ភ្នំពេញ:
អ្នកចម្រៀងសម័យ កញ្ញា សុគន្ធ នីសា
ដែលកំពុងស្ថិតនៅប្រទេសកូរ៉េ
បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម
សីហនុ។ រូបភាពរបស់កញ្ញា សុគន្ធ នីសា
ចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណា
សម្តេចព្រះវររាជបិតាជាតិខ្មែរ ត្រូវបានបង្ហោះ ក្នុង Facebook
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២។
ក្នុង Facebook
របស់កញ្ញា សុគន្ធ នីសា បានបង្ហោះនូវរូបថត ៣ សន្លឹក
នៃការគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ
អមដោយសំណេរថា "បើទោះនាងខ្ញុំ មិននៅកម្ពុជា
តែនៅតែសូមគោរពព្រះវិញ្ញាណក្ខ័ណ្ឌព្រះមហាវីរៈក្សត្រ
ពីសាធារណរដ្ឋកូរ៉េ"។
សូមរម្លឹកថា សម្តេចឪ ព្រះករុណា
សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៩០
ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយទិវង្គតរបស់សម្តេចឪ នៅកម្ពុជា
បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង
ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសរាចរណែនាំ
ដោយប្រកាសឲ្យមានការកាន់ទុក្ខសម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ
គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១២។
រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជា
ទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម
សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ
នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា
តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ទូរទស្សន៍ក្នុងស្រុក
នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការដង្ហែព្រះបរមសពរបស់សម្តេចឪ
នរោត្តម សីហនុ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង
៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា
ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨
ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច
ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម
សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន
ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣
ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ
ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ
រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ
នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ
ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា
ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣
ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា
លើកទី២ នាឆ្នាំ១៩៩៣៕(CEN)