Tuesday, October 16, 2012

ព័ត៌​មាន​បន្ថែម​ពី​កូន​អកតញ្ញូ​បាញ់​ប្រហារ​ឪពុក​ដោយ​កាំភ្លើង​សមត្ថ​កិច្ច​ថា​មក​ពី​ស្រវឹង​ស្រា

ខេត្ត​កំពង់ឆ្នាំង ៖ជុំវិញ​ករណីកូ​ន​អកតញ្ញូ​ដាច់​​ចិត្ត​លើក​ដៃ​បាញ់ប្រហារ​សម្លាប់​ឪពុក​ បង្កើត បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័មក្នុង​ថ្លុក​ឈាម​ក្នុង​ឱកាស​កាន់​បិណ្ឌ​ វេន​ទី៩​នោះ ​ត្រូវ​បាន​មន្រ្តីប៉ូលិស​​ស្រាវ​ជ្រាវឃើញថា គឺ​ផ្តើម​ចេញ​ពី​​ការ​ផឹក​ស្រវឹង​មិន​មែន​ជា​រឿង​គំនុំ​ ឬ​រឿង​អ្វី​ទៀត​ឡើយ​ ។ ការ​ដែលហ៊ាន​លើក​ដៃ​បាញ់​សម្លាប់​ឪ​ពុក​​​បង្កើត​ព្រោះ​​គ្រាន់​​តែ​គាត់​​ ស្តី​​ឱ្យ​​បន្តិច​​បន្តួច ​​«​ថា​អាមិន​បាន​ការ​នេះ»​​ក៏​ព្រោះ​តែមោហ៍​បាំង ជញ្ជាំង​បិទ​ ស្រវឹង​ខ្លាំង​បណ្តាល​ឱ្យ​​ភ្លេច​គិតពី​បាប​បុណ្យ​​ភ្លេច​​គិត​​ពី​អ្នក​​ មាន​គុណ​ដែល​បាន​ផ្តល់​​កំណើត​ និង​បាន​បី​បាច់​ថែរ​ក្សារហូត​ធំ​ពេញវ័​យ​និង​​បាន​រៀន​ចេះដឹង​ជ្រៅ​ជ្រះ​ នេះ​ មិន​គួរ​ឱ្យ​ជាតិ​សុរា​ទាញមួយ​ពេល​ធ្លាក់​ចូល​រណ្តៅ​នរក​អវ​ិចី​ បើ​ទោះ​បី​ព្រះប្រោសក៏មិនរួច​ឡើយ ។
បើតាម​លោក​មេភូមិ​អណ្តូង​ឫ​ស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែល​ជាភូមិ​​របស់​​​​​ឃាតករ​អវ​ជា​ត​​បុត្រ​នេះ​​​រស់​នៅ​និយាយ​​ថា ជន​ដៃដល់​​ឈ្មោះរិន សារ៉េន អាយុ​២៧​ឆ្នាំ ជាកូន​ទី២ក្នុងចំ​ណោម​បងប្អូន​៤​នាក់​(ស្រី៣)។ ជន​នេះ​កាល​នៅ​ពីកុមារ​ភាព​ជា​មនុស្សស្លូត​បូត និង​ពេល​ធំពេញ​វ័យ​ឪពុកម្តាយឱ្យ​បួស​រៀន​បាន​៣​ព្រះវស្សា ធ្លាប់​ធ្វើ​ជា​គ្រូ​បង្ហាត់​​ព្រះ​សង្ឃ​ទៀត​ផង​ពេល​នៅ​​ជាភិក្ខុ​ក្នុង​ វត្ត​អណ្តូង​ឫស្សី ។​ ក្រោយ​​លា​ចាក​​សិក្ខាបទ​​​​ក៏​មក​នៅ​ផ្ទះ ប៉ុន្តែ​មិន​មាន​ការ​ងារ​ធ្វើ​ទេ ។ លុះ​ក្រោ​​យ​​មក​ក្នុង​អំឡុងឆ្នាំ២០១០ ក៏​ចេញពី​ភូមិ​បាត់ហើយ​ឮ​ថា ទៅ​ធ្វើ​ជា​ទា​ហាន​នៅតំ​បន់​ព្រះ​វិហារ​ លុះ​ពេល​ត្រឡប់​មកវិញ​បាន​៣​ថ្ងៃ​ក៏​កើត​រឿង​​បែប​នេះ ។
