រាជធានីភ្នំពេញ ៖
ខ្សែភាពយន្តរន្ធត់ថ្មីមួយដែលមានចំណងជើងថា “Paranormal Activity 4”
នាពេលនេះបានមកដល់កម្ពុជាហើយ ដែលនាំចូលដោយក្រុមហ៊ុន Westec
Media Limited
ហើយនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងរាជធានីភ្នំពេញ ។
ខ្សែភាពយន្តបង្ហាញពីភាពភ័យ រន្ធត់ ញាប់ញ័រ
និងតក់ស្លុត
ដែលធ្វើឱ្យអ្នកទស្សនាព្រឺព្រួចរហូតដល់បិតភ្នែកមួយនេះ
ត្រូវបានដាក់បញ្ចាំងសាកល្បង កាលពីយប់ថ្ងៃទី២៤ តុលា
នៅរោងភាពយន្ត Legend ជាន់ទី៣ ផ្សារទំនើប City Mall ។
ខ្សែភាពយន្តនេះ
និយាយពីឆុតឆាកដ៏ព្រឺព្រួចនៃគ្រួសារមួយដែលបានទទួលយកក្មេង
ជិតខាងម្នាក់ឈ្មោះ Hunter Ray
ដែលមានមិត្តភក្តិជាខ្មោចមកចិញ្ចឹម ។ បន្ទាប់ពីក្មេងនោះ
បានចូលមក Alex ដែលជាកូនស្រីរបស់ម្ចាស់ផ្ទះតែងតែជួបរឿងប្លែកៗ
ប៉ុន្តែឪពុកម្តាយរបស់នាងមិនជឿនូវអ្វីដែលនាងនិយាយនោះឡើយ ។
រហូតដល់ថ្ងៃមួយឪពុកម្តាយរបស់ Alex
បានជួបរឿងនោះដោយផ្ទាល់
ទើបពួកគេចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាច
ប៉ុន្តែវាហាក់ដូចជាហួសពេលទៅហើយ ។ តើនៅទីបំផុតគ្រួសាររបស់
Alex នឹងក្លាយទៅជាយ៉ាងណា?
ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នានៅរោងកុង Legend ។
គួរបញ្ជាក់ផងដែរថា
ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី២៥ តុលា ២០១២
តទៅនៅរោងភាពយន្ត Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall
ជាន់ទី៣ ៕