Wednesday, October 17, 2012

គណៈកម្មាធិការ​ជាតិ​មួយ ត្រូវបាន​បង្កើតឡើង ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេចឪ​

ភ្នំពេញ: ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ បង្កើត​គណៈ​ក​មមា​ធិ​ការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​។ គណៈកម្មាធិការ​នោះ ដឹកនាំ​ដោយ​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន​។​

​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១២ សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​ សម្តេចព្រះ នរោត្តម សីហនុ មាន​ចំនួន ៤៩ រូប ដែល​ដឹកនាំ​ដោយ​សម្តេច​ទាំង​បី និង​មាន​សមាជិក​ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេ​ប៉េអឹម និង​អភិបាល​រាជធានី​-​ខេត្ត​ទាំង ២៤​។​

​តាម​ព្រះរាជក្រឹត្យ គណៈកម្មាធិការ​នោះ មាន​ភារកិច្ច ដូច​ខាងក្រោយ​៖
- ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព ឲ្យមាន​ដំណើរការល្អ ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ​គោរមងារ​របស់​ព្រះអង្គ ជា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​
-​សម្របសម្រួល​ការងារ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​
-​រៀបចំ​ព្រះរាជ​ពិធី​ទទួល និង​ដង្ហែ​ព្រះ​បរមសព​
-​រៀបចំ​តម្កល់​ព្រះ​បរមសព គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​កិច្ច​ការ​ពាក់ព័ន្ធ​ផ្សេងៗ​
-​រៀបចំ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព ឲ្យមាន​ដំណើរការល្អ និង​ឧត្តុង្គឧត្តម​

​ ព្រះករុណា ព្រះមហាក្សត្រ ក៏​បាន​កំណត់​ថា គណៈកម្មាធិការ​នេះ អាចបង្កើត​អនុគណៈកម្មការ ដើម្បី​បំពេញ​ការងារ តាម​ការចាំបាច់​។ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត ឲ្យបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​ ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ត្រូវ​បាន​ចម្លង​ចែកចាយ ដែល​ចុះហត្ថលេខា ដោយ​លោក សយ សុខា អគ្គលេខាធិកររងទី​១ រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១២​។ ព្រះរាជក្រឹត្យ​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២​។​

​សូម​រម្លឹកថា សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​ម៉ោង ១ និង ២០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​សរាចរ​ណែនាំ ដោយ​ប្រកាស​ឲ្យមាន​ការកា​ន់ទុក្ខ​សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១២​។

​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ថ្វាយ​ព្រះ​បរមសព​របស់​ស​ម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ដង្ហែ​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង ៣ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ ដើម្បី​តម្កល់​ធ្វើបុណ្យ នៅក្នុង​ព្រះបរមរាជវាំង ទុក​រយៈពេល​យ៉ាងតិច ៣ ខែ មុន​នឹង​បូជា តាម​ព្រះរាជ​បណ្តាំ​របស់​ព្រះអង្គ​។​

​ប្រសូត្រ នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ ១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បាន​ធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ជាមួយគ្នា​នោះ ព្រះ​វីរភាព​របស់​សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​ឧស្សាហកម្ម ក្នុង​សម័យ​សង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​

​ព្រះករុណា សម្តេចឪ ក៏​បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួម​ទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែងរក​សន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ ក្នុងសម័យ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទី​២ នា​ឆ្នាំ​១៩៩៣៕

Comments system

Disqus Shortname