Tuesday, March 6, 2012

កុមារ​​​​អាយុ​​​ជាង​មួយខួប​មាន​សតិមិន​​ប្រក្រតី​ត្រូវ​គេ​​ប្លុង​ចោល​

កុមារី​​​តូចម្នាក់​​អាយុ​​ប្រហែល​​ជាង​មួយ​ឆ្នាំ​ ត្រូវ​បាន​​​​ប្រជា​ពលរដ្ឋ​​ប្រទះ​ឃើញ​​​អង្គុយ​​និង​ឈរ​​​តេះតះៗស្រែកយំ​​​ ​នៅ​​​ក្រោម​​ដើម​ក្រខុប​​មួយដើម​​ ស្ថិត​​នៅ​តាម​ផ្លូវ​បេតុង​ ក្នុង​​ភូមិ​សាស្ត្រ​​​ភូមិ​​ត្នោត​​​ជ្រំ សង្កាត់​​បឹង​ទំពុន​ ​ខណ្ឌ​​​មានជ័យ ​កាលពី​​ព្រឹក​ថ្ងៃទី៥ មីនា ​២០១២​ ។​ ចំពោះ​​ការ​ប្រទះ​​ឃើញ​កុមារី​​តូច​នេះ​​​ មន្ត្រីមូល​ដ្ឋាន​​​​សន្និដ្ឋាន​​​​ថា ជា​​​ការ​ប្លុង​​ចោល​​ពី​សំណាក់​​ជន​​​មិន​​ស្គាល់​មុខ ។ 
សូម​​បញ្ជាក់​​​​ថា ​កុមារី​​ខាងលើ​​នេះ​មាន​សុខ​ភាព​​​មិន​ល្អ​​ដូចកុមារី​​​ឯទៀត​​ឡើយ ហើយ​​​ក្រោយ​​ពី​​ប្រទះ​​ឃើញ​​​​​​ ​​អាជ្ញាធរ​​​ក៏បាន​​សម្រេច​​យក​​នាង​ទៅ​​ជួយ​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ បង្អែក​​​មាន​ជ័យ​​ ស្ថិត​​​ក្នុង​
ខណ្ឌមាន​ជ័យ ។​ ពុំ​មាន​​ប្រភព​ព័ត៌​មាន​លម្អិត​ថា កុមារី​ខាងលើ​​នេះ​ជាកូន​ចៅ​​ របស់​​​អ្នក​​ណា​ឡើយ​​ តែមាន​ការ​​​ស្តី​​បន្ទោស​​​​ថា ទោះ​​បី​ជា​​កុមារី​នោះ​​មាន​​​កាយ​សម្បទា​​​មិន​​​ល្អ​បែប​ណា​​ក៏ដោយ​​ ក៏មាតា​បិតា​​​របស់​​នាងមិន​​គួរ​ដាច់​ចិត្ត​​​យក​​នាង​មកប្លុង​ចោល​​​បែប​ នេះ​ ។
មន្ត្រី​​​សាលា​​សង្កាត់​​បឹងទំពុន​​មួយ​​រូប​​​​ និយាយ​ថា ​​ដំបូង​​ឡើយ​​​​​អ្នក​ភូមិ​ស្មាន​តែ​​ក្មេង​​​​ស្រី​​ខាងលើ​​​នេះ​​វង្វេង​ ​​ផ្ទះ​​ក៏នាំ​នាងមក​​​សួរ​នាំ​នៅ​​ស្នាក់​ការ​​សង្កាត់​​​​​និង​​ភូមិ​អស់​ ​ជិត​មួយ​ព្រឹក​ ប៉ុន្តែ​​ពុំ​ឃើញ​មាន​​ឪពុកម្តាយ​​​​​មក​សួរ​នាំ​​​ក៏​​សន្មតថា​ រូប​នាង​​ត្រូវ​​​ជនមិន​​ស្គាល់​​​មុខ​យកមក​ប្លុង​ចោល​​ ព្រោះរូប​​នាង​​​មាន​អាការ​​ខុសប្លែកពីកុមារ​​ឯទៀត ។ ក្រុម​គ្រូពេទ្យ​នៅ​​មន្ទីរពេទ្យ​​បង្អែក​មាន​ជ័យ​​និយាយ​​​ថា ​ពេល​នេះ​​​ភារកិច្ច​​សំខាន់​​គឺ​​​​ជួយ​​សង្គ្រោះ​​​ជីវិត​​សិន ​ហើយ​​ផ្តល់​​អាហារឱ្យ​​​នាង​​ហូប​​​​ឱ្យបានគ្រប់​គ្រាន់​មួយ​​​រយៈ​សិន​​​ ។  ​នៅ​​រសៀល​ថ្ងៃ​​ដដែល​នេះក្រុម​គ្រូពេទ្យ​​​បាន​ទាក់ទង​​ទៅ​ខាង​អង្គការ​​ មិត្ត​សម្លាញ់​ឱ្យ​មក​ទទួល​យក​កុមារីអភ័ព្វ​​​នេះ​​ទៅ​ចិញ្ចឹម​​​បី​បាច់​​​ នៅក្នុង​​មណ្ឌល​របស់​ អង្គការ ៕

Comments system

Disqus Shortname