Tuesday, October 30, 2012

បរិស័ទ​ទាមទារ​បណ្តេញ​ចៅ​អធិការ​និង​សង្ឃ​ទំនើង​បង្ក​អធិករណ៍​ក្នុង​វត្ត​គោក​ខ្សាច់

121029_1
(រូប ​ស្ដាំ) ស្នាម​របួស​ខាង​ក្រោយ និង (រូបឆ្វេង) ព្រះ​សង្ឃ​រង​គ្រោះ ព្រះ​តេជ​គុណ ជាង វណ្ណ​រ៉ា ដែល​ត្រូវ​បាន​សង្ឃ​ទំនើង​វាយ ហើយ​ត្រូវ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​នាំ​ទៅ​មន្ទីរ​ពេទ្យ​។ រូប​ សហ​ការី
ភ្នំពេញៈ ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​គោក​ខ្សាច់ ចំនួន​៩​ភូមិ ប្រមាណ​ជា​១ពាន់​នាក់ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា និង​អាជ្ញាធរ​មូលដ្ឋាន បណ្តេញ​លោក​ចៅអធិការ​វត្ត​គោក​ខ្សាច់ និង​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស​ព្រះសង្ឃ​ទំនើង​ជា​ប្អូន​លោក​ចៅអធិការ​ អង្គ​នេះ​ផង បន្ទាប់​ពី​ផ្ទុះ​នូវ​អធិករណ៍​រវាង​ព្រះសង្ឃ​និង​ព្រះសង្ឃ​ដេញ​វាយ​តប់​គ្នា ​ពេញ​វត្ត បង្ក​របួស​ស្នាម​ដល់​លោក​គ្រូសូត្រ​ឆ្វេង ក្រោយ​ពី​ចប់​បុណ្យ​ភ្ជុំ​បាន​ប៉ុន្មាន​ថ្ងៃ។
គ្រូសូត្រ​ស្តាំ​វត្ត​ គោក​ខ្សាច់ ព្រះ​តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹងថា អ្នក​ភូមិ​ប្រហែល​១ពាន់​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ចំនួន​៩​ភូមិ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ចុះឈ្មោះ​ផ្តិត​មេ​ដៃ​លើ​ញត្តិ​មួយ​ដាក់​ស្នើ​ទៅ​ក្រសួង​ធម្មការ​និង​ សាសនា និង​អាជ្ញា​ធម៌​សុំ​ឲ្យ​បណ្តេញ​លោក​ចៅ​អធិការ​វត្ត​គោក​ខ្សាច់ ព្រះនាម ជឹង អេងស៊ ព្រះជន្ម ២៩ វស្សា ចេញ​ពី​វត្ត ព្រម​ទាំង​សុំ​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស​ព្រះសង្ឃ​នាម ជឹង អេងធិ ព្រះជន្ម​២៦​វស្សា ដែល​ត្រូវ​ជា​ប្អូន​បង្កើត​ចៅ​អធិការ ដោយ​បាន​ចោទ​ព្រះសង្ឃ​ទាំង​ពីរ​នេះ ថា បាន​ប្រព្រឹត្ត​ប្រាស​ចាក​វិន័យ​ជា​សង្ឃ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង ជំនឿ​របស់​ពុទ្ធបរិស័ទ។
