Tuesday, October 2, 2012

ស្វែងយល់ ពីទំនាក់ទំនង ការទូត កម្ពុជា-អាមេរិក រយៈពេល ៥០ឆ្នាំកន្លងទៅ

គិតមកដល់ឆ្នាំ២០១២ ទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក មានរយៈពេល ៥២ឆ្នាំ មកហើយ ដោយចាប់ផ្ដើមពីទសវត្សរ៍ឆ្នាំ១៩៥០ នៅគ្រាដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគម បារាំងនៅឡើយ។ ជាមួយគ្នានោះ អ្នកការទូតចំនួន ៧រូប រួចមកហើយដែរ ទៅបំពេញ បេសកកម្មជាអ្នកការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា  ប្រចាំនៅសហរដ្ឋអាមេរិក។ អ្នកការទូតកម្ពុជាទី១ ឈ្មោះ ណុង គឹមនី និងអ្នកការទូតកម្ពុជាបច្ចុប្បន្ន កំពុងបំពេញបេសកកម្ម គឺលោក ហែម ហេង ។ រីឯសហរដ្ឋអាមេរិកក៏បានបញ្ជូនអ្នក ការទូតចំនួន ១៦នាក់ រួចមកហើយដែរ ដោយអ្នក ការទូតអាមេរិកដំបូងគេបំផុត គឺលោក Donald Heath.  និងអ្នកការទូត កំពុងបំពេញតូនាទីបច្ចុប្បន្ន គឺលោក William E. Todd ។ នៅក្នុងទំនាក់ទំនងការទូត រវាង ប្រទេសទាំងពីររយៈកាល៥២ឆ្នាំ កន្លងមកនេះ កម្ពុជា-អាមេរិក បានជួបនូវចំណុចល្អផង និងចំណុចអាក្រក់ផង ប៉ុន្ដែវាបានធ្វើឱ្យប្រទេសទាំងពីរមានផ្លែផ្កា ជាមួយគ្នា ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានចាប់ផ្ដើមយកចិត្ដទុកដាក់ មកលើប្រទេសកម្ពុជាជាងពេលណា ទាំងអស់។
កត្ដាទាំងនេះ ដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្ន មានសន្ដិភាពគ្របដណ្ដប់ពេញផ្ទៃប្រទេស ការអភិវឌ្ឍន៍កំពុង តែធ្វើដំណើរទៅមុខ ខណៈដែលប្រទេសកម្ពុជា កំពុងតែបោះសំឡេងទាំងនៅក្នុងតំបន់ និងលើឆាកអន្ដរជាតិ។ បច្ចុប្បន្នកម្ពុជា កំពុងតែធ្វើជាប្រធានអាស៊ានប្ដូរវេន ដែលនៅខែវិច្ឆិកាខាងមុខនេះ បណ្ដា មេដឹកនាំកំពូលអាស៊ាននិងដៃគូ មានវត្ដមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេសទៅទៀត វត្ដមានរបស់ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋ អាមេរិក ដែលជាប្រធានាធិបតីទី១ នឹងមកដល់ប្រទេសអតីតជាចក្រភពនៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ចាប់តាំង ពីប្រទេសទាំងពីរ មានទំនាក់ទំនងការទូត ជាមួយគ្នានៅក្នុងឆ្នាំ១៩៥០។
ដើម្បីជាការស្វែងយល់ ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ថាតើកន្លងមក មានអត្ថន័យជាប្រវត្ដិសាស្ដ្រយ៉ាង ណាខ្លះនោះ សូមតាមដាននូវការលើក យកឯកសារ ដែលចងក្រង ដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រ កម្ពុជានៅក្នុងពេល ដែលប្រទេសទាំងពីរ បានប្រារឰខួប៥០ឆ្នាំកន្លងទៅ នៃចំណងការទូត១៩៥០-២០១០ ជូនមិត្ដអ្នកអាន បានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ខាងក្រោមនេះ គឺជាព្រឹត្ដិការណ៍សំខាន់ ដែលចងក្រងដោយស្ថានទូតអាមេរិកនៅកម្ពុជា ដូចតទៅ ៖

www.dap-news.com
ព្រឹត្ដិការណ៍សំខាន់ៗ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ ១៩៥៩
