Saturday, October 20, 2012

បាយ ទឹក ត្រូវ​បាន​ចែកចាយ​ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង

ភ្នំពេញ: ​នៅពេល​បាយ​ថ្ងៃត្រង់ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​មុខ​ព្រះបរមរាជវាំង មហាជន ទាំង​ក្មេង និង​ទាំងចាស់ ក្រៅពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អ្នក​ទាំងនោះ ក៏​បាន​រួមគ្នា ធ្វើ​បាយ​ម្ហូបអាហារ ខ្ចប់ ជា​កញ្ចប់ នំប៉័ង នំ​សាំង​វិច និង​ទឹកបរិសុទ្ធ ជាដើម ដើម្បី​ចែក​ជូន​អ្នកចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ​។

​ នៅ​ថ្ងៃ​ទី​៤ នៃ​ថ្ងៃ​កាន់​ព្រះ​មរណទុក្ខ​របស់​សម្តេច​ព្រះមហាវីរក្សត្រ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​មុខ​ព្រះបរមរាជវាំង មាន​មហាជន​កាន់តែ​ច្រើនឡើង ដែល​មាន​ទឹកចិត្ត​ស្រលាញ់ គោរព​អតីតព្រះមហាក្សត្រ មិន​ត្រឹម​តែ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នាំមក​នូវ​បាយ​កញ្ចប់ នំប៉័ង នំ​សាំង​វិច ទឹកក្រូច និង​ទឹកបរិសុទ្ធ ជាដើម ចែកជូន​ដល់​មហាជន​ចាស់​ក្មេង ដែល​បានក​កុញ នៅ​មុខ​ព្រះបរមរាជវាំង សំដែង​ទុក្ខសោក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្តេច​ព្រះ នរោត្តម សីហនុ​។

​កំពុងតែ​ចែកជូន ដោយ​ឥតគិតថ្លៃ​នូវ​បាយ និង​ទឹក​សុទ្ធ នៅ​មុខ​ព្រះបរមរាជវាំង យុវជន ហង្ស ហុង អាយុ ២៥ ឆ្នាំ បានឲ្យដឹងថា "​យើង​ចូល​គ្នា ជា​សាមគ្គី​។ នៅ​ខាង​ទំនប់ទួលគោក ខាង​បឹង​សា​យ៉ាប នៅ​ភ្នំពេញ​នេះ​។ អ្នក​កាត់ដេរ បាន​ចូល​រួមគ្នា​។ យើង​ចូល​លុយ​គ្នា ម្នាក់​បន្តិចបន្តួច​ហើយ យើង​ធ្វើ​ជា​ម្ហូបអាហារ ខ្ចប់ យក​មក​ជូន​យាយៗ និង​តាៗ នៅមុខ​វាំង​នេះ​។ យើង​ក៏​មក​ទី​នេះ ដើម្បី​ចូលរួម កាន់​រំលែក​មរណទុក្ខ​សម្តេច​តា​ដែរ​។ ខ្ញុំ​មាន​ការស្រលាញ់ និង​គោរព​សម្តេច​តា ខ្លាំងណាស់​។ គាត់​ជា​ព្រះបិតា​ឯករាជ្យ បូរណភាព​ទឹកដី​។ ថ្ងៃនេះ ពួក​ខ្ញុំ​យក​បាយ​សាច់ជ្រូក ២០០ កញ្ចប់ និង​ទឹក​សុទ្ធ​។ ខ្ញុំ​មក​ពី​ម្សិលមិញ​ម្តង​ហើយ ហើយ​ថ្ងៃនេះ ជា​លើក​ទី​២ និង​បន្ត​ទៅ​ថ្ងៃស្អែក និង​ថ្ងៃ​ខានស្អែក​បន្តទៀត​"​។​

​ចំនួន​អ្នក​ ដែល​មាន​សទ្ធា ធ្វើ​បាយ​កញ្ចប់ ក៏ដូចជា សកម្មភាព​នៃ​ការចែកជូន​ទឹក​សុទ្ធ នៅ​មុខ​ព្រះបរមរាជវាំង បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ធ្វើឡើង​តាម​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្ត្រ និង​បណ្តា​ស្ថាប័ន​នានា​។

