Sunday, February 19, 2012

លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល ៤៦ អាសនៈ និង​សមរង្ស៊ី ១១ អាសនៈ

ភ្នំពេញ: ​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះ​ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ កាលពី​ម៉ោង ១១ និង ៣០ នាទី នា​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​។ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤៦ អាសនៈ និង​គណបក្ស​សមរង្ស៊ី ១១ អាសនៈ​។​

​ក្នុង​ពេល​អាន​ នូវ​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​ផ្លូវការ​រយៈពេល ១០ នាទី ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា លោក ទេព នីថា បាន​លើកឡើង​នូវ​ចំនួន​សំឡេង​ឆ្នោត អាសនៈ និង​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី នៅតាម​មណ្ឌល​ភូមិភាគ​ទាំង ៨ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២​។​


​ លោក ទេព នីថា បាន​លើកឡើង​ថា "​សរុប​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ ៤៦ មាន​បេក្ខជន​ជាប់ឆ្នោត ៤៦ រូប ក្នុងនោះ មាន​ស្ត្រី ៦ រូប​។ ចំណែក​គណបក្ស​សម​រង្ស៊ី បាន​ទទួល​អាសនៈ ១១ មាន​បេក្ខជន​ជាប់ឆ្នោត ១១ រូប ក្នុងនោះ មាន​ស្ត្រី ២ រូប​។ សរុប​រួម បេក្ខជន​ជាប់ឆ្នោត មាន ៥៧ រូប ក្នុងនោះ មាន​ស្ត្រី ៨ រូប​"​។​

​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ឆ្នាំ​២០១២ ត្រូវបាន​លោក ទេព នីថា គ​.​ជ​.​ប​. បានប្រកាសថា ចំនួន​អ្នកបោះឆ្នោត​សរុប​ចំនួន ១១.៤៧០ នាក់​។ ចំណែក​អ្នក​បាន​ទៅ​បោះឆ្នោត មាន ១១.៣៨៣ នាក់​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៨.៨៨០ នាក់ ស្មើនឹង ៧៧,៨១%​។ រីឯ​គណបក្ស​សមរង្ស៊ី ចំនួន ២.៥០៣ នាក់ ស្មើនឹង ២១,៩៣%​។​

​សំឡេងឆ្នោត អាសនៈ និង​ឈ្មោះ​បេក្ខជន តាម​មណ្ឌល​ភូមិភាគ​ទាំង ៨ រួមមាន​៖

- ​ភូមិភាគ​ទី​១៖ រាជធានី​ភ្នំពេញ មាន​អ្នក​មក​បោះឆ្នោត​សរុប ៨២០ នាក់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥៣៣ សំឡេង និង​គណបក្ស​សមរង្ស៊ី ទទួលបាន ២៨៥ សំឡេង​។ លទ្ធផល​សម្លេងឆ្នោត​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤ អាសនៈ និង​គណបក្ស​សមរង្ស៊ី ២ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត​ ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​១ គឺសម្ដេច ជា ស៊ីម​, លោក ស៊ីម កា​, លោក ជា ជេ​ដ្ឋ និង​លោកស្រី ពុំ ស៊ី​ចាន់​។

​ចំណែកបេក្ខជនជាប់ឆ្នោត​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​១ គឺ​លោកស្រី កែ សុវណ្ណ​រតន៍ និង​លោក ហូរ វ៉ាន់​។​

-​ភូមិភាគ​ទី​២៖ ខេត្ត​កំពង់ចាម មាន​អ្នក​មក​បោះឆ្នោត ១៣៦៧ នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា ១០០៧ សំឡេង និង​គណបក្ស​សមរង្ស៊ី ចំនួន ៣៥៥ សំឡេង​។ នៅភូមិភាគ២ ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦ អាសនៈ និងគណបក្សសមរង្ស៊ី ២ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​២ គឺ​លោក អ៊ុក ប៊ុន​ឈឿន​, លោក ទិត រាម​, លោកស្រី ឈូក ឈឹម​, លោក ហេង បូរ៉ា​, លោក ឈិត គឹម​យាត និង​លោក នួន សា​មិន​។

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិ​ទី​២ គឺ​លោកស្រី ថាក់ ឡា​នី និង​លោក អ៊ុច សេរី​យុទ្ធ​។​

-​ភូមិភាគ​ទី​៣៖ ខេត្ត​កណ្ដាល មានមក​អ្នកបោះឆ្នោត​សរុប ៩២២ នាក់ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៧១៨ នាក់ និង​គណបក្ស​សមរង្ស៊ី ២០៣ នាក់​។ នៅ​ភូមិភាគ​៣ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៤ អាសនៈ​។ រីឯ​សមរង្ស៊ី ទទួលបាន ១ អាសនៈ​។​

​បេក្ខជន​ ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៣ គឺ​លោក ទេព ង​ន​, លោកស្រី ទី បូ​រ៉ាស៊ី​, លោក ឡាវ ម៉េង​ឃី​ន និង​លោក ប្រាក់ ចំរើន​។​