មន្ត្រីប៉ូលិស​ដែល​បាន​ស្រាវ​ជ្រាវ​ក្នុង​ករណី​នេះ​​​ និយាយ​ថា ក្នុង​អំឡុង​ឆ្នាំ២០១០​ឈ្មោ​រិន សារ៉េន បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​រក​ស៊ី​នៅ​ខេត្ត​ព្រះ​វិហារដោយ​ប្រកប​មុខ​របរ​ ជាអ្នក​រត់ម៉ូតូ​​ឌុប ។ លុះ​​រត់ម៉ូ​តូយូៗ​ទៅ​បាន​ស្គាល់​គ្នា​ជា​មួយ​​ទា​ហាន​ ហើយ​ដោយសារ​ការ​អាណិត​អា​សូ​រ​​ព្រោះ​​​ឃើញ​ឈ្មោះ​នេះ​​ស្លូតបូត មានអត្ត​ចរិតល្អក៏​នាំ​ចូល​ធ្វើ​ទា​ហាន ។ ឈ្មោះ​នេះ​បាន​ចូល​ធ្វើ​ទា​ហាន​​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០​១១ ហើយ​បាន​​​ឋាន​ន្តរ​ស័ក្តិថ្នាក់អនុ​​​សេនីយ៍ទោ ។​ ​ពេល​​សួរ​ថា ឈ្មោះ​​នេះ​​ទើប​​បាន​​ចូល​ធ្វើ​​​ទា​ហាន​​សោះ​ហេតុ​អ្វី​បាន​ស័ក្តិ២​ ? ត្រូវ​បាន​ប្រភព​បញ្ជា​ក់​ថា គឺ​ឈ្មោះ​នេះ​​ស៊ី​​ឈ្មោះ​គេ(ស៊ី​ឈ្មោះអ្នក​រត់ចោល​ជួរ)​ ។​ លុះ​ក្រោយ​​មក​បាន​​​ដូរ​ដាក់​ឈ្មោះ​ពិត​វិញ​តែ​នៅ​ពាក់ស័ក្តិ២ និង​អត្ត​លេខ​ដដែល​ ។ ប្រភព​ដដែ​ល​បាន​បន្ត​ទៀត​ថា​ ក្រោយមក​ដោយ​ឃើញ​ឈ្មោះ​នេះ​មាន​ចរិត​ស្លូត​បូតទៀង​​ត្រង់​ លោក​មេ​បញ្ជា​ការកងពល​ក៏​បាន​ឱ្យ​ទៅ​នៅ​ជា​មួយ​នឹ​ងអ្នក​ដាំ​បាយ​ឈ្មោះតុក ​ហេង មាន​ឋានៈ​អនុ​សេ​នីយ៍​​ឯក​​​ក្នុង​ការិយា​ល័​​​យ​​ទី​៥ ។
ប្រភ​ព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​០៦ ​តុ​លា​ ខណៈលោក​មេ​បញ្ជាការ​កង​ពលត្រឡប់​​​ពី​ដាក់​​បិណ្ឌ​វេន​ទី​៦​នៅ​ឯវត្ត​វិញ​​ បាន​ជួបនឹង​ឈ្មោះរិន សា​រ៉េន នៅ​កន្លែង​ដាំ​បាយ​ជាធម្មតា ហើយ​បាន​ទាំង​​និយា​យ​លេង​ស្និទ្ធ​ស្នាល​ក្នុង​នាម​ជាមេ និង​កូន​ចៅ ដែល​មាន​ក្តី​ស្រឡាញ់​ និង​ទុក​ចិត្ត​ទៀត​ផង ​។ ប៉ុន្តែ​​នៅ​ថ្ងៃទី​៧​តុលា គឺ​ក្រោយ​ពីជួប​មេ​បញ្ជាការ​កង​ពល​មួយ​ថ្ងៃ ស្រាប់​តែ​បាត់​ឈ្មោះ​រិន សា​រ៉េន នេះ​ពី​អង្គ​ភាព​មិន​ដឹង​ថា ​​ទៅ​ណា ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង ឈ្មោះ​រិន សា​​​រ៉េន បាន​​លួច​យក​​កាំ​ភ្លើង​អា​កា​បត់​របស់​ឈ្មោះ​​​​​តុក ​ហេង ដែល​ជា​អ្នក​ដាំ​បាយ​ជាមួ​យ​គ្នា​ទៅ​​​​បាត់​ទៀត​ផង ​។ ​
