Tuesday, October 2, 2012

ប្រពន្ធលោក ម៉ម សូណង់ដូ នឹងដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ បន្តទៀត

www.dap-
news.com
ភ្នំពេញ៖ អ្នកស្រី ឌិន ផាណារ៉ា ដែលត្រូវជាប្រពន្ធលោក ម៉ម សូណង់ដូ នឹងដាក់ពាក្យបណ្តឹង ទៅកាន់សាលាឧទ្ធរណ៍ទៀត ដើម្បីជំទាស់ទៅនឹងសាលក្រមដែល ចេញដោយសាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រី ឌិន ផាណារ៉ា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ថា អ្នកស្រីកំពុងតែរៀបចំ សំណុំបែបបទសាជាថ្មី ដើម្បី សុំមេធាវីដាក់ពាក្យប្តឹង ទៅកាន់សាលាឧទ្ធរណ៍បន្តទៀត ហើយអ្នកស្រីនឹងដាក់ពាក្យបណ្តឹងនេះ ក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះហើយ “ព្រោះមេធាវីបាន បញ្ចប់អស់ហើយ យើងត្រូវដាក់ពាក្យសុំជាថ្មី ហើយខ្ញុំនឹងដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ធរណ៍ទៀត”។
អ្នកស្រីបន្តថា ចំពោះមេធាវីវិញ គឺលោក សុក សំអឿន ដដែល ដោយមិនមានការផ្លាស់ប្តូរអ្នកថ្មីនោះទេ។ កាលពីថ្ងៃទី១ ខែតុលា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី ចាំង ស៊ីណាត បានសម្រេច ផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពីបទផ្តើមគំនិតញុះញង់ប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរសាធារណៈ និងផ្តើមគំនិតឲ្យប្រជាពលរដ្ឋ ធ្វើកុបកម្មប្រឆាំងអ្នករាជការសាធារ ណៈ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
លោកស្រី ចាំង ស៊ីណាត ក៏បានផ្តន្ទាទោសដោយកំបាំងមុខ ចំពោះជនជាប់ចោទ ប៊ុន រដ្ឋា ដោយសម្រេចដាក់ ពន្ធនាគារ៣០ឆ្នាំ ពិន័យប្រាក់ ១០លានរៀល, ជនជាប់ ចោទ សុក តុប សម្រេចដាក់ពន្ធនាគារ ១៥ឆ្នាំ និងជនជាប់ចោទ ប៊ុន ឈន ក៏ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យប្រាក់៨លានរៀលផងដែរ។
លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួននៅពេល៣ថ្ងៃ ក្រោយពីរូបលោកត្រឡប់ ពីក្រៅប្រទេសមកកម្ពុជាវិញ ដែលការចាប់ខ្លួននេះ ត្រូវបានសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើសធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ។ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញ មុខងារសាធារ ណៈរបស់អាជ្ញាធរ។ ទី៣- ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤- ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បានសុំផ្ទេរសំណុំរឿងនេះមក សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ៕

Comments system

Disqus Shortname