ព្រះ ​តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ថា៖ «តាម​វិន័យ​ព្រះ​សមា្មសម្ពុទ្ធ ទង្វើ​និង​សកម្មភាព​របស់​សង្ឃ​ទាំង​ពីរ​អង្គ​នេះ គឺ​ប្រាសចាក ដាច់​ភាវៈ​ជា​ព្រះសង្ឃ​ហើយ។ ដូច្នេះ តាម​សំណូមពរ​ពុទ្ធបរិស័ទ គឺ​សុំ​ឲ្យ​ផ្សឹក និង​បណ្តេញ​ចៅអធិការ​អង្គ​នេះ​ពី​វត្ត និង​សុំ​ឲ្យ​ផ្សឹក​និង​ផ្តន្ទាទោស​សង្ឃ​ទំនើង ដែល​ត្រូវ​ជា​ប្អូន​របស់​ចៅអធិការ»។
លោក​គ្រូសូត្រ​ស្តាំ​បញ្ជាក់​ពី​ មូល​ហេតុ​ថា កាលពី​ថ្ងៃទី​១៧  តុលា កន្លង​ទៅ​នេះ​មាន​អំពើ​ហិង្សា​ឃោរឃៅ​មួយ​កើត​ឡើង​ក្នុង​វត្ត បង្ក​ដោយ សង្ឃ​នាម ជឹង អេងធិ ទៅ​លើ​លោក​គ្រូសូត្រ​ឆ្វេង នាម ជាង វណ្ណរ៉ា ព្រះជន្ម​៣១​វស្សា​ធ្វើ​ឲ្យ​បែក​ព្រះ​កេសរ​បួស​ធ្ងន់ធ្ងរ រហូត​ប្រេះ​លលាដ៍​ផង។
ព្រះអង្គ​បន្ត​ថា មុន​កើត​ហេតុ​សង្ឃ​នេនៗ​បាន​ឡើង​ទី​ឆាន់​លើ​កុដិ​រួម​គ្នា។ ពេល​ឆាន់​រួច​គ្រូសូត្រ​ឆ្វេង​សួរ​ថា «ឆាន់​រួច​ហើយ​ឬ​នៅ?» នេនៗ​ឆ្លើយ​ថា៖ «ឆាន់​រួច​ហើយ!» គ្រូសូត្រ​ឆ្វេង​ក៏​តប​ថា«បើ​ឆាន់​ហើយ ចុះទៅ!» ពេល​នោះ​កូន​នេន​មួយ​អង្គ​តប​ថា ៖ «មិន​ហ៊ាន​ចុះ​ទេ ! ចុះ​ខ្លាច​បែក​ក្បាល»។ លោក​គ្រូសូត្រ​ឆ្វេង ជាង វណ្ណរ៉ា បន្ត​ថា៖ «ខា្លច​អីចុះ​ទៅ»។ តែ​សង្ឃ​នាម ជឹង អេងធិ​ជា​ប្អូន​ចៅ​អធិការ​គំហក​ថា ៖ «បើ​នរណា​ហ៊ាន​ចុះ​បែក​ក្បាល!»។ លោក​គ្រូសូត្រ​ឆ្វេង​មិន​តប ងើប​ដើរ​ចុះ​មក ក៏​ត្រូវ​សង្ឃ​ទំនើង​អង្គ​នេះ គប់​នឹង​កំប៉ុង​ទឹក​ក្រូច​កូកាកូឡា​នៅ​ទឹក​ពេញ ចំ​សៀតផ្កា​រង​របួស​ជា​ទម្ងន់។ ភ្លាម​នោះ​សង្ឃ ជឹង អេងធិ ក៏​យក​បាត្រ​មាន​បាយ​ពេញ​វាយ​ទៅ​លើ​ព្រះ​កេស​គ្រូសូត្រ​រងរបួស​ថែម​ទៀត​និង​ ស្ទុះ​មក​បោក ព្រះ​តេជគុណ ជាង វណ្ណរ៉ា ផ្ងារ​ក្រោយ បោក​ទៅ​នឹង​ឥដ្ឋការ៉ូ បែក​ព្រះ​កេស​ហូរ​ឈាម​កក្លាក់។ មិន​អស់​ចិត្ត​សង្ឃ​ទំនើង​អង្គ​នេះ ក៏​ទាញ​បាន​ប៉ែល ដេញ​តាម​កាប់​លោក​ពេញ​វត្ត​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ សង្ឃ ជឹង អេងធិ បាន​គំរាម​វាយ​ទាំង​ព្រះអង្គ​ផង។  លោក​គ្រូសូត្រឆ្វេង វណ្ណរ៉ា ត្រូវ​ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ភ្លាមៗ​នោះ។
