ភ្នំពេញ: តារាចម្រៀងជើងចាស់ឈ្មោះល្បី ម៉េង កែវពេជ្ជតា ត្រូវបានជនអនាមិកចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ រស់នៅប្រទេសបារាំង ដែលមានកូន២ទៅហើយ ដែលនាំឲ្យសៅហ្មង និងរកាំរកូសដល់គ្រួសាររបស់គេ។ ម្យ៉ាងទៀតអ្នកនាង ត្រូវរងទុក្ខដោយសារបងប្រុសស្លាប់នៅពេលថ្មីនេះ។
ទស្សនាវ ដ្តីអង្គរធំបានឲ្យដឹងថា ការខូចចិត្តរបស់ អ្នកនាងម៉េង កែវពេជ្ជតា ដោយសារបងប្រុសរបស់គាត់ បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ដួលម៉ូតូ វាលើសលុបទៅហើយ។ ប៉ុន្តែមានមនុស្សមួយចំនួន មិនត្រឹមតែចួលរួមរំលែកទុក្ខទេ ថែមទាំងបានយករឿង របស់បងប្រុសគាត់ ស្លាប់ ទាំងមូលមក និយាយចំអកផ្ចាញ់ផ្ចាលទៅវិញ។
ប្រភពដដែល បន្តថា បងប្រុសរបស់គាត់ប្រៀបដូចជាឪពុកទី២ ព្រោះធ្លាប់កម្សត់កម្រជាមួយគ្នានិងមើលថែទាំតាំងពីជំនាន់ប៉ុល ពត ដែលកាលណោះនៅអាយុ២ឆ្នាំនៅឡើយ។
អ្នកស្រី ម៉េង កែវពេជ្ជតា បាននិយាយថា “គាត់ស្មើនឹងឪពុកទី២របស់ខ្ញុំ ដែលមិនអាចអ្នកណាយកជីវិតរបស់គាត់មកលេងសើចបានទេ។ គេថាខ្ញុំយីអ៊ុនដាក់ វាមិនត្រឹមត្រូវទេ តែបើថាខ្ញុំត្រូវគេឈ្នានីស មិនចង់ឲ្យមានសេចក្តីសុខវាត្រូវជាង”។
យោងតាមប្រភពខាងលើ បងប្រុសរបស់ កែវពេជ្ជតា បានស្លាប់កាលពីខែ៧ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ២សប្តាហ៍។ ប្រសិនបើមានអ្នកមានគំនិតឈ្នានីសគាត់នោះ ហើយមានបងប្អូនស្លាប់តើពួកគេឈឺចាប់ទេ? គាត់ចង់ប្រាប់ថា គាត់មិនមានប្រវិត្តលាក់លៀមទេ ហើយក៏មិនមែនទន់ជ្រាយនៅពេលឃើញគាត់មិនឆ្លើយតបនោះ។
“ខ្ញុំ ជូតទឹកភ្នែកមិនទាន់អស់ផង មានគេនាំគ្នាយករឿងមិនពិត មកសរសេរជាន់កទៀត។ គេថា មានស្ត្រីម្នាក់ហែកហួរថា ខ្ញុំទាក់ទងប្តីគេ។ នេះជាសម្តីដែលគ្មានវប្បធម៌ និងសីលធម៌ក្នុងខ្លួន” កែវពេជ្ជតា បានបន្ថែម។
