Sunday, October 7, 2012

មន្ត្រី​ជំនាញ​៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រាល់​ឆ្នាំ តែង​មាន​ចំនួន​កើនឡើង​

ភ្នំពេញ: នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល ១៥​ថ្ងៃ គឺ​ពី​បិណ្ឌ​ទី​១ ដល់​បិណ្ឌ​ទី​១៥ នៃ​ខេ​តុលា ឆ្នាំ​២០១២​នេះ មន្ត្រី​នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា បាន​រៀបចំ​ពង្រឹង​ការពារ​សុវត្ថិភាព​អ្នកបើកបរ​យានយន្ត សម្រាប់​ចូលរួម​ទប់ស្កាត់​បទល្មើស​ចរាច​រណ៍ ដែល​អាច​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ នៅ​ពេល​បើកបរ​នៅក្នុង​រដូវ​ភ្ជុំបិណ្យ​មាន​ចំនួន​ច្រើន​ពេក​។​


​លោក​ ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នា​ពេល​ថ្មីៗ​នេះ បាន​មានប្រសាសន៍ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេលនេះ មិន​ថា​តែ​ក្នុង​កម្មវិធី​ភ្ជុំបិណ្ឌ​នោះទេ គឺ​គ្រប់​វិធី​ទាំងអស់ ដែល​ជា​វិធី​បុណ្យ​ប្រពៃណី​ជាតិ​ក្តី និង​បុណ្យជាតិ​ជា​លក្ខណៈ​សកល​ក្តី ដែល​បាន​ប្រារព្ធ​ធ្វើឡើង កំណើន​នៃ​គ្រោះថ្នាក់​ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ​។​

​លោក ហ៊ឹម យ៉ាន បាន​បន្តថា នេះ​បើ​សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ធម្មតា គឺមាន ៥​នាក់ ហើយ​នៅ​ថ្ងៃ​មាន​បុណ្យទាន​អាច​ឡើង​ទៅ​ដល់ ១០​នាក់ ក្នុង​មួយ​ថ្ងៃ​។ ទាំងអស់នេះ​ហើយ​ជា​បញ្ហា​ប្រឈម​មួយ ដែល​ត្រូវបាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​ដូចជា​បណ្តា​ក្រសួង​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់ និង​គិតគូរ​លើកឡើង​នៅ​ផែនការ​ទប់ស្កាត់ នូវ​បញ្ហា​គ្រោះថ្នាក់​ទាំង​នេះ​ឲ្យបាន​ទាន់​ពេលវេលា​នៅពេលនេះ​។

​ លោក ហ៊ឹម យ៉ាន បាន​លើកឡើង​ថា វិធានការ​ដែល​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើ​កន្លង​មក​ទៅនេះ គឺ​មាន​វិធានការ​សំខាន់ៗ​ចំនួន​ពីរ ក្នុងនោះ ទី​១. ការផ្សព្វផ្សាយ​អប់រំ ហើយ​នៅពេលនេះ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២​នេះ កម្មវិធី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ អាច​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ផង​ដែរ ហើយ​ជាមួយគ្នា​នោះដែរ អាជា្ញធរ​គ្រប់​ជាន់ថ្នាក់ នឹង​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ទៅ​ដល់​អាជ្ញាធរ​ដែនដី ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ឲ្យបាន​ជ្រាប​អំពី​យន្តការ​វិធានការ​អ្វីខ្លះ ដែល​សមត្ថកិច្ច​បាន​ធ្វើ​។

​បញ្ហា​ទី​២ គឺ​ការ​រឹតបន្តឹង​ច្បាប់ នៅពេល​នេះ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មាន​ផែនការ​ណែនាំ​ទៅ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​រាជធានី​-​ខេត្ត​ ទាំងអស់ ឲ្យមាន​ការ​រឹតបណ្តឹង​ទៅលើ​ច្បាប់​ចរាចរណ៍ ដោយ​គ្មាន​ការយោគយល់​អ្វី​ទាំងអស់ ជាពិសេស​នៅ​តាម​គោលដៅ​ដើមទី និង​តាម​ដងផ្លូវ ពីព្រោះ​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ នឹង​មាន​កំណើន​បងប្អូន​ប្រជាពលរដ្ឋ នាំគ្នា​ធ្វើដំណើរ​ទៅ​កាន់​ស្រុកកំណើត​របស់​ខ្លួន តាម​រយៈ​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ដែល​មិន​អាច​ទទួលយកបាន​នោះទេ គឺ​ការដឹក​លើស​កំណត់ ដឹក​លើស​ចំណុះ ទាំងអស់នេះ​គឺជា​កត្តា​នាំឲ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ​ផ្សេងៗ និង​បញ្ហា​កំណើន​ចរាចរណ៍​យានយន្ត​ដោយ​ផ្ទាល់​តែម្តង​។