តាម​ចម្លើយ​សារ​ភាព​របស់​ឈ្មោះ រិន សា​រ៉េ​ន​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​​៧ ​តុលា ខ្លួន​បាន​រត់​​ចេញ​ពី​អង្គភាពដោយ​លួច​យក​កាំ​ភ្លើង​របស់​ឈ្មោះ​ តុក​​ ហេង ហើយ​​ច្រក​ចូលក្នុង​បា​ឡូរួច​ដាក់​​​​​ខោ​អាវ​​ពី​លើ​មិន​ឱ្យ​នរណាដឹងទេ​ សូម្បីតែឈ្មោះ​​ឡុច សុវណ្ណា ធ្វើ​ទា​ហាន​ជា​មួយ​គ្នា​មក​ជា​មួយ​​ក៏​មិន​​បាន​​ដឹង​ដែរ។​ រូប​គេ​ និងមិត្ត​ភក្ដិ​ឈ្មោះ​​ឡុច សុវណ្ណា បាន​ជិះរថយន្ត​ក្រុងពី​ខេត្ត​ព្រះ​វិហារ​មក​ចុះ​នៅ​ព្រែក​ក្តាម​​ក្នុង​ ម្នាក់​ថ្លៃ៣​ម៉ឺន​រៀល និង​បាន​ជិះ​តាក់​ស៊ីពី​ព្រែ​កក្តាម​មក​ចុះ​នៅ​ខេត្ត​​កំពង់​ឆ្នាំង​ម្នាក់​ អស់១​ម៉ឺន​រៀលទៀត ​ដោយ​​​រូប​​គេ​​ជា​អ្ន​ក​​ចេញ​​​​ទាំង​អស់​ ​ព្រោះ​​ឈ្មោះ​ឡុច សុវណ្ណា​ គ្មាន​​លុយ​​ទេ ។​ រូប​​គេ​​មាន​លុយ​​មក​​ពី​​ខេត្ត​ព្រះ​វិហារ​ចំនួន​៤០​ម៉ឺន​រៀល ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅពេល​មក​ដល់​ផ្ទះ​នៅ​ម៉ោង​ប្រហែល​៧យប់​ក៏​​បាន​ជួបជុំ​មិត្ត​ភក្ដិ​ បងប្អូនផឹកស៊ីរហូត​ដល់​យប់​ជ្រៅ​ក៏​​នាំ​​គ្នា​ដេក​​ទៅ ។ នៅថ្ងៃទី ៨​ និងទី៩តុលា ក៏បាន​នាំ​គ្នា​ផឹក​ស៊ីបន្ត​រហូត​មាន​បញ្ហាតែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ​​​ពួកគេ​នាំគ្នា​​​​ផឹក​​ស៊ី​រ​ហូត​ស្រវឹង​រៀង​ៗ​ខ្លួន ​ហើយ​​ឈ្មោះរិន សា​រ៉េន​ បានជិះ​ម៉ូតូ​ចេញ​ក្រៅ​ លុះ​មួយ​​សន្ទុះ​​ចូល​មក​ផឹក​ស៊ីវិញ ។ មួយ​ស្របក់​​ក្រោយ​មក​ឪពុក​ឈ្មោះ​រិន រ៉េត​បាន​ស្តីបន្ទោស​កូន​ថា «អ្ហែង​រវល់​ទៅ​ណាពួក​ម៉ាក​មក​ លេង​ទុក​ឱ្យ​​គ្នា​នៅម្នាក់​ឯង»ហើយ​ក៏​មាន​ការ​ប្រកែក​គ្នាទៅ​មកៗ​​ដោយ​ឪពុក ​បាន​ស្តី​បន្ទោស​កូន​ថា«អ្ហែង​នេះ​អាមិន​បាន​ការ»​ថា​ហើយ​ថា​ទៀត​​​​។ ​​ពេល​នោះ​កូន​ខឹង​​ក៏​ស្ទុះ​ទៅ​យក​កាំ​ភ្លើង​ពី​លើ​ផ្ទះ​មកដី​​​​​ ពេល​ឃើញ​ដូច្នេះ​​អ្នក​ផឹក​ស៊ី​ជាមួយ​បាន​រត់​គេច​អស់​នៅ​សល់​តែឪពុក និងកូន នៅ​តមាត់​គ្នា​នៅ​ឡើយ ។ ភ្លាម​នោះដែរ ​​កូន​ប្រុស​ក៏​បាន​បាញ់​ជា​​ច្រើន​គ្រាប់សំ​ដៅ​ឪពុកបណ្ដា​លឱ្យ​​​ ត្រូវចំនួន​២​គ្រាប់​​គឺចំជិ​ត​គល់ដោះ​ខាង​ស្តាំ​មួយ​គ្រាប់ និង​ភ្លៅ​ស្តាំ​១​គ្រាប់ ​បណ្តាលឱ្យ​ប្រកាច់​ស្លាប់​​ក្នុង​ថ្លុក​ឈាម​​តែ​ម្តង​ ។
