Thursday, October 25, 2012

អេដា សុំ​ទោស​ការ​ប្រើ​ពាក្យ​មិន​គប្បី​ចំពោះ​អ្នក​កាន់​ទុក្ខ​សម្តេចឪ


121005_28a
តារា​ចម្រៀង​នាង អេដា ពាក់​អាវ​កាន់​ទុក្ខ​ចំពោះ​ការ​យាង​ចូល​ទិវង្គតរបស់​សម្តេច​តា​។ រូប​ថត សហ​ការី

ភ្នំពេញៈ ខណៈ​ដែល​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​កំពុង​ស្រណោះ​ ស្រណោក​សោយ​សោក កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ព្រះ​មហាវីរក្សត្រ​ដែល​ជា​និមិត្ត​រូប គឺ​ព្រះ​បាទ​នរោត្តម សីហនុ នោះ បែរ​ជា​តារា​ចម្រៀង​ហ៊ីប​ហប​ដែល​មាន​សំណល់​អរិយធម៌​បរទេស​ក្នុង​ខ្លួន​នាង ចរិយា ហៅ អេដា បាន​សម្តែង​អារម្មណ៍​ធុញ​ទ្រាន់ និង​ជ្រេញ​ចំពោះ​ទង្វើ​របស់​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​បាន​កោរ​សក់ ទួញ​យំ​ស្រែក និង​ពាក់​អាវ​រូប​សម្តេច​តា​ជាដើម។
ការ​សម្តែង​អារម្មណ៍ ​ មិន​ពេញ​ចិត្ត និង​ជ្រេញ​ចំពោះ​ទង្វើ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​បែប​នេះ ត្រូវ​បាន​គេ​ដឹង និង​មើល​ឃើញ​នៅ​ពេល​នាង​សរសេរ​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​របស់​នាង ក្នុង​អត្ថ​បទ​មួយ​វែង​គួរ​សម​។ ទង្វើ​តារា​ចម្រៀង​រូប​នេះ​មិន​ត្រូវ​បាន​ពល​រដ្ឋ​កម្ពុជា​ដែល​ប្រើ​ ប្រព័ន្ធ​ហ្វេស​ប៊ុក​ស្វាគមន៍​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​ជេរ​ប្រទេច ដោយ​បាន​ចាត់​ទុក​អេដា និង​ស្វាមី​មិន​មែន​ជា​កូន​ខ្មែរ​ឡើយ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ទាម​ទារ​ឲ្យ​ពួក​គេ​ទាំង​ពីរ​ដែល​សុទ្ធ​តែ​ជា​កូន​ មន្ត្រី​រដ្ឋាភិបាល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​នោះ​ចេញ​មក​លុត​ជង្គង់​សុំ​ខមា​ ទោស​ព្រះ​មហាវីរក្សត្រ​ជា​សាធារណៈ​ទៀត​ផង​។
ចំពោះ​ទង្វើ​នេះ អេដា ក៏​មិន​ព្រងើយ​ដែរ ពោល​គឺ​នាង​បាន​ចេញ​មុខ​សុំ​ទោស និង​ខមា​ទោស​ជា​សាធារណៈ​តែ​ម្តង​។
នៅ ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​របស់​អេដា បាន​និយាយ​ថា៖​«​ខ្ញុំ​មិន​ចង់​និយាយ​ជា​សាធារណៈ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ដូច​ជា​ជ្រេញ​ពេក នៅ​ពេល​ដែល​ឃើញ​មនុស្ស​ម្នា​បាន​បង្ហោះ​នូវ​រូប​ភាព​ផ្សេង​ៗ​ជា​ច្រើន​ដែល ព្យាយាម​បង្ហាញ​អំពី​ទឹក​ចិត្ត និង​ការ​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ រហូត​ដល់​អ្នក​ខ្លះ​សុខ​ចិត្ត​កោ​រសក់ ពាក់​អាវ​ដែល​មាន​រូប​សម្តេច​តា លុត​ជង្គង់​ហើយ​ទ្រហោ​យំ រហូត​ដល់​អ្នក​ខ្លះ​ដេក​នៅ​មុខ​ព្រះ​បរម​រាជ​វាំង...»។