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៣ គឺ​លោក អេង ឆៃអ៊ាង​។​

- ​ភូមិភាគ​ទី​៤៖ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន មាន​អ្នក​មក​បោះឆ្នោត ២១៥២ នាក់​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន ១៦៧០ សំឡេង និង​គណបក្ស​សមរង្ស៊ី ៤៧៩ សំឡេង​។ នៅ​ភូមិភាគ​៤ គណបក្ស​ប្រជាជន​កម្ពុជា​មាន ៨ អាសនៈ និង​គណបក្ស​សមរង្ស៊ី ចំនួន ២ អាសនៈ​។

​បេក្ខជន​ជាប់ឆ្នោត​ ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៤ គឺ​លោក ឆាត់ លឿម​, លោក ហុង ទូ​ហាយ​, លោក សួន លន់​, លោក អន ស៊ុំ​, លោក អាំ សំអាត​, លោក ចាន់ ណា​រ៉េត​, លោក យឹម សេត និង​លោក អ៊ុក គង់​។​

​ចំណែក ​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៤ គឺមាន ​លោក ហុង សុខ​ហួរ និងលោក ថាច់ សេដ្ឋា​។​

-​ ភូមិភាគ​ទី​៥៖ ខេត្តតាកែវ ខេត្ត​កំពត និង​ខេត្ត​កែប មាន​អ្នកបោះឆ្នោត ១៣១៥ នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ១០៦២ សំឡេង និង​គណបក្ស​សមរង្ស៊ី ២៥២ សំឡេង​។ នៅភូមិភាគ៥ ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦ អាសនៈ និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត​ ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៥ គឺ​លោក នៃ ប៉េ​ណា​, លោក ប៉េង ប៉ាត់​, លោក កុក អាន​, លោក អ៊ុង ទី​, លោក ម៉ុង ឫទ្ធី និង​លោក ពុធ ខូវ​។​

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៥ គឺ​លោក ទាវ វ​ណ្ណុល​។​

- ​ភូមិភាគ​ទី​៦៖ ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង មាន​អ្នកបោះឆ្នោត​សរុប ១៤២៤​។ គណបក្ស​ប្រជាជន​កម្ពុជា ១១៤៦ សំឡេង និង​សមរង្ស៊ី ២៧៣ សំឡេង​។ នៅ​ភូមិភាគ ៦ មាន​គណបក្ស​ប្រជាជន​កម្ពុជា ៦ អាសនៈ និង​គណបក្ស​សមរង្ស៊ី ១ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៦ គឺ​លោកស្រី មាន សំអាន​,  លោក ចាន់ ភិន​, លោក ជា សុន​, លោក គឹម ណាំ​ង​, លោក ម៉ែន ស៊ី​ផាន់ និង​លោក ទឹម ផន​។​

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៦ គឺ​លោក គង់ គាំ​។​

- ​ភូមិភាគ​ទី​៧៖ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ មាន​អ្នក​មក​បោះឆ្នោត​សរុប ១៧១៤ អ្នក​។ គណបក្ស​ប្រជាជន​កម្ពុជា ១៣៩៦ សំឡេង និង​គណបក្ស​សមរង្ស៊ី ៣១៧ សំឡេង​។ នៅ​ភូមិភាគ​៧ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧ អាសនៈ និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៧ គឺ​លោក សាយ ឈុំ​, លោកស្រី ឡាក់ អូន​, លោក លី យ៉ុង​ផាត់​, លោក ឡាយ អ៊ី​ពិ​សិទ្ធិ​, លោក អ៊ុំ សារិទ្ធ​, លោក គង់ សារាជ និង​លោក ថុង ច​ន់​។​

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៧ គឺ​លោក នុត រុំដួល​។​

- ​ភូមិភាគ​ទី​៨៖ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី មាន​អ្នក​ទៅ​បោះឆ្នោត ១៦៩៨ នាក់​។ គណបក្ស​ប្រជាជន​កម្ពុជា ១៣៤៨ នាក់ និង​គណបក្ស​សមរង្ស៊ី ៣៣៩ នាក់​។ នៅ​ភូមិភាគ៨ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥ អាសនៈ និង​គណបក្ស​សមរង្ស៊ី ទទួលបាន ១ អាសនៈ​។​

​បេក្ខជន​ជាប់ឆ្នោត​ ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិភាគ​ទី​៨ គឺ​លោក ប៊ូ ថង​, លោក យ៉ង់ សែម​, លោក ស៊ើយ កែវ​, លោក វ៉ាន់ វុ​ធ និង​លោកស្រី កែវ ម៉ាលី​។​

​ចំណែក​បេក្ខជន​ជាប់ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ របស់​គណបក្ស​សម​រង្ស៊ី នៅ​ភូមិភាគ​ទី​៨ គឺ​លោក ម៉ែន សុថា​វ​រិន្ទ្រ​។​

​ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មាន​អាសនៈ​ចំនួន ៥៧ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសតាំង ក្នុងចំណោម​អាសនៈ​ព្រឹទ្ធ​សភា​សរុប ៦១​។ សមាជិក​ព្រឹទ្ធសភា ២ រូប ត្រូវ​តែងតាំង​ដោយ​រដ្ឋសភា និង ២ រូប​ទៀត ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​៕​(CEN)

Comments system

Disqus Shortname