លោក​ គ្រូសូត្រ​ស្តាំ​បាន​បញ្ជាក់​ថា ពេល​ហេតុការណ៍​កើត​ឡើង លោក​ចៅអធិការ​វត្ត ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ពុំ​បាន​ឃាត់​ទេ ប៉ុន្តែ បែរ​ជា​ពន្យុះ​ឲ្យ​សង្ឃ​ចាប់​ដៃ​គូ​វាយ​គ្នា​ឲ្យ​ដឹង​ឈ្នះ​ចាញ់​ម្តង​ទៅ​មើល មិន​គិត​បង្រួប​បង្រួម​ភាគី​ទាំង​ពីរ​បញ្ចប់​អធិករណ៍​ឡើយ រួច​ហើយ​លោក​ចៅអធិការ​វត្ត បាន​យក​រថយន្ត​ទំនើប​លិចស៊ីស ៤៧០ របស់​លោក ដឹក​សង្ឃ​ទំនើង​ជា​ប្អូន​គេច​ចេញ​ពី​វត្ត​ភ្លាម​ៗ និង​ពុំ​បាន​ធ្វើ​ការ​ដោះស្រាយ​អ្វី​ទាំងអស់។
តេជគុណ ថោង សំណាង មាន​ថេរ​ដីកា​ថា សង្ឃ​ដៃដល់ ជឹង អេងធិ នេះ​មិនមែន​ជា​សង្ឃ​គង់​នៅ​វត្ត​គោក​ខ្សាច់​នេះ​ទេ គឺ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សារ៉ាវ័ន​តេ​ជោ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​បិណ្ឌ១ រហូត​មក​ដល់​ថ្ងៃ​បញ្ចប់ បុណ្យ​ភ្ជំបិណ្ឌ  លោក​បាន​និមន្ត​មក​គង់​នៅ​ក្នុង​វត្ត​នេះ​រហូត ហើយ​មក​កាង​និង​ទទួល​លាភសក្ការៈ ជាមួយ​បង​ជា​ចៅអធិការ។
លោក​តា អាចារ្យ ស្វាយ ណែម អាយុ​៧៧​ឆ្នាំ ជា​គណៈកម្មការ​វត្ត​គោក​ខ្សាច់​ផង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ ចាប់​ពី​ចៅអធិការ​មក​គ្រប់គ្រង​វត្ត​គោក​ខ្សាច់ តេជគុណ ជឹង អេងស៊ បាន​បង្កើត​អំពើ​ពុករលួយ បក្ខ​ពួក​និយម ការ​រើសអើង​រវាង​អាចារ្យ និង​អាចារ្យ និង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ទាំង​មូល។ មិន​តែ​ប៉ុណ្ណោះ បច្ច័យ លុយ​កាក់​ទាំង​អស់ ដែល​ទទួល​បាន​ពី​ពុទ្ធបរិស័ទ ឬ សប្បុរសជន នៅ​ក្នុង​ពិធី​បុណ្យទាន​នៅ​ក្នុង​វត្ត​និង​ការ​ចំណាយ​ផ្សេងៗ លោក​ចៅ​អធិការ​វត្ត មិន​ដែល​ឲ្យ​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ​ក្នុង​វត្ត បាន​ដឹង​ឡើយ។ តេជគុណ​អង្គ​នេះ ឃុបឃិត​គ្នា តែ​ជាមួយ​អាចារ្យ ធំ​នាម សាយ សូរ ម្នាក់​តែ​ប៉ុណ្ណោះ។
លោក ​តា ស្វាយ ណែម និយាយ​ដែរ​ថា៖ «ទង្វើ​របស់​ចៅ​អធិការ​អង្គ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​ពុទ្ធបរិស័ទ និង ប្រជាជន​នៅ​ក្នុង​ភូមិ និង​សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​ការ​ធ្វើ​បុណ្យទាន និង​ខូច​ដល់​ព្រះពុទ្ធសាសនា នៅ​ក្នុង​ប្រទេស​កម្ពុជា»។
