរសាលារៀន។
ក្រោយ ពី បញ្ចប់ការសិក្សានៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ កាលពីឆ្នាំ១៩៩៩ អ្នកនាង ម៉ូនីដា បានមកបន្ដការសិក្សាផ្នែកគិលានុបដា្ឋយិកានៅសាលាបណ្ដុះបណ្ដាលថែទាំ វេជ្ជសាស្ដ្រខេត្ដកំពតរយៈពេល៣ឆ្នាំ។
ថ្វីដ្បិតតែមុខ វិជ្ជានេះមិនមែនជាគោលដៅដំបូងរបស់អ្នកនាងក៏ដោយ ក៏អ្នកនាងបានយល់យ៉ាងច្បាស់ពីសារៈសំខាន់នៃមុខវិជ្ជា គិលានុបដ្ឋាយិកាចំពោះសង្គមខ្មែរនាពេលបច្ចុប្បន្ន ពិសេសតំបន់ជនបទនានា។ លុះបញ្ចប់ការសិក្សាផ្នែកគិលានុបដា្ឋយិកា អ្នកនាងបានចាប់យកជំនាញឆ្មបសាស្ដ្រមធ្យមពីឆ្នាំ២០០៤ដល់ឆ្នាំ ២០០៥។
ដោយមានជំនាញឆ្មបសាស្ដ្រមធ្យមនៅក្នុងដៃ អ្នកនាង ម៉ូនីដា បានបោះជំហានមួយទៀតមករស់នៅលើទឹកដីទីក្រុងតែម្នាក់ឯងដើម្បី បម្រើការងារនៅមន្ទីរពេទ្យពហុព្យាបាលតុសិតកាលពីឆ្នាំ២០០៥ រួចបន្ដបម្រើការជាគិលានុដ្ឋាយិកានៅមន្ទីរពហុព្យាបាលវិសាលសុខ និងក្លាយជាអ្នកផ្ដល់ប្រឹក្សាអំពីបញ្ហារោគស្ដ្រីប្រចាំនៅ អង្គការរ៉ាក់ក្នុងឆ្នាំ២០០៨ តរហូតមក។
ការងាររបស់អ្នកនាង នៅ អង្គការរ៉ាក់ គឺជួបពិភក្សាអំពីបញ្ហារោគស្ដ្រីទូទៅ ជាពិសេសយុវតីដើម្បីស្វែងរកដំណោះស្រាយក្នុងការព្យាបាលឲ្យចំរោគ សញ្ញា។
ថ្វីដ្បិតតែអ្នកនាងត្រូវចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ដដើម្បីប្រឹក្សាជាមួយអ្នកជំងឺរៀងរាល់ថ្ងៃយ៉ាងណា ក៏ដោយ ក៏អ្នកនាងនៅតែពេញចិត្ដក្នុងការបំពេញតួនាទីដ៏មានតម្លៃនេះដែរ ។
យុវតី សម្បុរស និងតែងតែផ្ដល់តម្លៃដល់អ្នកដទៃរូបនេះ បានបង្ហើបប្រាប់ថា៖ «ទោះបីជាការងារនេះ មិនមែនជាចំណូលចិត្ដពីដំបូងរបស់ខ្ញុំក្ដី ប៉ុន្ដែក្រោយពេលដែលចាប់ជំនាញនេះមក ខ្ញុំពិតជាពេញចិត្ដនឹងការងារនេះណាស់ ព្រោះខ្ញុំបានបញ្ចេញនូវស្នាដៃដើម្បីបម្រើដល់ផលប្រយោជន៍សង្គម ជាតិ ជាពិសេស អ្នកជំងឺជាច្រើនតាមរយៈការផ្ដល់ប្រឹក្សារបស់ខ្ញុំ»។
តាម រយៈភាពជោគជ័យទាំងក្នុងការងារ និងជីវិតគ្រួសារជាមួយនឹងចំណងដៃកូនស្រី១ ដែលអ្នកនាង ម៉ូនីដា តែងតែជម្នះរហូតមកដល់សព្វថ្ងៃយុវនារីឆ្នើមរូបនេះបានបន្ដ ថា៖«ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែជួបនូវការលំបាក តែអ្វីដែលសំខាន់ថាតើយើងត្រូវតស៊ូទៅមុខ ឬអស់សង្ឃឹម។ សម្រាប់ខ្ញុំ បញ្ហាគឺតែងតែមានដំណោះស្រាយ ដូច្នេះដរាបណាខ្ញុំជាមនុស្សរឹងពឹង និងមានភាពម្ចាស់ការលើខ្លួនឯង ខ្ញុំប្រាកដជាអាចមានលទ្ធភាពដោះស្រាយរាល់ឧបសគ្គចំពោះមុខបាន» ។
ជាមួយ នឹងការប្រកបការងាររបស់ខ្លួនជិត១ទសវត្សរ៍ អ្នកនាងកែវ ម៉ូនីដា មានបំណងចង់បង្កើតនូវបន្ទប់ផ្តល់ប្រឹក្សាយោបល់របស់ខ្លួនមួយ៕