ប្រជាពលរដ្ឋ ជួបជុំ គោរពព្រះដួងវិញ្ញាណក្ខន្ធ ថ្វាយសម្តេចព្រះ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ( រូបថត៖ facebook ) |
ក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាសូត្រធម៌ នៅខាងមុខព្រះបរមរាជវាំង ដែលជាការឧទ្ទិសកុលសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចតា សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គ បានសោយទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន កាលពីម៉ោង ១ និង ២០ នាទី យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
ព្រះសព របស់សម្តចតា នឹងត្រូវដង្ហែតាមទីនាំងយន្តហោះ ពីទីក្រុងប៉េកាំង ប្រទេសចិន តាមលក្ខណៈប្រពៃណីខ្មែរ មកកាន់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីកាន់ទុក្ខជាផ្លូវការថ្វាយសម្តេចឪរយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ តែមិនមានការប្រកាសឲ្យឈប់សម្រាកពីការងារទេ។
ប្រជាពលរដ្ឋខ្មែរនៅ ទូទាំងប្រទេស បានកាន់ទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា នៅទូទាំងប្រទេស ហើយថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗ លើពិភពលោក បានចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្ម ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើនខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ) ព្រមទាំងព្រះអង្គ ចូលរួមនឹងសម្តេច ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣៕(CEN)