នាង​បាន​បន្ត​ ថា៖​«​តើ​ពួក​គេ​ទៅ​ណា​ នៅ​ពេល​ដែល​ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម សីហនុ​ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​? ទើប​ឥឡូវ​នេះ នៅ​ពេល​ដែល​ទ្រង់​យាង​ចូល​ទិវង្គត​បាត់​ទៅ​ហើយ​បាន​អ្នក​ទាំង​នោះ​បង្ហាញ​ អំពី​ ការ​ស្រឡាញ់​ចំពោះ​ទ្រង់​តាម​រយៈ​សកម្មភាព​ខាង​លើ ហើយ​ទីបំផុត អ្វី​ទាំង​អស់​បាន​ត្រឹម​តែ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក...»។
គូ ប្តី​ប្រពន្ធ​នេះ​បាន​បន្ថែម​ថា៖​«​មែន​ហើយ អ្នក​ឯង​ពិត​ជា​ល្បី​ហើយ​ឥឡូវ​នេះ! ខ្ញុំ​ស្រឡាញ់​ស្តេច​ខ្លាំង​ណាស់ ហើយ​ទ្រង់​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ ជា​ការ​ពិត​ណាស់ ខ្ញុំ​ពាក់​សញ្ញា​កាន់​ទុក្ខ​នៅ​លើ​អាវ​ស​របស់​ខ្ញុំ​។ ប្រជា​ជន​ទាំង​អស់​គ្នា ពួក​អ្នក​ឯង​គួរ​ឲ្យ​ជ្រេញ​ពេក​ហើយ​ឥឡូវ​នេះ​»។
តែ ទោះ​បី​ជា​នាង​បាន​សម្តែង​អារម្មណ៍​ជ្រេញ​ចំពោះ​ទង្វើ​កាន់​ទុក្ខ​របស់ ពលរដ្ឋ​កម្ពុជា​បែប​នេះ​ក្តី​ក៏​ពួក​គេ​បាន​សុំ​ទោស​ចំពោះ​សម្តី​របស់​ នាង​ខ្លះ​​ដែរ​។ នាង​និយាយ​ថា៖​«សុំ​ទោស​ផង​ដែល​និយាយ​បែប​នេះ ប្រសិន​បើ​វា​មាន​ការ​រំខាន ឬ​ប្រសិន​បើ​អ្នក​ស្អប់ គ្រាន់​តែ​លុប​ខ្ញុំ​ចោល​ទៅ​។ វា​ជា​លើក​ទី១​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ឃើញ​ប្រជាជន​ខ្មែរ​ស្រឡាញ់​គ្នា​តាម​រយៈ​ការ​ចែក​រំលែក​ទឹក និង​អាហារ​ដោយ​ឥត​គិត​ថ្លៃ​នោះ​»។
គួរ​បញ្ជាក់​ថា ឆ្លង​កាត់​ទំនាក់​ទំនង​ក្នុង​នាម​ជា​គូ​ស្នេហ៍​រយៈ​ពេល​មួយ​ឆ្នាំ​អ្នក​ ចម្រៀង​រ៉េប អេដា ដែល​មាន​ឈ្មោះ​ពិត​ថា ចរិយា​អាយុ​២២​ឆ្នាំ​ក៏​បាន​សម្រេច​ចិត្ត​ចូល​រោង​ការ​ជា​ផ្លូវ​ការ​ជាមួយ​ នឹង​បុរស​កូន​អ្នក​មាន​ស្តុកស្តម្ភ​ម្នាក់​ឈ្មោះ ឥស្សារ៉ា អាយុ​២៨​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ សូហ្វីតែល​ ភ្នំពេញ​ភូគត្រា ។ ចរិយា និង ឥស្សារ៉ា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូស្វាមី​ភរិយា​ស្ថិត​ក្នុង​ត្រកូល​អ្នក​មាន​ អំណាច និង​មាន​ទ្រព្យ​ស្តុកស្តម្ភ​ទាំង​សង​ខាង​។ ចរិយា ហៅ Dj អេដា ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​កើត​នៅ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ និង​អំណាច​ដែល​មាន​ឪពុក​ជា​មន្ត្រី​ផ្កាយ​ពីរ​នៅ​ទីបញ្ជាការ​កង​ទ័ព​ជើង​ ទឹក។ រីឯ​ស្វាមី​របស់​នាង​ក៏​ស្ថិត​ក្នុង​គ្រួសារ​មិន​ខុស​ឋានៈ​គ្នា​ដែរ គឺ​លោក ឥស្សារ៉ា ​មាន​ឪពុក​ជា​សមាជិក​ព្រឹទ្ធ​សភា​។
មហាជន​ទាំង​អស់​ បាន​សម្តែង​អារម្មណ៍​ហួស​ចិត្ត និង​មិន​អាច​លើក​លែង​ទោស​បាន​ចំពោះ​​ទង្វើ​របស់​ Dj អេដា ដែល​ជា​កូន​មន្ត្រី​រាជ​រដ្ឋាភិបាល​នេះ​បាន​ឡើយ​ ខណៈ​ពលរដ្ឋ​កម្ពុជា​គ្រប់​គ្នា​កំពុង​កោត​សរសើរ​ចំពោះ​ការ​បូជា​មួយ​ ចំនួន​របស់​ពលរដ្ឋ​កម្ពុជា​ចំពោះ​ការ​កាន់​ទុក្ខ​នេះ​។