-ឆ្នាំ១៩៥០ ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលស្គាល់ប្រទេសកម្ពុជា
-ឆ្នាំ១៩៥០ ៖ អ្នកការទូតសហរដ្ឋអាមេរិកដំបូងគេ បានថ្វាយសារតាំងដល់ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី១១ ខែកក្កដា
-ឆ្នាំ១៩៥៣ ៖ ប្រទេសកម្ពុជា បានប្រកាសឯករាជ្យរបស់ខ្លួន
-ឆ្នា១៩៥៥ ៖ កម្មវិធីជំនួយរបស់សហរដ្ឋអាមេរិក ចាប់ផ្ដើមផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ
-ឆ្នាំ១៩៥៨ ៖ លោកប្រធានធិបតី Eisenhower និងសម្ដេចព្រះនរោត្ដម សីហនុ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក
-ឆ្នាំ១៩៥ ៖ ការសម្ពោធផ្លូវជាតិលេខ៤
ថ្វីបើសហរដ្ឋអាមេរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្ស ១៨០០ ក្ដី តែសហរដ្ឋអាមេរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការ នៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០ ទើបមាន។ ការទាក់ទងគ្នា រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា នៅសតវត្សទី១៩ និងដើម សតវត្សទី២០ មានត្រឹមតែ កម្រិតអ្នកដើរផ្សព្វផ្សាយសាសនា អ្នកផ្សងព្រេង អ្នកបរបាញ់សត្វ និងអ្នកវិទ្យាសាស្ដ្រ ដោយមានរឿងខ្លះដូចជាសៀវភៅ របស់លោក Frank Vincent Jr. ដែលមានចំណងជើងថា ទឹកដីនៃដំរីស (The Land of the White Elephant) ដែលរៀប រាប់ដំណើររបស់លោកពីទីក្រុងបាងកក ទៅកាន់ ប្រាសាទអង្គរវត្ដតាមទូក នៅទសវត្សឆ្នាំ១៨៧០ ដោយបានធ្វើឱ្យមានការ ចាប់អារម្មណ៍ដល់ជនជាតិអាមេរិក។ ជាមួយនឹងការនាំចេញនូវទំនិញដូចជា ប្រេងកាត ឈើហ៊ុប ស្រូវ និងម្សៅមីចូលមក ឥណ្ឌូចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង (ដែលកម្ពុជាបានចូលរួមក្នុងឆ្នាំ១៨៨៧ សហរដ្ឋអាមេរិក ក៏បាន បង្កើតផង ដែរ នូវទំនាក់ទំនងសេដ្ឋកិច្ចខ្លះៗ នៅក្នុងតំបន់ ក្នុងពេលដំបូងៗទៀត។
នៅសម័យ ក្រោយសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការប្រែប្រួលយ៉ាងច្បាស់ជាមួយនឹង ការដែលកងទ័ពរបស់ម៉ៅសេទុង ជិតទទួលបាន ជោគជ័យ នៅប្រទេសចិន ហើយកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគម កាន់តែមានប្រៀបលើបារាំង នៅវៀតណាមភាគខាងជើង។ ក្នុងពេលដែលគោល នយោបាយការបរទេស របស់សហរដ្ឋ អាមេរិកកាន់តែផ្ដោតច្រើនឡើង លើការទប់ ការរាលដាលនៃរបបកុម្មុយនីស្ដនៅអាស៊ីអាគ្នេយ៍ ទំនាក់ទំនងមិត្ដភាពរវាង សហរដ្ឋអាមេរិកនិងកម្ពុជា ក៏ចាប់មានសារសំខាន់មួយថ្មី។
www.dap-news.com
ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា។
សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាមេរិក
ប្រទេសកម្ពុជារួមជាមួយ នឹងប្រទេសវៀតណាម និងប្រទេសឡាវ បង្កើតបាននូវអ្វីដែលបារាំងហៅថា ឥណ្ឌូចិន តាំងពី ចុងសតវត្សទី១៩មក។ ក្នុងអំឡុងសង្គ្រាម លោកលើកទី២ ទឹកដីភាគច្រើនត្រូវបានកាន់កាប់ដោយកងទ័ពជប៉ុន ដែលគាំទ្រដោយ Vichy ។ បារាំងបានបន្ដការកាន់កាប់ឡើងវិញនៅក្រោយឆ្នាំ១៩៤៥ តែមកដល់ពេលនោះ ខ្មែរចាប់មានគំនិតចង់ បាន ឯករាជ្យជាខ្លាំង។ នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ១៩៥០ សភាបារាំងបានផ្ដល់ ដល់ប្រទេសទាំងបីនៅឥណ្ឌូចិន នូវស្វ័យ ភាពនៅ ក្រោម សហភាពបារាំង។ បន្ទាប់ពីនោះបន្ដិច សហរដ្ឋអាមេរិកបានទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាថ្មី ដោយមានព្រះមហាក្សត្រ  នរោត្ដម សីហនុ ជាអ្នក ដឹកនាំ។ មកដល់ខែឧសភា លោកប្រធានធិបតី Harry Truman បានយល់ព្រមលើជំនួយសេដ្ឋកិច្ច និងយោធាចំនួន២០លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ហើយចំនួននេះមានការកើនឡើងយ៉ាងច្រើន នៅពេលបន្ដបន្ទាប់ មកទៀតក្នុងទសវត្សនោះ។
សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូង ជាមួយប្រទេសកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឱ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោកHeath បានថ្វាយសារតាំង ទៅព្រះករុណា សម្ដេចព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ។ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះ ល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាមេរិក រហូតដល់ការិយាល័យអគ្គរដ្ឋទូតមួយ និងបណ្ណាល័យផ្ដល់សេវាព័ត៌មាន  សហរដ្ឋអាមេរិកមួយ ត្រូវបានបង្កើតឡើងនៅកន្លែងថ្មីមួយ។ ការិយាល័យតំណាងទូតត្រូវបានដំឡើងឱ្យជាស្ថានឯកអគ្គរដ្ឋ ទូត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដោយនៅពេលនោះ លោក Heath បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក  ដំបូងគេប្រចាំនៅប្រទេសម្ពុជា។
នៅទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀង ផ្ដល់ជំនួយការពារប្រទេសទៅវិញទៅមក ជាមួយប្រទេស កម្ពុជា ឡាវ និងវៀតណាម ដោយមានបញ្ចូលជំនួយយោធា និងសេដ្ឋកិច្ចចំនួន ៧.៨ លានដុល្លារអាមេរិក ដែលត្រូវផ្ដល់ក្នុង រយៈពេល៤ឆ្នាំ។ លោក នង គិមនី (Nong Kimny) ដែលជាទូតតំណាងដំបូងគេ របស់ប្រទេសកម្ពុជាប្រចាំនៅសហរដ្ឋ អាមេរិក នៅពេលធ្វើទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក បានសម្ដែង“ការដឹងគុណយ៉ាងជ្រាលជ្រៅ” របស់ ប្រទេសកម្ពុជា ចំពោះជំនួយរបស់សហរដ្ឋអាមេរិក ក្នុងពេលលោកជួបជាមួយលោកប្រធានាធិបតី Truman ។ (ជាកាយវិការសម្ដែងអំណរគុណបន្ថែមទៀត ព្រះករុណា ព្រះមហាក្សត្រ នរោត្ដម សីហនុ បានផ្ញើជូនលោកប្រធានាធិបតីនូវដំរីសដ៏ កម្រមួយ។ លោក Don V.Catlett ដែលជាភារធារីលើកដំបូង របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេ នៅចាំច្បាស់ជាងគេ ក្នុងការចាត់ចែងការងារដ៏ពិបាក ក្នុងការដឹកយកដំរីសនោះទៅទីក្រុងវ៉ាស៊ីនតោន)។
