ម្សិលមិញនេះ
នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបាននិយាយប្រាប់កោះសន្តិភាពថា
និសិ្សត សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
មានភាពរីករាយជាខ្លាំង ចំពោះសវនាការរបស់សាលាឧទ្ធរណ៍លើរឿងក្តី
រវាងលោកឧកញ៉ា កុក អាន ជាមួយនឹងលោកហេង ឈាង និងលោកស្រីទេព កុលាប ។
ពួកគេបានរៀបរាប់ថា និសិ្សត សាស្ត្រាចារ្យ
និងបុគ្គលិកនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
ព្រមទាំងក្រុមគ្រួសារលោកហេង ឈាង និងលោកស្រីទេព កុលាប
និងសាធា
រណជនទាំងអស់ សម្តែងនូវភាពរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំថា
លោកប្លង់ សំណាង
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍នឹងសម្រេចក្តីនៅថ្ងៃទី១២ មីនា
ខាងមុខនេះ ដោយមិនលំអៀង គឺផ្អែកលើច្បាប់ និងភស្តុតាងជាក់ស្តែង
ដោយមិនរងសម្ពាធ និងការគាបសង្កត់ពីបុគ្គលណាម្នាក់ទេ
ដែលជាច្រកឈានទៅដោះលែងលោកស្រីទេព កុលាប និងលោកហេង ឈាង
ឱ្យមានសេរីភាពឡើងវិញ ។
ក្រុមសាស្ត្រាចារ្យផ្នែកច្បាប់
ដែលបានចូលស្តាប់ក្នុងសវនាការបាននិយាយថា ក្តីសង្ឃឹមនេះ
បានកើតឡើង ដោយសារមនុស្សរាប់រយនាក់ បានតាមដានដំណើរការសវនាការនេះ
ដោយយកចិត្តទុកដាក់បំផុត និងសង្កេតឃើញថា លោកចៅក្រមប្លង់ សំណាង
បានបើកឱកាសឱ្យលោកហេង ឈាង និងលោកស្រីទេព កុលាប
សារស័ព្ទអំពីរឿងពិតដែលពួកគេពុំបានប្រព្រឹត្ត
ដូចការចោទប្រកាន់របស់លោកឧកញ៉ា កុក អាន ទេ ហើយក្នុងនោះលោកចៅក្រម ប្លង់
សំណាង ក៏បានសួរដេញដោលគូភាគី រួមទាំងមេធាវីការពារទាំងសងខាងអស់សេចក្តី
ដើម្បីឈានទៅរកភាពយុត្តិធម៌ ។
គួរកត់សម្គាល់ថា នៅក្នុងសវនាការជំនុំជម្រះ
កាលពីរសៀលថ្ងៃទី១ ឈានដល់រសៀលថ្ងៃទី២ មីនា ឆ្នាំ២០១២កន្លងទៅ ឧកញ៉ា កុក
អាន បានពោលអះអាងថា ករណីបាត់ប្រាក់ជាង៥៨លានដុល្លារអាមេរិក
ដែលជាដើមចមក្នុងរឿងក្តីនេះ គឺផ្អែកលើរបាយការណ៍របស់លោកកាក់ កី
ប្រធានក្រុមហ៊ុនម៉ូរីសុន អែនអាសូសៀរ តែប៉ុណ្ណោះ ។
ប៉ុន្តែនៅក្នុងសវនាការជំនុំជម្រះនេះ បានលេចចេញពន្លឺថា
របាយការណ៍របស់លោកកាក់ កី មិនប្រក្រតី ហើយឧកញ៉ាកុក អាន
ក៏ពុំមានបាត់ប្រាក់សូម្បីមួយដុល្លារទេ ដោយផ្អែកលើរបាយការណ៍របស់ធនាគារ
UCB ។
ក្នុងសវនាការជំនុំជម្រះនេះ លោកកាក់ កី
បានឆ្លើយសារភាពថា លោកធ្វើរបាយការណ៍ តែសាច់ប្រាក់ចេញពីគណនី ហេង ឈាង សុខ អ៊ីម
តាមឯកសាររបស់លោកឧកញ៉ា កុក អាន ផ្តល់ឱ្យ គឺពុំបានធ្វើតាមគោលការណ៍
