Tuesday, October 2, 2012

ចាប់ខ្លួនមន្រ្តីយោធាស័ក្តិ៤កន្លះ ជាមេខ្លោងប្លន់រថយន្ត មិនបានសម្រេច

ភ្នំពេញ: មេខ្លោង​ចោរប្លន់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌមានជ័យ ចាប់ខ្លួនបាន​ភ្លាមៗ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ បន្ទាប់ពី​បក្ខពួក​របស់ខ្លួន​ពីរ​នាក់ ប្លន់​រថយន្ត​មួយគ្រឿង​មិនបាន​សម្រេច ហើយ​បាន​ឆ្លើយ​សារភាព ទើប​សមត្ថកិច្ច​ឈានទៅរក​ចាប់ខ្លួន​មេខ្លោង​បានតែ​ម្តង នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​


​សមត្ថកិច្ច​ ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា មេខ្លោង​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ បៅ ធុ​យ អាយុ ៥២​ឆ្នាំ រស់នៅ​ផ្ទះជួល ក្នុងភូមិ​សង្កាត់​ខាងលើ ហើយ​សមត្ថកិច្ច​អះអាងថា ជា​មន្ត្រី​យោធា​ថ្នាក់​វរសេនីយ៍ទោ (​ស័ក្តិ​៤​កន្លះ​)​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ទី​១-​ឈ្មោះ វីរ​: អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម និង​ទី​២-​ឈ្មោះ ឡុង សុ​ឆេង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​អតីត​សន្តិសុខ​ឯកជន និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​។

​រីឯ ​ជនរងគ្រោះ ឈ្មោះ នួន ស៊ុយ អាយុ ៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នករត់​តាក់ស៊ី ភ្នំពេញ​-​បាវិត បើកបរ​រថយន្ត​ម៉ាក​កាមរី (​ឆ្លាម​) ពណ៌​ស្ករ ពាក់​ស្លាក ភ្នំពេញ 2N-0319​។​

​សមត្ថកិច្ច​បន្តថា នៅវេលា​ម៉ោង ៧ យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ទោ ឡូ ភារ​ម្យ នាយប៉ុស្តិ៍ បាន​ចាប់ខ្លួន​ក្រុមចោរប្លន់​រថយន្ត​ពីរ​នាក់​ភ្លាមៗ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​មិនបាន​សម្រេច នៅ​ចំណុច​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ជនរងគ្រោះ​ត្រូវបាន​ក្រុមចោរប្លន់ ចាប់​ដាក់​ខ្នោះ​ជាប់ដៃ​ម្ខាង តែ​ត្រូវ​ជនរងគ្រោះ​រើបម្រះ ភ្លាមៗ​នោះ ជនល្មើស​ឈ្មោះ ឡុង សុ​ឆេង បាន​ដក​កាំភ្លើង​មួយ​ដើម ម៉ាក​កា​៥៩ គ្រាប់​ពេញ បាញ់​សំដៅលើ​ជនរងគ្រោះ​។ ប៉ុន្តែ​សំណាងល្អ គ្រាប់កាំភ្លើង​មិន​ផ្ទុះ ឆ្លៀត​ពេលដែល​ក្រុម​ជនល្មើស​រវល់​តែ​មើល​កាំភ្លើង​នោះ ជនរងគ្រោះ​បាន​ស្ទុះ​បើកទ្វារ​រត់ចេញ និង​ស្រែក​ឆោឡោ​ផ្អើល​ដល់​ពលរដ្ឋ រួច​បាន​រត់​ទៅប្រាប់​ស​ម​ត្ថ​កិច្ច​ភ្លាមៗ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន បាន​ជួយ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​តែម្តង​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​នាក់ ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ K​

Comments system

Disqus Shortname