​ ការធ្វើ​បាយ​ម្ហូប នំចំណី និង​ទឹក​សុទ្ធ សម្រាប់​ចែកជូន​អ្នកចូលរួម​គោរព​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ នៅមុខ​វាំង ក៏​បាន​ក្រុមយុវជន ដែលជា​អ្នក​លែង facebook រួម​ទាំង​សិស្ស​សាលា​ផងដែរ​។​

​ មាន​អាយុ ៣៧ ឆ្នាំ អ្នកស្រី ណា​រ័ត្ន អ្នក​រស់នៅ​ភ្នំពេញ ដែល​កំពុង​ចែក​ជូន​បាយ​កញ្ចប់ និង​ទឹក​សុទ្ធ ដល់​យាយជី នៅមុខ​វាំង កាលពី​ថ្ងៃ​សៅរ៍ ទី​២០​តុលា ឆ្នាំ​២០១២ បានឲ្យដឹងថា "​ខ្ញុំ​យក​ម្ហូបអាហារ និង​ទឹក មក​ជូន​យាយៗ នៅមុខ​វាំង​។ ខ្ញុំ​ធ្វើ​បាយ ២០០ កញ្ចប់ និង​ទឹក ១០០ យួរ​។ ខ្ញុំ​ធ្វើ ដោយ​ខ្លួនឯង ដើម្បី​យកមក​ចែកជូន​អ្នក​ដែល​មក​គោរព​ព្រះ​វិញ្ញាក្ខន្ធស​ម្តេចតា នៅទីនេះ​។ ខ្ញុំ​សូម​ឧទ្ទិស​កុសល ជូន​ដល់​សម្តេច​តា ដែល​បាន​សោយ​ទិវង្គត ឲ្យបាន​ទៅ​កាន់​ព្រះ​បរម​សុខ ដើម្បី​ជួយ​ថែរក្សា​កូនចៅ ឲ្យបាន​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់ៗ​គ្នា​"​។​

​អ្នកស្រី ណា​រ័ត្ន បាន​បន្ថែមថា "​ខ្ញុំ​ចែក​អីចឹង​រហូត តាំងពី​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព​សម្តេច​តា មកកាន់​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​១៧​តុលា​។ ខ្ញុំ​ក៏​ខំ​ធ្វើ​បុណ្យ​ដូច្នេះ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ថ្វាយ​ដល់​សម្តេច​តា ដែល​បាន​ចូល​ព្រះ​ទិវង្គត​"​។​

​យុវតី សុខា អាយុ ១៨ ឆ្នាំ ជា​និស្សិត នៅ​វិទ្យាស្ថាន​អប់រំ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ រួម​ជាមួយ​មិត្ត​រួម​ថ្នាក់ បាន​កាន់​ថង់​នំប៉័ង និង​ទឹកបរិសុទ្ធ ចែកជូន​ដល់​អ្នកចូលរួម​គោរព​ព្រះ​វិញ្ញាក្ខន្ធ​សម្តេចព្រះមហាវីរក្ស​ត្រ នៅ​មុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២​។​

​ ក្រោម​កំដៅថ្ងៃ ពេលបាយ​ថ្ងៃត្រង់ សុខា បានឲ្យដឹងថា "​ពួក​ខ្ញុំ មាន​បំណង​ធ្វើ​បុណ្យ​ដល់​មនុស្ស​ចាស់ ព្រោះ​អី គាត់​មក​ពី​ឆ្ងាយ គាត់​អត់​មាន​អី​ហូប​ទេ​។ ពេលខ្លះ គាត់​នៅ​មុខ​វាំង​នេះ មួយ​ថ្ងៃ​វល់​ល្ងាច​។ គាត់​មក​ពី​ឆ្ងាយ ដោយ​ត្រូវ​ចំណាយ​សា​ហ៊ុយ​ច្រើន​។ អីចឹង​ហើយ បានជា​យើងខ្ញុំ ជា​មិត្ត​រួម​ថ្នាក់​ទាំងអស់គ្នា រៃអង្គាស​គ្នា ទិញ​នំប៉័ង និង​ទឹក​សុទ្ធ យក​មក​ចែក​ឲ្យ​គាត់​"​។​