បន្ទាប់ពីមានការចរចា ដ៏តឹងតែង រវាងព្រះករុណា ព្រះមហាក្សត្រ នរោត្ដម សីហនុ និងរដ្ឋាភិបាលបារាំង ដែលជាញឹកញាប់មានសហរដ្ឋអាមេរិក ធ្វើជាអាជ្ញាធរ កណ្ដាលនោះ ប្រទេសកម្ពុជា បានប្រកាសឯកជ្យពេញលេញរបស់ខ្លួន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ តែទោះជាយ៉ាងណាក៏ដោយ ដល់សន្និសីទក្រុងហ្សឺណែវ ក្នុងឆ្នាំបន្ទាប់ ទើបបារាំងសុខចិត្ដបោះបង់ អំណាចពេញលេញ។ ក្នុងដំណើរការចរចាទាំងមូល សហរដ្ឋអាមេរិកគាំទ្រយ៉ាងសកម្ម ដល់ការទាមទារស្វ័យភាពរបស់ ប្រទេសកម្ពុជា។
បន្ទាប់ពីមានកិច្ចព្រមព្រៀង ក្រុងហ្សឺណែវភ្លាម លោក Robert McClintock បានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅ ប្រទេសកម្ពុជា ដោយបានថ្វាយសារតាំងដល់ ព្រះករុណា នៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៤។ ស្ថានទូតបានបន្ដរីកធំដោយបាន ប្ដូរទីកន្លែងទៅកាន់កន្លែងធំទូលាយជាងមុន ដោយសារមានបុគ្គលិកកាន់តែច្រើន ឡើង។ 
ក្រោមព្រះរាជកិច្ច ដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាដែលមានសេរីភាពពេញលេញនោះ បានប្ដេជ្ញាចិត្ដយ៉ាងមោះ មុតក្នុងការរក្សាអព្យាក្រិតភាពរបស់ខ្លួន ហើយ ព្រះករុណាព្រះបាទ នរោត្ដម សីហនុ បានបណ្ដុះឱ្យមានមិត្ដភាព ទាំងជាមួយ ប្រទេសលោកខាងលិច ទាំងជាមួយមហាអំណាចកុម្មុយនីស្ដ។ ដោយសារមានរបប កុម្មុយនីស្ដ របស់ហូជីមិញ វៀតណាម ភាគខាងជើង និងការភ័យខ្លាចថា កងកម្លាំងទ័ពកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ទល់ការបះបោររបស់ពួក កុម្មុយនីស្ដ ដែលអាចកើតមានឡើងនោះ សហរដ្ឋអាមេរិកបានចាប់ផ្ដើម ធ្វើ្វការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនជំនួយ យោធារបស់សហរដ្ឋអាមេរិកនៅកម្ពុជា។ ចំណុចលម្អិតស្ដីពីកម្មវិធីហ្វឹកហ្វឺនយោធា ដែលរួមមានផងដែរ នូវការបង្កើតក្រុម ផ្ដល់ប្រឹក្សា ស្ដីពីជំនួយយោធា  (MAAG) ត្រូវបានរៀបចំដោយ ឯកអគ្គរដ្ឋទូត McClintock និងឧបការី រដ្ឋមន្ដ្រីក្រសួងការ បរទេស Walter S. Robinson ដោយមានរដ្ឋមន្ដ្រីការបរទេស John Foster Dulles បានមកធ្វើទស្សនកិច្ច នៅទីក្រុង ភ្នំពេញ  (ដែលជាទស្សនកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុត នៅពេលនោះ) នៅខែកុម្ភៈ ឆ្នាំ១៩៥៥ ដើម្បីជួបពិភាក្សា ស្ដីពីផែនការជាមួយ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។ កិច្ចព្រមព្រៀងយោធាការពារប្រទេស ត្រូវបានចុះហត្ថលេខានៅខែ ឧសភា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត McClintock បានផ្ដោតការយកចិត្ដ ទុកដាក់ លើការធានាឱ្យមានការដក កងទ័ពបារាំងបន្ដិចម្ដងៗ ចេញពីប្រទេសកម្ពុជា។
www.dap-news.com
រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក John Foster Dulles ធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៥៥។
ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ បានទទួលការជំរុញមួយថ្មីទៀត ដោយមានការបង្កើតនៅឆ្នាំ១៩៥៥ នូវ កម្មវិធីជំនួយមានទឹកប្រាក់ចំនួន ៥០លានដុល្លារ អាមេរិក ក្នុងមួយឆ្នាំៗ ដែលមានបំណងជំរុញ ដំណើរជឿនលឿនផ្នែកសេដ្ឋ កិច្ចនិងសង្គម ពង្រឹងឯករាជ្យ កែលម្អ និងពង្រីកការសិក្សាអប់រំសាធារណៈ ដោយមិនយក ថ្លៃបង្កើនគុណភាព និងបរិមាណ ផលិតផលកសិកម្ម លើកកម្ពស់ខុសភាពសាធារណៈ សន្ដិសុខ និងហេដ្ឋានរចនាសម្ព័ន្ធ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់ អាវុធ។ កម្មវិធីជំនួយនេះមានទំហំ និងកម្រិតធំជាងជំនួយបូករួមចូលគ្នាទាំងអស់ ពីបណ្ដាប្រទេសនិងអង្គការអន្ដរជាតិដទៃទៀត ដោយសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ ៤៩៣លានដុល្លារ គិមត្រឹមឆ្នាំ ១៩៦៣។
ជំនួយរបស់សហរដ្ឋអាមេរិក បានជួយបណ្ដុះបណ្ដាលគ្រូ និងជួយកសាង និងបំពាក់គ្រឿងបរិក្ខា ដល់សាលាឯកទេសតាម វិស័យជាច្រើន សាលាមធ្យមសិក្សា និង សាលាបឋមសិក្សា។ ថវិកាពីសហរដ្ឋអាមេរិក បានបង្កើតមជ្ឈមណ្ឌលគរុកោសល្យបឋមលើកដំបូង របស់ប្រទេសកម្ពុជា នៅកំពង់កន្ទួត រួមជាមួយនិងសាលាបឋម សិក្សាចំនួន១៤ និងអគារសាលាមធ្យមសិក្សាចំនួន៥ ផ្សេងទៀត។ និស្សិតកម្ពុជា  មួយចំនួន បានទទួលអាហារូបករណ៍ ទៅសិក្សានៅសហរដ្ឋអាមេរិក ក្នុងផ្នែក កសិកម្ម សុខភាព សាធារណៈបច្ចេកទេសក្នុង ការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីន និងវិស្វកម្ម។ គម្រោងដទៃទៀត រួមមានការកសាងមជ្ឈមណ្ឌលសុខភាព មន្ទីរពេទ្យកុមារ និងបណ្ឌិតសភានគរបាល រួមជាមួយ នឹងការពង្រីក និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធនៅប្រទេសកម្ពុជា ដូចជាការជួសជុលផ្លូវប្រវែង ៨០០ម៉ៃល៍ និងស្ពានចំនួន ៤៣ ជាដើម។
www.dap-news.com
លោកឯកអគ្គរដ្ឋទូតអាមេរិក William Trimble ជាមួយសម្តេច នរោត្តម សីហនុ ប្រមុខរដ្ឋកម្ពុជា កាត់ខ្សែបូ ក្នុងពិធីសម្ពោធសាលាបឋមសិក្សាគំរូ នៅខេត្តស្ទឹងត្រែង ដែលជាសាលាមួយក្នុងចំណោមសាលា ចំនួន ១៤ ដែលត្រូវបានសង់ នៅតាមខេត្តនានា ក្រោមជំនួយរបស់អាមេរិក។
ចំណុចលេចធ្លោមួយទៀតក្នុងអាមេរិក ដែលមានប្រវែង ១៤០ម៉ៃល៍ ភ្ជាប់ទីក្រុងភ្នំពេញ ទៅនឹងកំពង់ផែ ដែលទើប តែកសាងថ្មី នៅទីក្រុងព្រះសីហនុ ដែលនៅតាមឆ្នេរ សមុទ្រនៃប្រទេសកម្ពុជា។ ការធ្វើផ្លូវនេះបានចំណាយថវិកាអស់ ២៥ លានដុល្លារអាមេរិក គឺជាគម្រោងជំនួយសហប្រតិបត្ដិការទោលធំជាងគេ ដោយមានកម្មករ អាមេរិក និងកម្មករខ្មែរធ្វើការ ជាមួយគ្នាទៀតផង។
តែទន្ទឹមនឹងនោះ ក៏មានការប្រែប្រួលផងដែរ ក្នុងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា។ នៅខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យ ដើម្បីបង្កើតគណបក្សសង្គមរាស្ដ្រនិយម ហើយបានចូលរួមបោះឆ្នោត នៅចុងឆ្នាំនោះ។ សម្ដេចដែលត្រូវបានគេហៅនៅពេលនោះ បានឈ្នះការបោះឆ្នោតខែកញ្ញា ដោយស្រួល ហើយបានឡើង កាន់តំណែងជានាយករដ្ឋមន្ដ្រី។
