Sunday, October 21, 2012

នៅ​ថ្ងៃ​អាទិត្យ​នេះ នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី ប្រធានសភា​ហ្វីលីពីន និង​អនុប្រធាន​សភា កូរ៉េខាងជើង ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ​

ភ្នំពេញ: តាម​គម្រោង នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១២ នាយករដ្ឋមន្ត្រី​សឹង្ហ​បូរី ប្រធានសភា ហ្វីលីពីន និង​អនុប្រធាន​សភា កូរ៉េខាងជើង នឹង​ធ្វើ​ដំណើរ​ជា​បន្តបន្ទាប់ មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូល​ក្នុង​ព្រះបរមរាជវាំង គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​ក្រសួងការបរទេស បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ ព្រឹក លោក លី សៀន​លុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ សឹង្ហ​បូរី និង​លោកជំទាវ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វី​ក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ក្នុង​ សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក្រសួងការបរទេស បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក លី សៀន​លុង នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ដោយឡែក​ក្នុង​ សេចក្តី​ជូន​ព័ត៌មាន មួយ​ផ្សេង​ទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ របស់​ក្រសួងការបរទេស ក៏​បាន​ប្រកាសថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៣០ នាទី​ព្រឹក លោក ហ្វេ​លី​ស៊ី​អា​ណូ រ​. ប៊ែល​ម៉ុន​តេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ហ្វីលីពីន និង​ជា​បេសកជន​ពិសេស របស់លោក ប៊ែ​និក​ណូ ស​. អា​គីណូ ទី​៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃ​សាធារណរដ្ឋ ហ្វីលីពីន នឹង​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ក្រសួងការបរទេស ក៏​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៤៥ នាទី លោក យ៉ាង ហៀ​ង ស៊ើប ( Yang Hyong-sop ) អនុប្រធាន​គណៈ​ប្រធានសភា​ប្រជាជន​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង ) នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ សេចក្តីជូនដំណឹង​ដដែល បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរ​ព្រះ​វិញ្ញាណក្ខន្ធ លោក យ៉ាង ហៀ​ង ស៊ើប នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ សេចក្តី​ជូន​ព័ត៌មាន ដាច់ដោយឡែក​មួយ​ទៀត ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ ក៏​ត្រូវបាន​ក្រសួងការបរទេស ប្រកាសថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១៥ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ ឥណ្ឌូនេស៊ី នឹង​អញ្ជើញ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន​ ដដែល ក៏បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត ម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេ ​ស ក៏​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ២ និង ៣០ នាទី រសៀល លោក សៃ ម៉ូ​ក ខាំ ( Sai Mauk Kham ) អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ារ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​ សេចក្តីជូនដំណឹង បាន​បន្ថែមថា ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក សៃ ម៉ូ​ក ខាំ នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ សូម​រម្លឹកថា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើឡើង​ដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នា មក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្រៅ​ពី​ពិធី​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​ស៊ី​ង ថាំ​ម៉ា​វង្ស និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យ៉ីង​ឡាក់ ស៊ីណា​វ៉ាត បាន​ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​នាយករដ្ឋមន្ត្រី​ជាប់​ព្រំដែន​ប្រទេស​ កម្ពុជា ទាំងបី បាន​សរសេរ​ក្នុង​សៀវភៅ​ក្រាំងមាស និង​បាន​លើកឡើង​ផ្ទាល់មាត់ ជម្រាបជូន​សម្តេច ហ៊ុន សែន ពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​៕​

Comments system

Disqus Shortname