ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ក្នុងពេលកន្លងមក |
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាផ្ទាល់របស់សម្តេចឪ នរោត្តម សីហនុ បានមានព្រះបន្ទូល ប្រាប់ CEN នៅព្រឹកព្រលឹមស្រ៊ាង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ថា ព្រះករុណា នរោត្តម សីហនុ បានសោយទីវង្គត់ ដោយសារគាំងបេះដូង កាលពីវេលាម៉ោង ១ និង ២៥ នាទី ម៉ោងនៅប្រទេសកម្ពុជា នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា "សម្តេចឪ បានសោយទវង្គត់ហើយ។ នេះជាការខាតបង់មួយដ៏ធំសម្រាប់ប្រទេសកម្ពុជា"។
ព្រះករុណាសម្តេចព្រះ នរោត្តម សីហមុនី នឹងយាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីទទួលសពព្រះរាជបិតារបស់ទ្រង់។
ទីភ្នាក់ងារ ស៊ីនហួរ របស់ចិន ក៏ផ្សព្វផ្សាយអំពីដំណឹងសោយទីវង្គត់របស់ព្រះបិតាជាតិកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ ផងដែរ។ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានយាងទៅសម្រាកព្យាបាលព្រះរោគ នៅក្នុងប្រទេសចិន ជាយូរមកហើយ។
ព្រះរាជជីវប្រវត្តិសង្ខេប របស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
-អំពីការសិក្សា៖
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គ បានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា ( Lycée Chasseloup Laubat ) នៅព្រៃនគរ ( វៀតណាមខាងត្បូង )។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ ( Saumur ) ប្រទេសបារាំង។
-ការគ្រងរាជ្យសម្បត្តិ លើកទី១៖
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គ ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥។
-ការគ្រងរាជ្យសម្បត្តិលើកទី២៖
ព្រះអង្គទ្រង់ បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានថ្វាយព្រះបរមនាមថា ព្រះមហាវីរក្សត្រ។
-ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង៖
ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យ ក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍ បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ឆ្នាំ ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រ កម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ -ព្រះបិតាឯករាជ្យជាតិ"៕