ប្រភព​ពី​មន្ត្រីប៉ូលិ​សដ​ដែល​បន្ត​ថា ក្រោយ​​ពេល​​​កើត​ហេតុ​ដោយ​មាន​ការ​ពង្រឹង​សុវត្ថិភាព​ភូមិ-ឃុំបានល្អ​ និង​ដោយ​លោក​ស្នង​ការ​នគរ​​បាល​​ខេត្ត​គឺ​លោក​ឧត្តមសេនីយ៍​ត្រី អាត់​ ខែម ដែល​​លោក​ទើប​បាន​ផ្តល់​​វិទ្យុ​ទាក់​ទង​ថ្មីៗ​​ឱ្យ​ដល់​មេ​ភូមិ​ផង​នោះ​ លោក​មេភូមិ​ក៏​បាន​ទាក់​ទង​មក​មន្រ្តីប៉ូលិសឱ្យ​ទៅកន្លែង​កើត​ហេតុ​​ និងចាប់​ជន​ដៃ​ដល់​​ជាកូន​​​ភ្លាមៗ​ដែរ​ ។ ​ប៉ូលិ​ស​និយាយ​ថា បើ​យឺត​តែ​​បន្តិច​ ជន​ដៃ​ដល់​រត់​គេច​ខ្លួន​បាត់​ពិត​ជា​ពិបាក​បង្រ្កាប​​ជា​ពុំ​ខាន ។
ដោយ​ឡែក​ឈ្មោះឡុច សុវ​ណ្ណា​ ដែល​​ប៉ូ​លិស​​សង្ស័យ​ថា​ ជា​ម្ចាស់​កាំ​ភ្លើង​ ហើយ​បាន​ចាប់​ខ្លួន​ជា​មួយ​​គ្នា​នោះ​គឺមិន​ពាក់​ពន័្ធ​ឡើយ​និង​បាន​ឱ្យ​​ រួច​ខ្លួន​ទៅ​​វិញ​​ហើយ ។ ក្រោ​យពី​កើតហេតុ​ ប៉ូលិស​បាន​រក​ឃើញ​សំបក​គ្រាប់ចំនួន ១១​​គឺជន​ដៃ​ដល់​​បាញ់​ចំ​​​នួន​​១១គ្រាប់នៅ​សល់​គ្រាប់​នៅក្នុង​បង់​​ចំ​នួ ​ន​​១៩​​គ្រាប់​(មិន​មែន​១០​គ្រាប់​ទេ) ហើយ​បាន​​រក​ឃើញ​​គ្រាប់​លាក់​ទុក​លើ​ផ្ទះ​ចំនួន​៦២​គ្រាប់​​ទៀត ។​
គួររំព្ញកថា កាល​ពីវេលា​ម៉ោង៨ និង​៣០​នាទី​​យប់​ថ្ងៃទី៩ តុលា ​​នៅភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ​មាន​ករណី​បាញ់​សម្លាប់​ឪពុក​​​បង្កើត​របស់​ខ្លួន​ជា​ច្រើន​គ្រាប់​បណ្តាល​ ឱ្យ​​ស្លាប់​​ក្នុង​ថ្លុក​ឈាមយ៉ាង​អា​ណោច​អាធ័ម​​ជា​ទី​បំផុត ខណៈ​មាន​ទំនាស់​ជាមួយគ្នាក្នុង​ពេល​ផឹក​​ស៊ី​​​នៅ​​ក្រោម​ផ្ទះ ។ ​​ឪពុក​រង​គ្រោះដែល​​​​ស្លាប់​នោះ​​ឈ្មោះ រិន រ៉េត អាយុ៤៧ឆ្នាំ ចំណែក​​កូន​ប្រុស​ដែល​​បាញ់​ប្រហារ​​ឪពុក​ឯង​មិនញ​ញើត​​​​នោះឈ្មោះ​រិន សារ៉េន អាយុ២៧​ឆ្នាំ​ ។ ​ជន​ឈ្មោះ​​​រិន សារ៉េន​ ត្រូវ​​​បាន​ប៉ូលិ​សចាប់​ខ្លួន​ និង​​ក​សាង​សំណុំ​រឿង​បញ្ជូន​​​ទៅ​តុលាការ ហើយ​ត្រូវ​បាន​តុលា​ការ​ឃុំខ្លួ​​ន​​​​​បណ្តោះ​អាសន្ន​នៅ​វេលា​ម៉ោង​​១០ និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី​១១ តុលា​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ និង​​ឈាន​ដល់​​ការ​កាត់ក្តីតាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​​​ក្រោយ ៕

Comments system

Disqus Shortname