នៅខែតុលា ឆ្នាំ១៩៥៦ លោកឯកអគ្គរដ្ឋទូត McClintock បានបញ្ចប់បេសកកម្មរបស់លោក ហើយលោក Carl W.Strom ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបន្ទាប់ របស់សហរដ្ឋអាមេរិក។ លោកបានថ្វាយសារតាំងដល់សម្ដេចព្រះ នរោត្ដម សីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៦ ហើយបានកាន់តំណែងនេះ រហូតដល់ខែមីនា ឆ្នាំ១៩៥៩។ មុខងារមួយក្នុងចំណោមមុខ ងាររបស់លោកឯកអគ្គរដ្ឋទូតStrom គឺការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅចំពោះមុខការឈ្លានពានកាន់តែ ច្រើនឡើងពីកម្លាំងរបស់ថៃ និងវៀតណាម ដែលប្រទេសកម្ពុជាមានប្រវត្ដិជម្លោះទឹកដីជាមួយយូរមកហើយ។
ទោះបីជាទំនាក់ទំនង ត្រូវបានពង្រឹងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាក្ដី តែគោលជំហររបស់សម្ដេច ព្រះ នរោត្ដម សីហនុ ក្នុងការប្រកាន់យកអព្យាក្រឹតភាព បានចាប់ផ្ដើមធ្វើឱ្យ ទំនាក់ទំនងមានភាពស្មុគស្មាញ។ សម្ដេចម្ដងហើយ ម្ដងទៀត បានទោរទន់ទៅរកសាធារណរដ្ឋប្រជាមានិតចិន ដោយបានទៅធ្វើទស្សនកិច្ច នៅប្រទេសចិន និងប្រទេសកុម្មុយ នីស្ដដទៃទៀត នៅឆ្នាំ១៩៥៧ ដោយនៅពេលនោះ សម្ដេចទទួលបានជំនួយសេដ្ឋកិច្ច។
ដោយកាន់តែធ្វើឱ្យអ្វីៗកាន់តែ អាក្រក់ ទៅទៀត នៅក្នុងកាលៈទេសៈ ដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយរដ្ឋាភិបាលប្រទេសថៃ និងវៀត ណាមខាងត្បូង ដែលមានទំនោរទៅរកលោកខាងលិច សម្ដេច សីហនុ បានទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន នៅខែ កក្កដា ឆ្នាំ១៩៥៨ ទោះបីមានការប្រឆាំង របស់សហរដ្ឋអាមេរិកយ៉ាងណាក្ដី។ លោកឯកអគ្គរដ្ឋ ទូត Strom ត្រូវបានហៅ ត្រឡប់ទៅស្រុកវិញជាបណ្ដោះអាសន្ន តែសម្ដេច សីហនុ ដោយប្រឈមនឹងបរិយាកាស កាន់តែបាត់ស្ថិរភាពឡើងនៅក្នុង ស្រុក បានខិតខំ ស្ដារទំនាក់ទំនងឡើងវិញ ហើយបានទទួលយកសេចក្ដីអញ្ជើញ ឱ្យធ្វើទស្សនកិច្ចនៅរសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គរួមមាន ការឈប់សំចតនៅទីក្រុង វ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Detroit Chicago និង Los Angeles ផងដែរ។
នៅពេលទៅដល់អាកាសយានដ្ឋានអន្ដរជាតិ ក្នុងទីក្រុង Los Angeles នៅខែកញ្ញា សម្ដេចបានប្រាប់អ្នកសារព័ត៌មាន ថា “យើងមិនបានបំភ្លេចទេថា សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ប្រទេសរបស់យើង ហើយបានផ្ដល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា។ ចាប់តាំងពីជំហានដំបូងរបស់យើង ក្នុងការទទួលបានឯករាជ្យ យើងបានបោះជំហានសំខាន់ៗខ្លះទៅមុខ... ដំណើរជឿនលឿនទៅមុខនេះ ត្រូវបានសម្រួលដោយមិត្ដភាព និងជំនួយ សប្បុរសជាប្រចាំរបស់អ្នក។ បើកម្ពុជាអាចជំនះបានលើការពិបាកដ៏ធំធេង ដែលបានជះស្រមោលទៅលើការចាប់កំណើត ឡើងនៃឯករាជ្យរបស់កម្ពុជាមួយចំណែកធំ គឺដោយសារសហរដ្ឋអាមេរិក ។ ប្រជាជនខ្មែរដឹងពីរឿងនេះ ហើយនឹងមិន អាចភ្លេចបានទេ”។