​សកម្មភាព​ចែក​ បាយទឹក និង​នំចំណី ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង ក្នុង​ថ្ងៃ​កាន់ទុក្ខ​ព្រះ​បរមសព​សម្តេច​តា សម្តេច​ព្រះមហាវីរក្សត្រ សបញ្ជាក់​ឲ្យឃើញ​ថា មិន​គ្រាន់តែ​បង្ហាញ​អំពី​សន្តាន​ចិត្ត សាមគ្គី ប្រកប​ដោយ​សប្បុរសរ​បស់​ប្រជាជន​កម្ពុជា​នោះទេ តែ​ក៏​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ថ្វាយ​ដល់​ព្រះករុណា អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​ផងដែរ​។​

​ចាប់តាំងពី​រសៀល​ថ្ងៃ​១៥​ តុលា មហាជន​បាន​ប្រមូលផ្តុំ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ នៅ​មុខ​ព្រះបរមរាជវាំង ក្រោយពី​ទទួល​ដំណឹង​ព្រះអង្គ យាង​ចូល​ទិវង្គត​។​

​នៅ​បរិវេណ​មុខ​ វាំង ក្រៅពី​បាយទឹក និង​នំចំណី ដែល​ត្រូវបាន​ចែកជូន​ដោយ​ឥតគិតថ្លៃ ក៏​មាន​បូ​កាន់​មរណទុក្ខ​ព្រះ​បរមសព​សម្តេច​ព្រះករុណា ត្រូវបាន​គេ​ចែក​ជូន​មហាជន ដោយ​ឥតគិតថ្លៃ នៅ​មុខ​ព្រះបរមរាជវាំង​ផងដែរ​។

អាវយឺតស មានព្រះឆាយាលក្ខណ៍សម្តេចព្រះមហាវីរក្សត្រ ក៏ត្រូវបានមូលនិធិបាយ័ន យកទៅចែកជូនដល់មហាជន ដោយឥតគិតថ្លៃផងដែរ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២។

​ ដោយឡែក​ទៀនធូប ផ្កាឈូក ព្រមទាំង​រូបថត​របស់​ព្រះមហាវីរក្សត្រ ត្រូវបាន​គេ​កាន់​លក់​យ៉ាង​ច្រើន​ផងដែរ​។ រីឯ​កម្រងផ្កា តាម​តូប​លក់​ផ្កា​នានា នៅ​ភ្នំពេញ បូក​រួម​ទាំង​បូ​ខ្មៅ​ផង ក៏​ត្រូវបាន​គេ​លក់ដាច់​ជាង​មុន​ផងដែរ​។​

​យ៉ាងណាក៏ដោយ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី​២០ ខែតុលា ឆ្នាំ​២០១២ មហាជន ក៏​នៅតែ​បន្ត​ពាក់​បូ​កាន់ទុក្ខ និង​សំដែង​ទុក្ខសោក​សង្រែង ដោយ​ធ្វើដំណើរ​ទៅ​មុខ​វាំង ដើម្បី​អុជ​ទៀនធូប ថ្វាយ​ផ្កា​ភ្ញី សំពះ បែប​ន់​ទៅកាន់​ព្រះបរមរាជវាំង ដែល​មាន​តាំង​ព្រះ​ឆាយា​លក្ខណ៍រ​បស់​ព្រះមហាវីរក្សត្រ​យ៉ាង​ធំ​។

​ មហាជន​បាន​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​បរម​សព សម្តេច​តា ព្រ​ករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរា​ពាធ​។ ព្រះ​បរមសព​ព្រះករុណា ត្រូវបាន​ដង្ហែ​មកកាន់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​តាម​ស្ថាប័ន​ក្រសួង​មន្ទីរ​ នានា ក៏ដូចជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ពិសេស​នៅ​ភ្នំពេញ ក៏​មាន​ការតុបតែង តាំង​ព្រះ​ឆាយា​លក្ខណ៍​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ អម​ដោយ​ថូផ្កា និង​ផើង​ជើង​ធូប ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះអង្គ​ផងដែរ​៕​(CEN)


Comments system

Disqus Shortname