អ្នក​ស្រី ម៉ានីយ៉ា អ្នក​លេង​ហ្វេកប៊ុក​ម្នាក់​បាន​ឆ្លើយ​តប​នឹង​ការ​សរសេរ​របស់​ប្តី ប្រពន្ធ​នេះ​ថា​៖​«​សូម​មិត្តភក្តិ​ទាំង​អស់​ជួយ​មើល​សត្វ​ទាំង​ពីរ​នាក់​ នេះ​ដែល​សរសេរ​ដាក់​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់ និង​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ ប្រហែល​ជា​ពួក​គេ​មិន​មែន​កូន​ខ្មែរ​ឡើយ។ ពួក​យើង​ត្រូវ​តែ​នាំ​ពួក​គេ​ឲ្យ​ទៅ​សុំ​ខមាទោស​ជា​សាធារណៈ​ចំពោះ​ព្រះ​ ភក្ត្រ​ព្រះ​អង្គ​ផ្ទាល់​ចំពោះ​ទង្វើ​ឆ្កួត​លេលា​របស់​គេ​»។
លោក រតនា បាន​សរសេរ​តប​នឹង​ទង្វើ​អេដា ថា​៖ ​«អ្នក​ឯង​ធ្លាប់​បាត់​បង់​អ្នក​មាន​គុណ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ទេ? បើ​ធ្លាប់​ហើយ​ មិន​ចេះ​កាន់​ទុក្ខ ​មិន​ចេះ​យំ​ស្តាយ អ្នក​ឯង​ពិត​ជា​សត្វ​ចម្លែក​ដែល​មក​ពី​ឋាន​នរក​ហើយ»។
រីឯ ​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ វណ្ណា បាន​និយាយ​ថា៖​«ចាស! ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​កម្ពុជា​ទេ បើ​ពួក​គេ​ជា​ជនជាតិ​កម្ពុជា ប្រហែល​ជា​ពួក​គេ​មិន​និយាយ​សម្តី​បែប​នេះ​ចំពោះ​ព្រះមហា​វីរក្សត្រ​របស់ ​យើង​ទេ។ អ្នក​ទាំង​ពីរ​ត្រូវ​តែ​ទៅ​គោរព​សំពះ​សុំ​ខមាទោស​ព្រះ​អង្គ​។ ប្រជាជន​កម្ពុជា​ទាំង​អស់​គោរព​ស្រឡាញ់​ព្រះ​មហា​វីរក្សត្រ ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​អាច​និយាយ​ពាក្យ​ទាំង​នេះ​ទៅ​រួច​?»។
នេះ ​គ្រាន់​តែ​ជា​សម្តី​អ្នក​មិន​ពេញ​ចិត្ត​នឹង​គូ​ស្វាមី​ភរិយា​អេដា ប៉ុន្មាន​នាក់​ប៉ុណ្ណោះ តែ​នៅ​មាន​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់​ទៀត​បាន​សរសេរ​ជេរ​ប្រទេច អេដា និង​ប្តី​នាង​នៅ​លើ​ហ្វេសប៊ុក​។
ចំពោះ​ភាព​ភ្ញាក់​ផ្អើល​នេះ អេដា ហាក់​ដូច​ជា​ដឹង​ខ្លួន​ខុស ហើយ​ក៏​បាន​សូម​លំឱន​កាយ​គោរព​សុំ​ទោស​ចំពោះ​ជន​រួម​ជាតិ​ផង​ដែរ ហើយ​នាង​ថា អ្វី​ដែល​នាង​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ នាង​គ្មាន​បំណង​ប្រមាថ ឬ​ក៏​មើល​ងាយ​អ្នក​ណា​ម្នាក់​ឡើយ​។ នាង​បាន​ឲ្យ​ដឹង​ថា នោះ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។
ចរិយា ហៅ​អេដា និយាយ​ថា៖​«​បញ្ហា​នោះ​កើត​ឡើង​ដោយ​សារ​តែ​ការ​បក​ស្រាយ និង​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​អត់​មាន​ន័យ​អ៊ីចឹង​ ឬ​ក៏​ប្រមាថ មើល​ងាយ​អ្នក​ណា​ទេ។ អ្នក​បក​ប្រែ​ពាក្យ​ខ្ញុំ គេ​មាន​ចេតនា​ជាន់​ពន្លិច​ខ្ញុំ​តែ​ម្តង​»។ នាង​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​សោក​ស្តាយ ដឹង​ខ្លួន​ខុស តែ​អ្វីៗ​បាន​កន្លង​ហួស​ហើយ ដូច្នេះ​ខ្ញុំ​មាន​តែ​សូម​អភ័យ​ទោស និង​សុំ​ខមាទោស​​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង​នេះ។ ខ្ញុំ​គ្មាន​ចេតនា​ទេ​។ ខ្ញុំ​គោរព ស្រឡាញ់​ព្រះ​មហាក្សត្រ និង​ប្រជាជន​កម្ពុជា​»៕(POSTKHMER)

Comments system

Disqus Shortname