ភ្នំពេញ:
គណៈកម្មាធិការជាតិរៀបចំការឆ្នោត (គ.ជ.ប)
បានធ្វើសន្និសីទកាសែតបង្ហាញពីលទ្ធផលបណ្តោះអាសន្ន
នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ កាលពីថ្ងៃទី ២៥
ខែតុលាឆ្នាំ២០១២។ នោះគឺដំណើរការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១២នេះ បានប្រព្រឹត្តទៅរលូន
គ្មានអំពើហិង្សា និងគ្មានការបង្ខិតបង្ខំទេ។
គ.ជ.ប. បានប្រកាសថា
មានប្រជាពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតថ្មីបន្ថែម នៅឆ្នាំ២០១២
មានចំនួន ៩១៦.៧៥៧ នាក់ និងកែតម្រូវឈ្មោះ មានចំនួន ៨៨.៦០៤នាក់
និងបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤២៨.២៧៧ នាក់
ក្នុងចំណោម ១៦៣៣ ឃុំសង្កាត់ ២៤ រាជធានី-ខេត្ត ទូទាំងប្រទេស។
នៅក្នុងសន្និសីទនោះ មន្ត្រីគ.ជ.ប. បានបង្ហាញថា គិតមកត្រឹមថ្ងៃទី២៤
ខែតុលា ឆ្នាំ២០១២ គ.ជ.ប បានទទួលបណ្តឹងចំនួន ១៨បណ្តឹង
ដែលត្រូវបានប្តឹង ដោយតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ
ទាក់ទងទៅនឹងការចុះឈ្មោះ ចំពោះប្រជាពលរដ្ឋ
ដែលគ្មានទីលំនៅពិតប្រាកដក្នុងឃុំ និងការលុបឈ្មោះ
ព្រមទាំងការរក្សាទុកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដែលបណ្តឹងទាំងនេះ
ស្ថិតក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
និងដំណាក់កាលបិទផ្សាយបញ្ជីបោះ ឆ្នោតដំបូង។
នៅក្នុងចំណោម
បណ្តឹងទាំងនោះ មានបណ្តឹងចំនួន ១៦
ត្រូវបានប្តឹងទៅក្រុមប្រឹក្សាឃុំសង្កាត់។ ក្នុងនោះ នៅរាជធានីភ្នំពេញ
មាន ៩ បណ្តឹង និងនៅខេត្តកណ្តាល មានចំនួន ៧ បណ្តឹង។
បណ្តឹងនៅរាជធានីភ្នំពេញ មានចំនួន ២ បណ្តឹង
ត្រូវបានក្រុមប្រឹក្សាសង្កាត់ យល់ព្រមតាមដើមបណ្តឹង ហើយ
៧បណ្តឹងទៀត ក្រុមប្រឹក្សាសង្កាត់កំពុងធ្វើការដោះស្រាយ។
សូមបញ្ជាក់ថា បណ្តឹងទាំង ១៨ បណ្តឹងនោះ
គឺត្រូវបានប្តឹងដោយគណបក្សប្រឆាំង សម រង្ស៊ី មានចំនួន ៤បណ្តឹង
គណបក្សប្រជាជនកម្ពុជា ចំនួន ២បណ្តឹង គណបក្សសិទ្ធិមនុស្សចំនួន ២បណ្តឹង
និងប្តឹងដោយប្រជាពលរដ្ឋ មានចំនួន ១០បណ្តឹង។
លោក អ៊ុក
គឹមហាន ប្រធាននាយកដ្ឋានសរុប នៅខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា
បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ថា ការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១២នេះ បានប្រព្រឹត្តទៅរលូន
ថ្វីត្បិតនៅកន្លែងខ្លះ វាមានភ្លៀង និងទឹកជំនន់ ក៏ដោយ
គឺពុំមានអ្វីជាឧបសគ្គ រាំងស្ទះធ្ងន់ធ្ងរ ដល់ការពិនិត្យបញ្ជីឈ្មោះ
និងចុំឈ្មោះបោះឆ្នោតទេ។
លោក អ៊ុក គឹមហាន
បានមានប្រសាសន៍បន្តថា នៅក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតនេះ មិនមានអំពើហិង្សា ឬក៏ប្រើប្រាស់កំលាំងអ្វី
ទៅគាបសង្កត់ ឬបង្ខំឲ្យប្រជាពលរដ្ឋធ្វើនេះធ្វើនោះទេ។
ពោលគឺគ្រប់ភាគីទាំងអស់ បានគោរពទៅតាមច្បាប់ នៃវិធានការបោះឆ្នោតទាំងអស់។
សូមបន្ថែមថា
គ.ជ.ប. ក៏បានប្រកាសថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២
មានតំណាងគណបក្សនយោបាយ សរុបចំនួន ៤.៦៦៧ នាក់
និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សរុបចំនួន ១.៦៣៤ នាក់
បានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ឆ្នាំ២០១២។
គ.ជ.ប. បានប្រកាសថា
កាលបរិច្ឆេទទទួលពាក្យសុំចុះឈ្មោះតំណាងគណបក្សនយោបាយ
គឺចាប់ពីថ្ងៃទី២៣ ខែសីហា រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។
ចំណែកកាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា
ឆ្នាំ២០១៣ និងកាលបរិច្ឆេទនៃការដាក់ពាក្យ
សុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១៦ ខែសីហា
ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣៕