ជនសង្ស័យម្នាក់ ដែលជំនាញខាងបន្លំ យកម៉ូតូចាស់ដូរយកម៉ូតូថ្មី
ពេលដែលប្រជាពលរដ្ឋ ធ្វើពិធីនានា
ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបបាន
ហេតុការណ៍នេះ
កើតឡើងកាលពីវេលម៉ោង ១៩និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២
ស្ថិតនៅត្រង់ចំណុចរោងអាពាហ៍ពិពាហ៍ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប
ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពី នគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជិន សុខុម ភេទប្រុស
អាយុ៥០ ឆ្នាំរស់នៅក្នុងភូមិ-សង្កាត់កើតខាងលើ ជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1AS-9630 ចំណែកឯជនសង្ស័យវិញ មានឈ្មោះ សួង វុទ្ធី
ភេទប្រុស អាយុ២៦ ឆ្នាំ មានមុខរបរលក់បន្លែ ស្នាក់នៅភូមិត្រពាំងថ្លឹង
សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូ មួយគ្រឿង ម៉ាកសាន់យ៉ាន់
ពណ៌ក្រហមគ្មាន ស្លាកលេខ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតជនសង្ស័យ
បានក្លែងខ្លួនដូចជាភ្ញៀវជិះម៉ូតូ
ម៉ាកសាន់យ៉ាន់ទៅចូលរួមក្នុងពិធីមង្គលការខាង លើពេលទៅដល់
អ្នកយាមកាមនៅទីនោះក៏កឹបសំបុត្រជូន ពេលនោះជនសង្ស័យអង្គុយទូរស័ព្ទ មិនទាន់ចូល
បន្ដិចម៉ូតូជនរងគ្រោះចូលទៅដល់ កឹបសំបុត្ររួចបណ្ដើរទុក ពេលនោះ ជនសង្ស័យ
បានបណ្ដើរចូលទៅទុកក្បែរម៉ូតូជនរងគ្រោះ
រួចហើយក៏ធ្វើសកម្មភាពហែកសំបុត្រពីម៉ូតូខ្លួនឯង យកទៅកឹបលើម៉ូតូជនរងគ្រោះ
អ្នកយាមកាមឃើញ ដូច្នេះក៏ដើរទៅសួរនាំ ជនសង្ស័យក៏បានអះអាងយកម៉ូតូ
របស់ជនរងគ្រោះថា ជាម៉ូតូរបស់គេ លុះពេលសួរដេញដោលឆ្លើយមិនចេញ
ទើបឃាត់ខ្លួនតែម្ដងទៅ ដើម្បីធ្វើការសាកសួរ បន្ទាប់ពីសាកសួររួចជនសង្ស័យ
ក៏បានឆ្លើយសារភាពរូបគេ ពិតជាបានដើរបន្លំម៉ូតូនៅតាមមង្គលនានាជាច្រើន
លើកមកហើយ ។
ប្រភពព័ត៌មានពីនគរបាល មួយរូបបានឱ្យដឹងថា ដោយសារតែនៅតាមពិធីមង្គលការ
ឬពិធីជប់លៀង ចេះតែបាត់ម៉ូតូដោយមានជនបន្លំចូលយកម៉ូតូ លោក ប៊ន សំអាត
អធិការនគរបាលខណ្ឌពោធិសែនជ័យ ក៏បានដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុត
ឱ្យកម្លាំងនគរបាលដែលត្រូវយាមកាម នៅតាមពិធីនានាប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត
និងតាមវែកមុខសញ្ញានេះ ឱ្យបានដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋ
ដែលអញ្ជើញចូលរួម ក្នុងពិធីនានាទទួលភាពកក់ក្ដៅ ដោយសារមុខសញ្ញានេះ
ធ្លាប់ធ្វើសកម្ម ភាពជារ៉ើយៗ នៅក្នុងរាជធានីភ្នំពេញ ទើបនគរបាល
មានការប្រុងប្រយ័ត្ន លុះពេលឃើញគេ បញ្ចេញសកម្មភាពក៏ក្របួងតែម្ដងទៅ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល
ខណ្ឌពោធិសែន ជ័យដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ
ចាត់ការទៅតាមផ្លូវច្បាប់ ៕(ដក់់ស្រង់ពីដើមអំពិល)