លោក នូ សុភ័ណ អាយុ៤៦ ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្សាច់ ជា​តំណាង​អ្នក​តវ៉ា​ក្នុង​ញត្តិ​ម្នាក់​ដែរ​និយាយ​ថា ចាប់​តាំង​ពី​កើត​ហេតុ​នៅ​ថ្ងៃទី​១៧ ខែ​តុលា មក​ទល់​ពេល​នេះ   លោក​ចៅអធិការ​វត្ត​គោក​ខ្សាច់​ជាប់​រឿង​អាស្រូវ​នេះ ក៏​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់​ទុក្ខ​ដល់​ព្រះ​បរមសព សម្តេច​ព្រះ​វររាជបិតា​ឯករាជ្យ​ជាតិ​ទេ។ ទង្វើ​របស់​ចៅ​អធិការ​អង្គ​នេះ​ធ្វើ​ឲ្យ​បរិស័ទ​ចំណុះ​ជើង​វត្ត​មិន​ពេញ​ ចិត្ត និង​ខកចិត្ត​យ៉ាង​ខ្លាំង។
លោក នូ សុភ័ណ និយាយ​ថា ៖ «នេះ គឺជា​ការ​ប្រមាថ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ ព្រះមហាវីរក្សត្រ ដែល​យើង​ជា​ពុទ្ធបរិស័ទ​មិន​អាច​ទទួល​យក​បាន​ឡើយ»។ «ជា​សំណូមពរ​របស់​ពុទ្ធបរិស័ទ គឺ​សុំ​ឲ្យ​បណ្តេញ​ចៅអធិការ​នាម ជឹង អេងស៊ នេះ​ចេញពី​វត្ត និង​សុំ​ឲ្យ​ចាប់​ផ្សឹក​និង​ផ្តន្ទាទោស សង្ឃ​នាម ជឹង អេងធិ តាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​ខូច​និង​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា»។
ព្រះ ​តេជគុណ​ជាង វណ្ណរ៉ា គ្រូសូត្រ​ឆ្វេង​ដែល​រងរបួស​មាន​ថេរ​ដីកា​ថា សង្ឃ​ល្មើស​និង​ចៅអធិការ​វត្ត​ជា​បង មិន​បាន​ចេញ​ថ្លៃ​ព្យាបាល​ព្រះអង្គ​ទេ។ ការ​ចំណាយ​ទាំង​អស់លោក​ត្រូវ​រ៉ាប់រង​ដោយ​បច្ច័យ​ផ្ទាល់​ព្រះអង្គ​អស់​យ៉ាង​ ច្រើន។ ព្រះ​តេជគុណ បាន​ទាមទារ​ជំងឺ​ចិត្ត​ចំនួន​បី​ពាន់​ដុល្លារ និង​សំណូមពរ​ដូច​ប្រជា​ពុទ្ធបរិស័ទ​ដែរ។
លោក អេ ស្រ៊ុន មេ​ប៉ុស្តិ៍នគរបាល​សង្កាត់​ភ្លើង​ឆេះ​រទេះ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ សង្ឃ​នាម ជឹង អេងធិ ត្រូវ​សាលាដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ«បង្ក​របួស​ស្នាម​ដោយ​ចេតនា» រួច​ហើយ គឺ​រង់ចាំ​តែ​ការ​នាំ​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគា រង់ ចាំ​ការ​កាត់​ទោស​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។  លោក​ថា មូល​ហេតុ​ដែល​សមត្ថកិច្ច​ប៉ូលិស មិន​ទាន់​ចាត់​ការ​ទៅ​លើ​ព្រះសង្ឃ​ល្មើស​អង្គ​នេះ គឺ​នៅ​រង់ចាំ​ខាង​អនុគណ​ខណ្ឌ​និង មន្ទីរ​ធម្មការ​រាជធានី​ប្រជុំ​ដោះស្រាយ​និង​ផ្សឹក​ជាមុន។ លោក​បន្ត​ថា ព្រះ​អនុគណ​ខណ្ឌ និង​មន្ទីរ​ធម្មការ​រាជធានី​នឹង​ជួប​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​នៅ​ថ្ងៃ​ ចន្ទ។
