Monday, October 15, 2012

រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ស្តីពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព សម្តេចឪ​

ភ្នំពេញ: សារាចរ​ណែនាំ ស្តីពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា និង​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

​សារាចរ​ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដែល​គណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​យប់​ម៉ោង ៨ និង ៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​ជា​ព្រះ​ស្វាមី សម្តេច​ព្រះមហាក្សត្រី នរោត្តម នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​ព្រះអង្គ​បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​ទី​១៥ រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី រំលង​អធ្រាត្រ ( ម៉ោង​នៅ​រាជធានី​ភ្នំពេញ ) ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចតទៅ​៖

១-​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​គោរព​ព្រះ​ វិញ្ញាណក្ខន្ធ​ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

២-​ក្នុង​ រយៈពេល​កាន់ទុក្ខ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្ហូតទង់ជាតិ ត្រឹម ១/៣ ( មួយ​ភាគ​បី ) នៃ​ដង​ទង់ជាតិ ចាប់​ពី​លើ​។​

៣-​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កំសាន្ត​សប្បាយ ត្រូវ​ផ្អាក​ការផ្សាយ​នូវ​ទស្សនីយភាព ការសម្តែង និង​ការប្រគុំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង ក្នុង​រយៈពេល ៧ ថ្ងៃនេះ​។​

៤-​គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បរទេស ត្រូវ​ត្រៀម​រៀបចំ​ទីកន្លែង ព្រះ​ឆាយា​លក្ខណ៍ នៃ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ និង​សៀវភៅ​សម្រាប់​ចុះ​មរណទុក្ខ​។ កាលបរិច្ឆេទ​ជាក់ស្តែង ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទាំង​អស់​អញ្ជើញ​ចូលរួម​មរណទុក្ខ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជូន​ព័ត៌មាន នៅពេល​ក្រោយ​។​

៥-​ ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ពាក់​សញ្ញា​កាន់​មរណទុក្ខ និង​តុបតែង​សញ្ញា​កាន់​មរណទុក្ខ នៅលើ​ព្រះ​ឆាយា​លក្ខណ៍ ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ​។​

៦-​ខាងលើនេះ គឺជា​ការ​កាន់​មរណទុក្ខ​លើក​ទី​១​។ ព្រះ​បរមសព នឹង​ត្រូវ​តម្កល់​ទុក ក្នុង​រយៈពេល​មិន​តិច​ជាង ៣ ខែ នៅ​ព្រះបរមរាជវាំង មុន​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព ហើយ​កាលបរិច្ឆេទ​ជាក់ស្តែង​នៃ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរមសព នឹង​ជម្រាបជូន​នៅពេល​ក្រោយ​។ ក្នុង​រយៈពេល ៣ ខែ​នេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មិត្តភក្តិ​បរទេស​ទាំងអស់ អាច​ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​ក្រសួង ស្ថាប័ន គ្រប់​អាជ្ញាធរ មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ គ្រប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​ជនរួមជាតិ ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​ចូលរួម​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ជា​កិច្ច​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​រក​ទីបំផុត​គ្មាន​នេះ​៕​

Comments system

Disqus Shortname