ចំពោះរឿងមិន ពិតនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកស្រី ។ ព្រោះនេះជាសម្តីផ្តន្ទាឈ្នានីស បង្ហាញពីចរិតអាក្រក់។ ប្រសិនបើមានរឿងបែបនេះមែន គាត់សូមបង្ហាញការវិភាគថា ហេតុអី្វស្ត្រីម្នាក់នោះ មិនទូរសព្ទមករកគាត់ផ្ទាល់ ដែលដំបូង គេអាចសំណូមពរឲ្យគាត់ចាកចេញពីប្តីរបស់គេ ហើយទី២ គេអាចព្រមានជាដើម។ តើវាអាចទៅរួចដែរទេ ដែលស្ត្រីនោះ ស្រាប់តែទៅប្រាប់សារព័ត៌មាន ដែលប្រៀបដូចជាការហែកទ្រូងខ្លួនឯងឲ្យគេឃើញនោះ? ម្យ៉ាងវិញទៀត បើសិនកើតរឿងបែបនេះ ហេតុអី្វពេលគាត់ទៅប្រទេសបារាំង កាលពីខែកុម្ភៈមុន គាត់មិនមានបញ្ហាអី្វ? បើគាត់ធ្វើអំពើមិនគប្បីមែន ស្ត្រីនោះច្បាស់ជា មករករឿងគាត់ដល់កន្លងមិនខានទេ។
កែវពេជ្ជតា និយាយទៀតថា “ដូច្នេះខ្ញុំសួរថា បើសិនជាមានប្រភពអនាមិកផ្តល់ព័ត៌មានមិនល្អអីពីអ្នកណាម្នាក់ តើអាចយកមកចោទប្រកាន់មនុស្សម្នាក់ទៀតបានបែបនេះបានដែរឬអត់? រហូតមកដល់ពេលនេះគ្មានអ្នកណាម្នាក់តេមកខ្ញុំសោះ ចេះតែបង្កើតរឿងអ៊ីចឹងទៅកើត! នេះគេហៅថា “ស្វាស៊ីបាយ លាបមាត់ពពែរ”។ មានតែមនុស្សចង់បំផ្លាញខ្ញុំប៉ុណ្ណោះដែលអាចធ្វើបែបនេះទៅបាន”។
ចំពោះ ឈ្មោះវ៉ាត គាត់បានបដិសេដថាមិនបានស្គាល់ទេ។ កន្លងមកគាត់ក៏មិនបានបកស្រាយរឿងនេះដែរ ហើយគេចេះតែនាំគ្នានិយាយហើយនិយាយទៀត។ ទាំងអស់នេះសុទ្ធតែមិនពិតទេ។ គាត់គ្មានទំនាក់ទំនងពិសេសណាមួយនៅប្រទេសបារាំងទេ។
កែវពេជ្ជតា បាននិយាយបន្តទៀតថា “កាលពីមុនគេនាំគ្នាបង្អាប់ខ្ញុំជាមួយលោក ស៊ុក សុភា ហើយទោះបីខ្ញុំប្រាប់យ៉ាងម៉េចក៏មិនជឿដែរ។ ពេលនេះរឿងប្តីគេឯណាទៀតហើយ”។ សុទ្ធតែការប្រឌិតឡើងទាំងអស់”។
ចំពោះអ្នកស្រីផ្ទាល់ បានអហោសិកម្មឲ្យ ហើយទុកឲ្យអ្នកនោះទទួលយកអ្វីដែលគេបានធ្វើទៅចុះ ហើយសម្រាប់ព័ត៌មានដែលចុះផ្សាយកន្លងមក គាត់មិនបានប្រកាន់ទោសអ្វីទេ ប៉ុន្តែប្រសិនបើអ្នកនោះនៅតែមិនយល់ហើយនៅតែគុំកួនទៀត ហើយចាប់ផ្តើមវាយប្រហារគាត់កាន់តែខ្លាំងនោះ គឺគាត់ហ៊ានប្រឈមមុខ។
បន្ទាប់ពីការបាត់បង់បងប្រុសដែលជាបង្អែកដ៏សំខាន់ក្នុងគ្រួសារ គាត់ក៏មានការឈឺចាប់សែនធំធេង។ ប៉ុន្តែគាត់នៅតែតស៊ូរស់នៅដើម្បីកូនៗ។
ក្រៅពីឆ្លងកាត់ ព័ត៌មានអាស្រូវដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជិត ៣០ឆ្នាំ នៃការប្រឡូកក្នុងអាជីពចម្រៀងនេះ អ្នកនាងម៉េង កែវពេជ្ជតាពេលនេះកំពុងប្រឹងខ្នះខ្នែងដោះស្រាយបញ្ហានៅក្នុងសង្គម គ្រួសារមួយចំនួនទៀត៕