Friday, February 17, 2012

រថយន្ត​បុក​​ម៉ូតូ បណ្តាល​ឱ្យសិស្ស​ម្នាក់​ស្លាប់​

គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើតឡើង​​នៅតាម​បណ្តោយ​ ផ្លូវ​​ជាតិ​លេខ​៦៧បេ ក្នុង​ភូមិ​ដីថ្មី ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង បង្ក​ដោយ​រថយន្ត​ឈ្មួល​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​​បណ្តាល​ឱ្យ​អ្នក​បើក​ បរស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម​​ កាលពីវេលា​ម៉ោង៧​​ព្រឹក​ថ្ងៃ​​ទី​១៧ កុម្ភៈ ២០១២ ។
ក្មេង​រងគ្រោះ​ឈ្មោះ​សន ទូច ភេទ​ប្រុស អាយុ​​១៣​ឆ្នាំ ជា​សិស្ស​
ថ្នាក់​ទី​៥ នៃ​សាលា​បឋម​សិក្សា​បុរី​​ព្រៃជុំ ​រស់​នៅ​ក្នុងភូមិ​-ឃុំ​ខាង​លើ​ជិះ​ម៉ូតូ​​ម៉ាក​វ៉េវ ​ចំណែក​​រថយន្តបង្ក​ហេតុ​​ម៉ាក​ Starex ពណ៌​បៃតង ​បើក​បរ​ដោយ​ឈ្មោះ​សេង សុគុណ ភេទប្រុស អាយុ​​៣៣​ឆ្នាំ ​ស្នាក់​នៅ​​​ភូមិ​​ជើងភ្នំ ​ឃុំ​ត្រពាំង​​ប្រីយ៍ ​ស្រុកអន្លង់​វែង ។ សាក្សី​​នៅ​​កន្លែង​កើតហេតុ​​បាន​ឱ្យ​កោះ​សន្តិ​ភាព​​​ដឹងថា មុន​ពេល​កើតហេតុ​​គេឃើញ​ម៉ូតូ​​ម៉ាក​វ៉េវ ​មួយ​គ្រឿង ​បើក​បរ​ដោយ​​ក្មេង​ប្រុស​ម្នាក់​​ ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​​៦៧បេ ពី​ត្បូង​​ទៅ​ជើង។ ចំណែក​​រថយន្ត​ម៉ាក​​ Starex ពណ៌​​បៃតង ​ដឹក​អ្នក​​ដំណើរ​ពេញ​​បើក​បញ្ច្រាស​ទិស​​គ្នា​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់ចំណុច​​កើត​ហេតុ​ម៉ូតូវ៉េវ​បាន​បត់​ចូល​សាលា​ជិត​ផុតទៅ​ហើយ​ ស្រាប់​តែ​ត្រូវ​រ​ថយន្ត​នោះ​បុក​ពេញទំហឹង​​ បណ្តាល​ឱ្យ​អ្នក​បើក​ និង​ម៉ូតូ​​ខ្ទាត​​ប្រហែល​​៣០​ម៉ែត្រ ស្លាប់​ភ្លាមៗ​តែម្តង ។ ឯ​​រថយន្ត​​ធ្លាក់​​ទៅ​ក្នុង​ប្រឡាយ​​ខាង​ស្តាំ​ដៃ​តែ​សំណាង​ល្អ​​មិន​ ក្រឡាប់ ចំណែក​អ្នក​បើក​បរ​​រត់​គេចខ្លួន​បាត់​ស្រមោល​ ។ 
ទោះ​​ជា​​ យ៉ាង​ណា​ គ្រោះថ្នាក់​នេះ ​ធ្វើ​​ឱ្យ​អ្នក​ដំណើរ​​ក្នុង​រថយន្ត​នោះ​ព្រលឹង​​ចុងសក់​​មាន​អ្នក​ខ្លះ​ ចុះ​ពី​​រថយន្ត​សន្លប់​​មួយ​ចំនួនផង ៕

Comments system

Disqus Shortname