Sunday, March 4, 2012

ប្រទះឃើញសព ប្រុស-ស្រី ២នាក់ អណ្តែតទឹកនៅ ស្រុកល្វាឯម

សពប្រុស-ស្រី២នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹកនៅឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១២ សមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម។
លោកអធិការនគរបាលស្រុកល្វាឯម ជា ថុល បានឲ្យដឹងថា សពជនរងគ្រោះជាបុរស ត្រូវបានស្គាល់ អត្តសញ្ញាណហើយ គឺមានឈ្មោះ ខាំ លីន អាយុ ២៥ឆ្នាំ ជាកម្មករនៅផ្សារសាមគ្គី ហើយបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកសពស្រ្តីរងគ្រោះម្នាក់ទៀត ដែលពាក់អាវ ក្រហម ស្លៀកខោខូវប៊យត្រឹមជង្គង់ មានវ័យប្រហែលជា៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
លោកអធិការបានឲ្យដឹងផងដែរថា សពស្រ្តីរងគ្រោះត្រូវគេកាត់ម្រាមដៃស្តាំអស់ចំនួន៣ និងកាត់ម្រាម ជើងខាងស្តាំទាំងអស់។ លោក ជា ថុល បានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះអាចពាក់ព័ន្ធ នឹងករណីឃាតកម្មប្លន់យកទ្រព្យសម្បត្តិ សម្លាប់ជនរងគ្រោះទម្លាក់ទឹកហើយត្រូវទឹកហូរនាំរហូតដល់ ស្រុកល្វាឯមតែម្តងទៅ។
បើយោងតាមក្រុមគ្រួសារសពបុរសរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១២មកម្ល៉េះ។
ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ច ក៏បានអំពាវដល់ក្រុមសាច់ ឬបងប្អូនដែលស្គាល់ស្រ្តីរងគ្រោះ ដែល មានភិនភាគដូចការរៀបរាប់ខាងលើ សុំទៅទាក់ទងទទួលសពនៅឃុំសំបួរ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី៕

Comments system

Disqus Shortname