Thursday, October 25, 2012

តុលាការឃុំខ្លួនយុវជនម្នាក់ ក្នុងករណីព្រមព្រៀងរួមភេទ

ភ្នំពេញ: យុវជន​កម្មករ​រោងចក្រ​ម្នាក់ ដែល​បាន​រួមភេទ​ ជាមួយ​នារី​វ័យ ២១​ឆ្នាំ​ម្នាក់ ដោយមាន​ការព្រមព្រៀង​គ្នា​នោះ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២ ឃុំខ្លួន​ដាក់ពន្ធនាគារ​ ក្រោម​ការចោទ​ប្រកាន់​​ពីបទ រំលោភ​សេពសន្ថវៈ។ យុវជននោះ ត្រូវបានភាគីខាងស្រីប្តឹង។

ចៅក្រម បានសម្រេចឃុំខ្លួនយុវជនជាប់ចោទ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត ដោយសារ​ធាតុ​ផ្សំ​បទល្មើស​ក្នុង​អង្គ​ហេតុនេះ ពុំ​ស៊ីសង្វាក់​នឹង​ខ្លឹមសារ​នៃ​មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ មាត្រា ២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែងថា “ គ្រប់​អំពើ​បញ្ចូល​អង្គជាតិ តាមបែប​ណា​ក៏ដោយ ឬអំពើ​បញ្ចូល​ឧបករណ៍​ណាមួយ ​ទៅក្នុង​អង្គជាតិ ដែល​ប្រព្រឹត្ត​ទៅលើ​អ្នក​ដទៃ ទោះបី​មាន​ភេទ​ដូចគ្នា ឬមិន​ដូចគ្នា​ក៏ដោយ ដោយ​ការប្រើ​ហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយ​ការ​ឆ្មក់​ឱកាស គឺជា​បទ រំលោភ​សេពសន្ថវៈ​។ បទ​រំលោភ​សេព​សន្ថវៈ ត្រូវ​ផ្តន្ទាទោស​ ដាក់ពន្ធនាគារ​ពី ៥ ​ឆ្នាំ ទៅ ១០​ឆ្នាំ ហើយ​និតិ​ភាព នៃ​ការ​រួមភេទ​ ត្រូវបាន​កំណត់​ ចាប់ពី​អាយុ ១៥​ឆ្នាំ ឡើងទៅ​។​

​យុវជន​ជាប់ចោទនោះ ​ឈ្មោះ ​លុយ នឿន ហៅ និ​ត អាយុ​ ២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ រីឯ​ជនរងគ្រោះ​អាយុ ២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​បងប្រុស ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​យុវជន​រូបនេះ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ នៅមុខ​រោងចក្រ​កាត់ដេរ ធី អាយ ធី ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ ដែល​ប្តឹង​ពីបទ រំលោភ​សេពសន្ថវៈ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច យុវជន​រូបនេះ​ បាន​បញ្ជាក់ថា ខ្លួន ​និង​ជនរងគ្រោះ បាន​ស្រឡាញ់គ្នា​អស់​រយៈពេល​ ៤​ខែ​មកហើយ លុះដល់​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ ពួកយើង​បាននាំគ្នា​ដើរលេង រហូតមកដល់​ព្រលប់​ថ្ងៃ​ដដែល ទើប​ខ្លួន​បាន​ឌុប​នាង​ចូល​ផ្ទះសំណាក់​មួយកន្លែង​យីហោ ស្រី​នាង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​យុវជន​រូបនេះ ​បាន​បន្តទៀតថា ពេលដែល​ពួកខ្លួន ​បាន​ចូលទៅក្នុង​ផ្ទះសំណាក់នោះ ខ្លួន​បាន​សុំ​នាង​រួមរ័ក តែ​នាង​បាន​ប្រាប់​វិញ​ថា ចាំ​ក្រោយពេល​ស្តីដណ្តឹង​រួច ​ចង់​ធ្វើ​អី​ក៏​បាន​ដែរ ហើយ​ខ្លួន​ក៏បាន​សន្យាថា នឹង​ឱ្យ​ឪពុកម្តាយ ​ចូល​ស្តី​រៀបការ​ជា​ប្តី​ប្រពន្ធ​។ បន្ទាប់​មក ​ពួកខ្លួន​បានរួម​រ័ក​ជាមួយគ្នា ​រហូតដល់​ទៅ ៥ ដង​ ក្នុង​មួយ​យប់​។​

​ លុះ​ព្រឹក​ឡើង ខ្លួន​បាន​ជិះ​ម៉ូតូឌុប​នាង​ទៅមុខ​រោងចក្រ​កាត់ដេរ ធី អាយ ធី វិញ តែ​ចៃដន្យ​​បងប្រុស​របស់​នាង​ ស្ថិតនៅ​ទីនោះ​ដែរ បានឃើញ ហើយ​សួរនាំ​នារី​រងគ្រោះ ទើប​ដឹងថា ខ្លួន​និង​ប្អូនស្រី​របស់គាត់​ បានរួម​រ័ក​ជាមួយគ្នា ហើយ​បងប្រុស​របស់​នាង​ក៏​ឃាត់​ខ្លួន​តែម្តង។ ចំណែក​នាង​វិញ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ នៅ​សមត្ថកិច្ច​ប៉ូលិស​ថា ខ្លួន​បាន​ចាប់រំលោភ​សេពសន្ថវៈ​នាង​ រហូត​បា​នស​ម្រេច​៕

Comments system

Disqus Shortname