និងស្តង់ដាសវនកម្មទេ ។ លើសពីនេះទៀត គាត់បានទទួលប្រាក់ចំនួន១២០០០ដុល្លារ
ផ្ទាល់ពីឧកញ៉ា កុក អាន លើការបំពេញកិច្ចការនេះ
ដែលផ្ទុយពីការចាត់តាំងរបស់សាលាដំបូងរាជធានីភ្នំពេញ
ដែលតម្រូវឱ្យស្រង់សាច់ប្រាក់ចំណូលចំណាយក្នុងគណនី ហេង ឈាង សុខ អ៊ីម ។
ក្រុមសាស្រ្តាចារ្យច្បាប់
ដែលបង្រៀននៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
និងដែលធ្លាប់បានសិក្សាច្បាប់ជាមួយលោកយូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍
និងលោកសេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍
ហើយដែលបានចូលរួមស្តាប់សវនការជំនុំជម្រះបានយល់ថា ការចោទប្រកាន់លោកហេង
ឈាង និងលោកស្រី ទេព កុលាប គឺគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់និងជាក់ស្តែងទេ
ពោលគឺឧកញ៉ា កុក អាន បានប្តឹងចោទប្រកាន់ដោយផ្អែកលើរបាយការណ៍របស់លោកកាក់
កី ហើយលោកកាក់ កី ទៀតសោត បានឆ្លើយសារភាពក្នុងសវនាការថា របាយការណ៍នេះ
គ្រាន់តែស្រង់មួយចំហៀងប៉ុណ្ណោះ ។
នៅចំពោះមុខ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លោកឧកញ៉ាកុក អាន បានអះអាងថា
លោកស្រីទេព កុលាប ជាក្មេងស្រីល្អម្នាក់
ព្រោះពេលជួបម្តងៗតែងតែសួរពីសុខភាពរបស់គាត់ដោយមិននិយាយពីការងារឡើយ។ ឧកញ៉ា
កុក អាន បានអះអាងទៀតថា លោកស្រីទេព កុលាប ពុំមានជាប់ពាក់ព័ន្ធនឹង
ក្រុមហ៊ុនអាន កូ ទេ ។ នេះសបញ្ជាក់ថា ការបង្វែរសាច់ប្រាក់ពីគណនីហេង ឈាង
សុខ អ៊ីម ទៅគណនី ហេង ឈាង ទេព កុលាប ហើយពីគណនីហេង ឈាង ទេព កុលាប
ទៅគណនីហេង ឈាង សុខ អ៊ីម ពុំមានជាប់ពាក់ព័ន្ធនឹងលោកស្រីទេព កុលាប ឡើយ ។
គួរកត់សម្គាល់ថា ក្នុងសវនាការជំនុំជម្រះនេះ
លោកចៅក្រម ប្លង់ សំណាង បានបញ្ជាក់ជារឿយៗថា លោកយល់ហើយ លោកដឹងហើយថា
លោកហេង ឈាង បង្វែរសាច់ប្រាក់ពីគណនីទាំងនោះ មិនយកមកប្រើប្រាស់
ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។
ក្រុមអ្នកច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ
អន្តរជាតិ បានកត់សម្គាល់ថា ក្រុមហ៊ុនអាន កូ ត្រូវបានលោកជំទាវសុខ អ៊ីម
ដែលជាភរិយារបស់លោកឧកញ៉ា កុក អាន និងដែលត្រូវជាបងជីដូនមួយរបស់លោកហេង ឈាង
គឺជាអ្នកគ្រប់គ្រងទាំងស្រុង ។ ដូច្នេះ ក្រៅពីលោកជំទាវសុខ អ៊ីម
គឺមានឧកញ៉ា កុក អាន ប៉ុណ្ណោះ ដែលមានសិទិ្ធបញ្ជាចំណាយ
ឬដកប្រាក់បានគ្រប់ពេលវេលា ។ នោះបានន័យថា លោកហេង ឈាង
ពុំមានសិទ្ធិអ្វីទាំងអស់ នៅក្នុងការបញ្ជាចំណាយ
ឬដកប្រាក់ពីក្នុងក្រុមហ៊ុននេះ ៕