ព្រះ​ញាណវង្ស ឃឹម សន មេគណ​រាជធានី​ភ្នំពេញ​មាន​ថេរ​ដីកា​ពី​ថ្ងៃ​ម្សិលមិញ​ថា ព្រះអង្គ​បាន​ទទួល​ព័ត៌មាន​អំពី​អធិករណ៍​នៅ​វត្ត​គោក​ខ្សាច់​នេះដែរ ហើយ​ថា ឥឡូវ​នេះ​មេគណ​រាជធានី​និង​អនុគណ​ខណ្ឌ​ពោធិ៍សែន​ជ័យ កំពុង​ស្រាវជ្រាវ​មូល​ហេតុ​ដែល​ព្រះសង្ឃ ជឹង អេងធិ បាន​ប្រព្រឹត្ត។ ព្រះ​តេជគុណ​បន្ត​សង្ឃ​ដីកា​ថា៖«តាម​វិន័យ​ព្រះសង្ឃ បើ​សង្ឃ​ជាប់​សង្ស័យ ពិត​ជា​មាន​ចេតនា​និង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង និង​មាន​ការ​ចោទ​ប្រកាន់​ពី​តុលាការ អនុគណ​នឹង​ផ្សឹក​ភ្លាម ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់។ លោក​អាច​បួស​វិញ​បាន បន្ទាប់ពី​បញ្ចប់​រឿង​រ៉ាវ​ទៅ​តាម​ផ្លូវ​តុលាការ»។
លោក ជ័យ សារិន អាយុ​៦៩​ឆ្នាំ អតីត​គ្រូ​បង្រៀន​ផ្នែក​សុភាវធម៌ នៃ​វិទ្យាល័យ​ចតុមុខ​លើក​ឡើង​ថា៖ «ជម្លោះ​ភាគ​ច្រើន ដែល​កើត​មាន​នៅ​តាម​វត្ត​អារាម​នានា គឺ​បណ្តាល​មក​ពី​អំពើ​ពុករលួយ​និង​បក្ខ​ពួក​និយម​រវាង​អាចារ្យ ព្រះសង្ឃ និង​ចៅអធិការ​វត្ត ទាក់ទង​នឹង​ការ​ចាត់ចែង គ្រប់គ្រង​បច្ច័យ លុយ​កាក់​នៅ​ក្នុង​វត្ត។ លោក​បន្ត​ថា ៖ «ការ​ទាស់ទែង ខ្វែងគំនិត​គ្នា ឬ ការ​ដែល​ព្រះសង្ឃ​ប្រើ​អំពើ​ហិង្សា វាយ​តប់​គ្នា នៅ​ក្នុង​វត្ត​បែប​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ព្រះពុទ្ធ​សាសនា កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​វត្ត និង​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បាត់បង់​ជំនឿ និង​ការ​គោរព​ប្រណិប័តន៍​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធសាសនា​ទៅ​អនាគត»។
ចៅអធិការ​វត្ត​គោក​ខ្សាច់​នាម ជឹង អេងស៊ បដិសេធ​មិន​មាន​ថេរ​ដីកា​ពន្យល់​រឿង​ហេតុ​ទេ​ពេល​សាកសួរ​ជុំវិញ​ករណី​នេះ។
ចំណែក សង្ឃ​នាម ជឹង អេងធិ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​ដែរ កាល​ពី​ម្សិលមិញ៕

Comments system

Disqus Shortname