Tuesday, March 6, 2012

តំបន់​ទេសចរណ៍​ដែល​តារា​ពេញ​និយម​

ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​គឺ​ជា​កិច្ចការ​មួយ​ចាំបាច់​ដែល​មនុស្ស​ទាំង ​ឡាយ ​តែង​ឆ្លៀត​ដក​ឃ្លា​ពី​ការងារ​ទៅ​ស្រូប​យក​ខ្យល់​អាកាស រីករាយ​ជួបជុំ​គ្រួសារ និង​មនុស្ស​ជាទីស្រឡាញ់ ដើម្បី​ជា​កម្លាំង​ជំរុញ​ឲ្យ​ទឹក​ចិត្ត​ស្រស់​ថ្លា​ពេល​ត្រឡប់​មក​អនុវត្ត​ អាជីព​ការងារ​វិញ។
ថ្វី​ដ្បិត​តែ​ជីវិត​សិល្បៈ​របស់​តារា​ល្បីៗ​ពោរ​ពេញ​ដោយ​ភាព​មមាញឹក​ឥត​ ឈប់​ឈរ ប៉ុន្តែ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​យុវវ័យ​លោក​ ឆាយ វីរៈយុទ្ធ និង​តារា​បង្ហាញ​ម៉ូដ និង​តារា​សម្ដែង ទឹម រដ្ឋា ឆ្លៀត​ពេល​បង្ហើប​ពី​
គម្រោង​ចុង​សប្ដាហ៍ និង​តំបន់​ទេសចរណ៍​ដែល​ខ្លួន​និយម​ចូលចិត្ត​ទៅ​កម្សាន្ត​នា​ពេល​ទំនេរ​ផង​ ដែរ។
ជាមួយ​នឹង​គម្រោង​ទៅ​ច្រៀង​សម្ដែង​ឲ្យ​ក្រុមហ៊ុន​ស្រា​ឈីវ៉ាស់ រីហ្គែល (Chivas Regal) នៅ​ទឹក​ដី​ខេត្ត​សៀមរាប នា​ចុង​សប្ដាហ៍​នេះ តារា​ដែល​នៅ​តែ​បន្ត​ចែង​ចាំង​ក្នុង​ពិភព​សិល្បៈ​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា លោក​នៅ​មិន​ទាន់​អាច​ដក​ឃ្លា​រៀបចំ​ដំណើរ​កម្សាន្ត​ដើម្បី​ឲ្យ​ស្រាកស្រាន្ត ​អារម្មណ៍​ពី​ភាព​មមាញឹក​ឡើយ ខណៈ​ដែល​រដូវ​ប្រាំង​គ្មាន​ភ្លៀង​នេះ​ គឺ​ជា​វេលា​ដ៏​កាក់កប​ខ្លាំង​បំផុត​សម្រាប់​តារា​ចម្រៀង​មាន​ឈ្មោះ​ល្បី​ដូច ​ជា​រូប​លោក។
នៅ​ពេល​ដែល​សួរ​ថា ចុះ​បើ​អាច​ឆ្លៀត​បាន តើ​លោក​ចូលចិត្ត​ទៅ​កម្សាន្ត​នៅ​ទីណា​ដែរ? តារា​ចម្រៀង​វ័យ​ជាង​សាម តែ​ពូកែ​លេង​ស្ទីល​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ចូលចិត្ត​ទៅ​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​ដូច​ជា​នៅ​រតនគិរី និង​កំពង់សោម​ជាដើម ពីព្រោះ​ថា ទីនោះ​សម្បូរ​ដោយ​ធម្មជាតិ ហើយ​មាន​ផាសុកភាព​ល្អ»។
លោក​បាន​បន្ត​ទៀត​ថា៖ «និយាយ​រួម​ទៅ​កន្លែង​កម្សាន្ត​នៅ​ប្រទេស​យើង​គឺ​មាន​ច្រើន​ណាស់ ហើយ​ខ្ញុំ​ចូលចិត្ត​ដើរ​លេង​តាម​រដូវ​កាល ពីព្រោះ​ថា​ តំបន់​នីមួយៗ​មាន​កន្លែង​លេង​កម្សាន្ត​ខុសៗ​គ្នា»។
ចំណែក​ឯ​ម្ចាស់បទ «នឹក​បង ឬ​នឹក​គេ» លោក​ ឆាយ វីរៈយុទ្ធ ក៏​ទំនង​ជា​មិន​អាច​ឆ្លៀត​ពេល​ដើរ​កម្សាន្ត​ទៅ​ទីណា​ដែរ ដោយ​ចុង​សប្ដាហ៍​នេះ លោក​ត្រូវ​សម្ងំ​នៅ​ផ្ទះ ហាត់​ពត់​សំឡេង​ឲ្យ​កាន់​តែ​ពីរោះ។
តារា​ចម្រៀង​លេច​ធ្លោ​ប្រចាំ​ផលិតកម្ម​ប៊ីកមែន​រូប​នេះ​ក៏​បាន​និយាយ​ទៀត ​ ថា៖ «ប្រសិន​បើ​មាន​ពេល​ទំនេរ ខ្ញុំ​ចូល​ចិត្ត​ទៅ​ដើរ​លេង​នៅ​មាត់​សមុទ្រ​កំពង់សោម​ ព្រោះ​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​មាន​ទេសភាព​ស្រស់​ស្អាត​ផង​ដែរ»។
ដោយ​ឡែក​តារា​ស្រី​រាង​ស្រឡូន ខ្ពស់​ស្រឡះ ទឹម​ រដ្ឋា​ វិញ​ នាង​បាន​ឲ្យ​ដឹង​ថា ចុងសប្ដាហ៍​នេះ នាង និង​ក្រុម​គ្រួសារ​ត្រូវ​ទៅ​ចូលរួម​ពិធី​មង្គលការ​បង​ប្អូន​ជីដូន​មួយ​នៅ ខេត្ត​បាត់ដំបង ប៉ុន្តែ​បើ​អាច នាង​នឹង​​ឆ្លៀត​ទៅ​លេង​ខេត្ត​ប៉ៃលិន​។
ជាទូទៅ​ប្រសិន​បើ​មាន​ពេល​ទំនេរ​ពី​ការ​ដើរ​ម៉ូដ និង​សម្ដែង ទឹម រដ្ឋា បាន​និយាយ​ថា៖ «ខ្ញុំ​ចូលចិត្ត​ទៅ​លេង​កៀន​ស្វាយ ព្រោះ​ទីនោះ​សម្បូរ​របស់​ញ៉ាំ ហើយ​វា​មិនសូវ​ឆ្ងាយ​ពី​ភ្នំពេញ»៕

Comments system

Disqus Shortname