ទស្សនកិច្ចរបស់សម្ដេចព្រះ នរោត្ដម សីហនុ បាននាំឱ្យមជ្ឈដ្ឋានអ្នកការទូត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជា ពិសេសបន្ទាប់ពីពិធីជប់លៀង ទាក់ទងនឹងប្រទេសកម្ពុជា ដែលព្រះអង្គបានរៀបចំឡើងនៅទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីន តោន ដោយមានរបាំខ្មែរបុរាណ សម្ដែងដោយម្ចាស់ក្សត្រី បុបា្ផទេវី ព្រះអង្គម្ចាស់ចក្រពង្ស់ និងអ្នករាំរបាំក្នុងក្រុមរបាំព្រះ រាជ្យទ្រព្យផ្សេងទៀត។ កាសែត The Washington Post និង Times-Herald  បានហៅព្រះអង្គថា “អ្នករៀបចំពិធីជប់ លៀងដ៏ល្អបំផុតនៅពេលនោះ ដោយបានបន្ថែមថា ភ្ញៀវ បានសរសើរយ៉ាងខ្លាំងចំពោះការតុបតែង អ្នករបាំ និងសម្លៀក បំពាក់ដ៏ចែងចាំង”។
នៅទីក្រុងវ៉ាស៊ីនតោន សម្ដេចសីហនុបានប្រគល់ជូនលោកប្រធានាធិបតី Eisenhower នូវបដិមាករសម័យអង្គរ ក្នុង សតវត្សទី១២ ធ្វើពីថ្មក្រានីត តាន់ ដោយមានព្រះបន្ទូលថា “ ដើម្បីជាការដឹងគុណចំពោះជំនួយ ដែលប្រទេសរបស់លោក បានផ្ដល់ឱ្យប្រទេសរបស់ខ្ញុំ”។ បដិមាករនេះ ឥឡូវត្រូវបានដាក់តាំងនៅវិចិត្រសាលជាតិ (National Gallery) ។ សម្ដេចព្រះ នរោត្ដម សីហនុ ក៏ត្រូវបានទទួលផងដែរ ដោយលោករដ្ឋមន្ដ្រីការបរទេស Dulles ដោយព្រះអង្គបានបញ្ជាក់សាជាថ្មីដល់ លោករដ្ឋមន្ដ្រីនូវការប្ដេជ្ញាចិត្ដរបស់ព្រះអង្គ ក្នុងការរក្សាក្រឹតភាពនៃប្រទេសកម្ពុជា។ លោករដ្ឋមន្ដ្រី Dulles បានបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចំពោះឯករាជភាព ទាំងស្រុង នៃប្រទេសកម្ពុជា។
ទស្សនកិច្ចនោះ គឺជាចំណុចខ្ពស់បំផុត ក្នុងទំនាក់ទំនងទ្វេភាគីក្នុងទសវត្សទី១៩៥០ ដោយលោកឯកអគ្គរដ្ឋទូត Strom បានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្ដ ណាស់នៅពេលខ្ញុំបានដឹងថា សម្ដេចបានធ្វើដំណើរ ដើម្បីបានដឹងពីសហរដ្ឋអាមេរិក និងប្រជាជនអាមេរិកឱ្យបានកាន់តែច្បាស់។ ខ្ញុំដឹងថា ការជួបជាមួយលោក ប្រធានធិបតី Eisenhower និងលោករដ្ឋមន្ដ្រី Dulles មានផ្លែផ្កាច្រើន។ ខ្ញុំសង្ឃឹមថា វានឹងធ្វើឱ្យជនជាតិខ្មែរមានការយល់ដឹងកាន់តែច្បាស់ ពីសហរដ្ឋអាមេរិក។ ខ្ញុំមានការប្រាកដក្នុងចិត្ដថា ការយល់គ្នាទៅវិញទៅមកបានល្អ ពិតជាធានាដល់ទំនាក់ទំនងមិត្ដភាពរបស់យើង”។ (នៅមានត)
www.dap-news.com
លោក Richard Daley អភិបាលក្រុង Chicago ទទួលស្វាគមន៍ ក្នុងការយាងមកដល់របស់ សម្តេច ព្រះនរោត្តម សីហនុ (ឆ្នាំ ១៩៥៨) ។
www.dap-news.com
សម្តេចព្រះ នរោត្តម សីហនុ រៀបចំពិធីអាហារពេលល្ងាចជាកិតិ្តយស ចំពោះលោករដ្ឋមន្រ្តីការបរទេសអាមេរិក John Foster Dulles និង ភរិយារបស់លោក នៅស្ថានទូតកម្ពុជា ។ (ឆ្នាំ ១៩៥៨)

Comments system

Disqus Shortname