ភ្នំពេញ:
គណបក្សប្រជាជនកម្ពុជា
បានថ្វាយសាររំលែកព្រះរាជមរណទុក្ខ ក្រាបបង្គំទូលថ្វាយ ព្រះករុណា
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
ដោយគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានចាត់ទុកថា សម្តេចឪ
ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ជាព្រះមហាវីរក្សត្រដ៏ឆ្នើម
និងជានិមិត្តរូបនៃឯករាជ្យ និងឯកភាពជាតិ។
ក្នុងសាររំលែក
ព្រះរាជមរណទុក្ខ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២
ដែលចុះហត្ថលេខាដោយប្រធានស្តីទីគណបក្សប្រជាជនកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញថា
"ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល
និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា
មានក្តីរន្ធត់ប្រកបដោយក្តីក្តុកក្តួល អួលអាក់
និងពោរពេញដោយទុក្ខក្រៀមក្រំបំផុត ដែលព្រះករុណា ព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី
និងឯកភាពជាតិខ្មែរ ទ្រង់បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ រោជ
ខែភទ្របទ ឆ្នាំរោងចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា
ឆ្នាំ២០១២ វេលាម៉ោង ១ និង ២០ នាទី រំលងអធ្រាត្រ ក្នុងព្រះជន្មាយុ ៩០
ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ នាទីក្រុងប៉េកាំង
នៃសាធារណរដ្ឋប្រជាមានិតចិន"។
សារលិខិត បានបន្ថែមថា
"ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា
ដែលកំពុងតែមានក្តីសោកស្តាយអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននោះ
សូមគោរពសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត
ថ្វាយព្រះករុណាព្រះវររាជបិតាជាតិខ្មែរ
ដែលជាព្រះមហាវីរក្សត្រដ៏ឆ្នើម នៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា
ដោយបាននាំមកនូវជាតិ និងប្រជារាស្ត្ររបស់ព្រះអង្គ នូវឯករាជ្យ
បូរណភាពទឹកដី ឯកភាពជាតិ ការអភិវឌ្ឍជាតិ និងកិត្យានុភាពជាតិ
នៅលើឆាកអន្តរជាតិ"។
ក្នុងសាររំលែកព្រះរាជមរណទុក្ខរបស់
គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញថា
"ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា
សូមក្រាបបង្គំចូលរួមរំលែកនូវព្រះរាជមរណទុក្ខ
ដោយក្តីសោកសង្រេងបំផុតជាមួយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
ព្រមទាំងជាមួយព្រះរាជវង្សានុវង្សទាំងអស់។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកដៃអញ្ជលីបួងសួង
សូមឲ្យព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ
បានយាងទៅសោយសុខក្នុងព្រះសុគតិភពកុំបីខាន
ហើយសូមឲ្យព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ
តាមជួយប្រោះព្រំថែរក្សាគ្រប់គ្រងប្រជាជាតិខ្មែរ
ឲ្យសម្បូរសប្បាយរុងរឿងតរៀងទៅ"។
សូមរម្លឹកថា សម្តេចឪ
ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានយាងចូលព្រះទិវង្គត
ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥
ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង
ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយទិវង្គតរបស់
សម្តេចឪ នៅកម្ពុជា បានបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង
ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសរាចរណែនាំ
ដោយប្រកាសឲ្យមានការកាន់ទុក្ខសម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ
គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០១២។
រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋកម្ពុជា
ទូទាំងប្រទេស ចូលរួមកាន់ទុក្ខថ្វាយព្រះបរមសពរបស់សម្តេចឪ នរោត្តម
សីហនុ ដែលនឹងដង្ហែពីប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
នារសៀលម៉ោង ៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ដើម្បីតម្កល់ធ្វើបុណ្យ
នៅក្នុងព្រះបរមរាជវាំង ទុករយៈពេលយ៉ាងតិច ៣ ខែ មុននឹងបូជា
តាមព្រះរាជបណ្តាំរបស់ព្រះអង្គ។
ទូរទស្សន៍ក្នុងស្រុក
នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការដង្ហែព្រះបរមសពរបស់សម្តេចឪ
នរោត្តម សីហនុ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលម៉ោង
៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា
ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ
ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្មាយុ ១៨
ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានធ្វើបូជនីយកិច្ច
ទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា
ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម
សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើន
ពិសេសខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣
ដល់ឆ្នាំ១៩៧០ )។
ព្រះករុណា សម្តេចឪ
ក៏បានទាមទារយកខេត្តមួយចំនួនពីប្រទេសថៃ
រួមទាំងឈ្នះក្តីលើប្រទេសថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ
នៅទីក្រុងឡាអេ នាឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។ ព្រះអង្គ
ក៏ស្វែងរកសន្តិភាព និងផ្សះផ្សារជាតិ សម្រាប់ប្រទេសកម្ពុជា
ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣
ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា
លើកទី២ នាឆ្នាំ១៩៩៣៕