ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់
ត្រូវជនមិនស្គាល់មុខរឹតកសម្លាប់
ខណៈនាងនៅផ្ទះតែម្នាក់ឯង បម្រុងរៀបចំដួសបាយហូប
។
ការសម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះអាចនិយាយបានថាជាការ
សម្លាប់ជីវិតស្ត្រីជាម្តាយផង
និងកូនក្នុងផ្ទៃដែលជិតប្រសូតផង គឺ
សម្លាប់មួយមានជីវិតពីរ ។
ហេតុការណ៍គួរឱ្យតក់ស្លុតនេះកើតឡើងកាលពីថ្ងៃទី
១៦ កុម្ភៈ វេលាម៉ោង១និង៣០នាទីរសៀល
ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ។
លោកវរសេនីយ៍ត្រីជុំ ឈឿន
អធិការនគរបាលស្រុកព្រៃកប្បាស ឱ្យដឹងថា
ស្ត្រីរងគ្រោះ ឈ្មោះសែត សុធា អាយុ៣២ឆ្នាំ
មានកូននៅក្នុងផ្ទៃ៨ខែ
មានប្តីនិងកូនស្រីម្នាក់អាយុ៨ឆ្នាំ ។ ពេលកើតហេតុ
បុរសជាប្តីឈ្មោះស្រេង វឌ្ឍនា អាយុ៣២ឆ្នាំ
ជានាយកសាលាបឋមសិក្សាជំនីក បានទៅប្រឡងនៅភ្នំពេញ ។
ឯកូនស្រីមិននៅជាមួយឪពុកម្តាយទេ
គឺរស់នៅជាមួយតាយាយ ។
ស្ត្រីរងគ្រោះនិងប្តីរស់នៅតែ២នាក់ក្នុងផ្ទះថ្ម១
ល្វែង ។
លោកអធិការនគរបាលស្រុកបន្តទៀតថា
ស្ត្រីរងគ្រោះពេលរៀបចំដួសបាយហូបនៅចង្ក្រានបាយខាងក្រោយ
ស្រាប់តែមានមនុស្សបើកទ្វារដើរចូល
រួចយកខ្សែនីឡុងពណ៌ខ្មៅរឹតកនាងសម្លាប់តែម្តង ។
តាមការសន្និដ្ឋាន
ឃាតករបានត្រៀមការសម្លាប់នេះមុនរួចទៅហើយ
និងដឹងច្បាស់ថាស្ត្រីរងគ្រោះនៅក្នុងផ្ទះតែម្នាក់ឯង ។
ឃាតករបានរឹតកនាងសែត សុធា
ពីក្រោយខណៈអង្គុយមិនដឹងខ្លួនរហូតដាច់ខ្យល់ស្លាប់
រួចយកសពទៅដាក់ចូលអាងក្នុងបន្ទប់ទឹក ។
នាងត្រូវឃាតករសម្រាតខោមកនៅត្រឹមជង្គង់
និងរំលោភរួចទើបឃាតករចាកចេញទៅ
ដោយមិនយកទ្រព្យសម្បត្តិអ្វីទេ ។
តាមការសន្និដ្ឋានគឺការសម្លាប់នេះឃាតករបានរៀបចំគម្រោង
គិតទុកជាមុនដោយមានចរិតជាការសងសឹករឿងគំនុំអ្វីមួយ
ហើយក៏អាចជាមនុស្សស្គាល់គ្នាថែមទៀតផង ។
លោកវរសេនីយ៍ទោសែម សុជាតិ
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឱ្យកោះ
សន្តិភាពដឹងថា
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញស្រុកនិងខេត្តគឺ
ក្រុមគ្រួសារស្ត្រីរងគ្រោះអត់ដែលមានទំនាស់ជាមួយអ្នកណានៅ
ជិតខាង ឬអ្នកភូមិទេ ។
បើតាមអ្នករស់នៅជិតខាង បាននិយាយថា
នៅវេលាកើតហេតុនោះពួកគាត់បានឮសំឡេងក្នុងផ្ទះនាងសែត
សុធា ដែរ រួចក៏ស្ងាត់ទៅវិញ
ដោយមិនបានចាប់អារម្មណ៍ថាមានគ្រោះអកុសលអ្វីកើតឡើងទេ ។
បន្ទាប់មកនៅម៉ោងប្រហែលជា៣រសៀលថ្ងៃដដែល
គ្រូបង្រៀន៣នាក់ទៅផ្ទះស្ត្រីរងគ្រោះ
ក្នុងនោះលោកគ្រូ២នាក់ដើម្បីសុំច្បាប់ពីប្តី
និងម្នាក់ទៀតខ្ចីភ្លើងហ្វា ។
ពេលជួបគ្នាអ្នកទាំង៣នាំគ្នាដើរចូលក្នុងផ្ទះរកម្ចាស់
ផ្ទះតែអត់ឃើញទេ ។
ពេលបើកទ្វារបន្ទប់ទឹកស្រាប់តែឃើញសពស្ត្រីរងគ្រោះ
នៅក្នុងអាងទឹកក៏ភ្ញាក់ផ្អើលឆោឡោឡើង
ដឹងដល់អ្នកជិតខាងទៅចោមរោមមើលនិងដឹងដល់ប៉ូលិស ។
លោកគ្រូបង្រៀនទាំង៣នាក់ដែលឃើញសពស្ត្រីរងគ្រោះមុនគេត្រូវសមត្ថកិច្ចហៅទៅសាកសួរនៅអធិការដ្ឋានស្រុក ៕(ដកស្រង់ពីកោះសន្តិភាព)