ភ្នំពេញ:
កម្មវិធីនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ
ព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត
សម្តេចតាលួត ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការ
បានបន្តធ្វើក្នុងប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
តាមកម្មវិធី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ មាន ២៦ ស្ថាប័នក្រសួង
របស់រាជរដ្ឋាភិបាល។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ មាន ៨ គណៈប្រតិភូ
ដែលក្នុងនោះ មានគណៈប្រតិភូពីបរទេស ៣ ប្រទេស ( សិង្ហបុរី ហ្វីលីពីន
និងឥណ្ឌូណេស៊ី ) និងមកពីគណបក្សនយោបាយ។ នៅថ្ងៃទី២២ ខែតុលា
ឆ្នាំ២០១២ មានគណៈប្រតិភូតំណាងស្ថានឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត
ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ និងគណៈប្រតិភូបរទេស ចំនួន ២
ប្រទេស។ ដោយឡែក កម្មវិធីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
គឺប្រតិភូរាជធានី-ខេត្ត ទាំង ២៤ និងពីអង្គភាព។ កម្មវិធីទាំងនេះ
ត្រូវបានផ្សព្វផ្សាយដោយលោក គឹម គុណវឌ្ឍន៍
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក.។
សូមរម្លឹកថា
រហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ដែលជាថ្ងៃទី៤
នៃការកាន់ព្រះរាជមរណទុក្ខ ជាផ្លូវការរយៈពេល ៧ ថ្ងៃ ចំពោះព្រះបរមសព
សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅឯមុខព្រះបរមរាជវាំង
ក៏មានមហាជន មកពីគ្រប់ទិសទី ទាំងក្មេង និងទាំងចាស់
បានបន្តគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះមហាក្សត្រវីរក្សត្រ
លាយឡំនឹងសំឡេងសូត្រធម៌ និងការយំទួញសោក លាន់ឮកងរំពង។
ទិដ្ឋភាពអុជធូប ថ្វាយព្រះ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ
ត្រូវបានមហាជន ប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង
ចាប់តាំងពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅពេលព្រះករុណា
បានយាងចូលព្រះទិវង្គត កាលពីយប់ថ្ងៃទី១៥តុលា ឆ្នាំ២០១២
នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ
ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។
សូមរម្លឹកថា
កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡាវ
និងលោកស្រីនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរជាបន្តបន្ទាប់
ដាច់ដោយឡែកពីគ្នាមកកាន់រាជធានីភ្នំពេញ
និងបានចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ
សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង។
ក្រៅពីពិធី
គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន
តាន់យុង លោកនាយករដ្ឋមន្ត្រីឡាវ ថងស៊ីង ថាំម៉ាវង្ស
និងលោកស្រីនាយករដ្ឋមន្ត្រីថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត
បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់
ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព
ក្នុងរាជធានីភ្នំពេញ។
នាយករដ្ឋមន្ត្រីជាប់ព្រំដែនប្រទេស
កម្ពុជា ទាំងបី បានលើកឡើងផ្ទាល់មាត់ ជម្រាបជូនសម្តេច ហ៊ុន សែន
ពីការចូលរួមរំលែកព្រះរាជមរណទុក្ខ ចំពោះកម្ពុជា
ដែលបានបាត់បង់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម
សីហនុ នាពេលនេះ។
ក្រសួងការបរទេស ក៏បានប្រកាសថា
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១១ ព្រឹក លោក លី សៀនលុង (
Lee Hsien Loong ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សិង្ហបុរី និងលោកជំទាវ
នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា
ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីក្សត្រ ព្រះវររាជបិតា ឯករាជ្យ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
នៅ
ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ក្រសួងការបរទេស ក៏បានប្រកាសថា លោក
ហ្វេលីស៊ីអាណូ រ. ប៊ែលម៉ុនតេ ( Felliciano R. Belmonte JR. )
ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន និងជាបេសកជនពិសេសរបស់លោក
ប៊ែនិកណូ ស. អាគីណូ ទី៣ ( Benigno S. Aquino III ) ប្រធានាធិបតី
នៃសាធារណរដ្ឋហ្វីលីពីន
នឹងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
ដោយឡែកនៅថ្ងៃទី២២
ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៥ រសៀល លោកបណ្ឌិត រ.ម. ម៉ាទី ម.
ណាតាឡេហ្គាវ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស
នៃសាធារណរដ្ឋឥណ្ឌូណេស៊ី
នឹងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ
នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង៕ S(CEN)