​លោក ហ៊ឹម យ៉ាន បាន​បញ្ជ​ក់ថា មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូចជា​កាលពី​ឆ្នាំមុនៗ មាន​កំណើន​តែ ១៥ ភាគរយ ទៅ ២០ ភាគរយ​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល ៧​ខែ ដើមឆ្នាំ​នេះ ដោយយោង​តាម​តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា កំណើន​យានយន្ត​គ្រប់​ប្រភេទ គឺ​មាន​ការកើនឡើងរ​ហូត​ទៅដល់ ៤៥ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១១ និង​ម៉ូតូ​ប្រមាណ​ជាង ៣០០ គ្រឿង ដែល​បាន​ចុះបញ្ជី​ក្នុង​មួយថ្ងៃៗ​។ ដូច្នេះ​បញ្ហា​ដែល​ធ្វើឲ្យ​យើង​មាន​ការលំបាក​នោះ គឺ​ការពង្រីក​ផ្លូវ​មាន​ការយឺតយ៉ាវ នៅតែ​មាន​ទំហំ​ដដែល ហើយ​កំណើន​យានយន្ត​ចេះតែ​បន្ត​កើនឡើង​ខ្ពស់​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ជា​បញ្ហា​ប្រឈម បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ដែរ​។

​ ដូច្នេះ​ការ​រឹតបន្តឹង​ច្បាប់​ចរាច​រណ៍ ត្រូវបាន​ធ្វើឡើង​នៅ​តាម​គោលដៅ​ដើមទី និង​ដងផ្លូវ អំពី​បញ្ហា​ដឹក​លើស​កំណត់ អំពី​ល្បឿន អំពី​ស្រវឹង និង​បញ្ហា​ដែល​មិន​បាន​ពាក់មួក​សុវត្ថិភាព​ជាដើម​នេះ ត្រូវបាន​ដាក់​ផែនការ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​រឹតបន្តឹង​ឲ្យ​ខ្លាំង និង​អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ គឺ​ការអប់រំ ដើម្បី​ឲ្យ​អ្នកធ្វើ​ដំណើរ​នៅ​លើដង​ផ្លូវ​ទាំង​អស់ បាន​យល់ដឹង​គ្រប់ៗ​គ្នា អំពី​អ្វី​ដែល​សុវត្ថិភាព​ក្នុង​ការបើកបរ​នៅតាម​ផ្លូវ​សាធារណៈ​។

​ លោក​បាន​បញ្ជ​ក់ថា ក្នុង​ឆមាស​ទីមួយ ៦​ខែ ឆ្នាំ​២០១១ បើ​ធ្វើ​ការប្រៀបធៀប​នឹង​ឆ្នាំ​២០១២​នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ គឺ​សរុប​មាន​ចំនួន ២.៤៥៣ លើក លើ ២.៩៤៥ លើក ថយចុះ ៤៩២ លើក និង​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​មក​នៅត្រឹម ៣៣ នាក់ ស្មើ ៣ ភាគរយ នេះ​បើ​ប្រៀបធៀប ៦​ខែ​ដូច​គ្នា​។ ឥឡូវ​ក្នុង ៦​ខែ ដើមឆ្នាំ​២០១២ មាន​អ្នកស្លាប់ ១.០៦៧ នាក់ លើ ១.១០០ នាក់ ហើយ​អ្នករងរបួស​ធ្ងន់​មាន​ចំនួន​ថយចុះ ៤១៨ នាក់ និង​របួស​ស្រាល​ថយ ៥២៨ នាក់ ក្នុង​រយៈពេល​ដូចគ្នា ហើយ​អ្នក​ដែល​គ្រោះថ្នាក់​ដោយសារ​ល្បឿន​មាន​ទៅដល់ ៤៨ ភាគរយ និង​អ្នកបើកបរ​ដែល​មិន​គោរព​សិទ្ធិ​អាទិភាព គឺមាន ១៥ ភាគរយ និង​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង ១១ ភាគរយ ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​មាន ៩ ភាគរយ និង​បត់​មិន​ប្រុងប្រយ័ត្ន ៩ ភាគរយ ហើយ​អ្នក​បើក​មិន​ប្រកាន់​ស្តាំ ៣ ភាគរយ និង​មាន​កត្តា​ផ្សេងៗ​ទៀត​ជាច្រើន ដូច​ជា​កត្តា​យានយន្ត​មាន ២ ភាគរយ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​នៅ​ឆ្នាំ​២០១១ អស់​ជាង ៣១០ លាន​ដុល្លារ​៕

Comments system

Disqus Shortname