Tuesday, February 21, 2012

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ប្រថុយ​គ្រោះថ្នាក់​ឆ្លង​ដែន​ចូល​ដី​ថៃ

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តាម​ភូមិ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ បាន​ប្រកប​មុខ​របរ​ធ្វើ​ស្រែ និង​ ឆ្លង​ចូល​ទៅ​ក្នុង​ដី​ថៃ កាប់​ឈើ។ ការ​ឆ្លង​ព្រំដែន​ខ្មែរ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ដី​ថៃ​នេះ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ដែល​ជួន​កាល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ទៀត​ផង។

ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ជា​តំបន់​ឆ្លង​កាត់​ព្រំដែន​មួយ​ដែល​មាន​ច្រក​របៀង​ឆ្លង​ដែន​ជា​ច្រើន ហើយ​អ្នក​ស្រុក​និយម​ធ្វើ​ដំណើរ​ឆ្លង​ចូល​ដី​ថៃ ទៅ​កាប់​ឈើ​តាម​ច្រក​របៀង​ទាំង​នេះ។ ឈើ​ដែល​មាន​តម្លៃ​ខ្ពស់ ហើយ​អ្នក​ស្រុក​និយម​ឆ្លង​ទៅ​កាប់​យក​មក​លក់​ឲ្យ​ឈ្មួញ គឺ​ឈើ​គ្រញូង។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ងួន ដែល​រស់​នៅ​ភូមិ​អូរស្វាយ បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​ព្រំដែន​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ដី​ថៃ​នោះ វា​មាន​គ្រោះថ្នាក់​មែន តែ​ក៏​វា​បាន​ទទួល​ប្រាក់​ចំណូល​ខ្ពស់​ដែរ។
ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ សុខា ដែល​មាន​កូន​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ដី​ថៃ យក​មក​លក់ បាន​ឲ្យ​ដឹង​បន្ថែម​ថា ឈើ​គ្រញូង​ដែល​អ្នក​ស្រុក​ទៅ​កាប់​នោះ មិន​មែន​ជា​ប្រភេទ​ដើម​ឈើ​ធំៗ​នោះ​ឡើយ គឺ​ជា​ប្រភេទ​កូន​ឈើ​គ្រញូង​តូចៗ មាន​ទំហំ​ចាប់​ពី​ប៉ុន​ក​ដៃ​រហូត​ដល់​ប៉ុន​ភ្លៅ​ប៉ុណ្ណោះ។
ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ វា​មាន​ហេតុផល​ច្រើន​យ៉ាង ជំរុញ​មនុស្ស​ឲ្យ​ទៅ បើ​ទោះ​ជា​មាន​គ្រោះថ្នាក់​ក៏ដោយ។
ហេតុផល​ទាំង​នោះ​រួម​មាន​ជា​អាទិ គឺ​ងាយ​រក​លុយ​បាន​ច្រើន និង​ឆាប់​រហ័ស។ ចំណាយ​ពេល​វេលា​តិច​ក្នុង​ការ​រក​លុយ បើ​ប្រៀបធៀប​ជាមួយ​ការ​ធ្វើ​ស្រែ។ អ្នក​ទៅ​កាប់​ឈើ​ទាំង​នោះ​មិន​ចាំបាច់​ចេះ​អក្សរ​ក៏​បាន​ដែរ ឲ្យ​តែ​ចេះ​កាន់​រណារ ចេះ​កាន់​ពូថៅ កាំបិត ចេះ​ចាំង​ឈើ​ទៅ​គឺ​បាន​ហើយ។
នៅ​ក្នុង​ភូមិ​មាន​មនុស្ស​ច្រើន​នាក់​ទៅ​កាប់​ឈើ គឺ​ផ្អើល​តាម​គ្នា ហើយ​អ្នក​ទៅ​កាប់​ឈើ​មក​វិញ​គេ​មាន​លុយ​ទិញ​ខ្សែ​ក ខ្សែ​ដៃ​មាស​ពាក់​ហ៊ឺហា ទិញ​ទូរស័ព្ទ​ដៃ​ម៉ាក​ទំនើប​ជាដើម។ មាន​អ្នក​ទិញ​ទៅ​ដល់​ផ្ទះ​តែម្ដង​ឲ្យ​តែ​មាន​ឈើ​គ្រញូង​កាប់​បាន ហើយ​អូស​លី​សែង​ចេញ​ពី​ព្រៃ​មក​ដល់​ភូមិ​បាន។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ វ៉ាន់ ញិន មាន​ប្អូន​បង្កើត​បាន​ស្លាប់​ដោយសារ​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​ក្នុង​ដី​ ថៃ​នោះ។ អ្នកស្រី ញិន បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​មាន​ការ​ងាយ​រក​លុយ​បាន​ដោយសារ​កាប់​ឈើ​គ្រញូង​យក​មក​លក់​នោះ ការ​កាប់​ឈើ​នោះ​ក៏​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែរ។
ប្រជាពលរដ្ឋ​និយាយ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ទាំង​នោះ រួម​មាន ត្រូវ​ទាហាន​ថៃ បាញ់​ឲ្យ​របួស ពិការ ស្លាប់។ គេ​ចាប់​ដាក់​គុក កាល​ណា​ជួប​ប្រទះ​ក្រុម​ល្បាត​របស់​ថៃ។ ត្រូវ​បង់​លុយ​ឲ្យ​ទាហាន​ខ្មែរ​ដែល​យាម​នៅ​តំបន់​ច្រក​របៀង ដើម្បី​បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ដី​ថៃ​បាន។ ជួនកាល​ស៊យ​មិន​អាច​រក​ឈើ​គ្រញូង​ដែល​មាន​ទំហំ​ធំ​បាន ជួនកាល​ត្រូវ​មេ​ព្រៃ​ខ្មែរ​ចាប់​ជា​ដើម។
ចាប់​ពី​ថ្ងៃ​ទី​១០ ដល់ ១៣ កុម្ភៈ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ យ៉ាង​តិច ៣​នាក់ បាន​បាត់​បង់​ជីវិត​ដោយសារ​ទាហាន​ថៃ បាញ់​ក្នុង​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ និង​មួយ​ចំនួន​ទៀត​បាន​បាត់​ខ្លួន។ នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ក្រៅ​ពី​ឃុំ​អូរស្វាយ ក៏​មាន​ឃុំ​ផ្អាវ ដែល​ជា​ច្រក​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ដែរ។
ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ច្រក​របៀង​សំខាន់ៗ​ដែល​ប្រជាពលរដ្ឋ​ឆ្លង​ទៅ​កាប់​ឈើ​នៅ​ក្នុង​ស្រុក​ ត្រពាំងប្រាសាទ មាន​ច្រក​អូរស្វាយ ច្រក​ទឹក​ជប់ ច្រក​ចំបក់កោង ច្រក​ព្រលានដូនពែ ជាដើម។
ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​ចេញ​ឈ្មោះ ដែល​រត់​រួច​ពី​ការ​ដេញ​បាញ់​របស់​ទាហាន​ល្បាត​ព្រំដែន​របស់​ថៃ ក្នុង​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​ថៃ បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នោះ ពេល​ជួប​ទាហាន​ថៃ គឺ​ព្រលឹង​ចុង​សក់​តែម្ដង។
លោក តេ វិច ជា​មេ​ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ហាម និង​ប្រកាស​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​ នោះ បាន​ធ្វើ​ជា​ញឹកញយ​មក​ហើយ តែ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មិន​ស្ដាប់​តាម។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត​យល់​ថា ការ​ទៅ​កាប់​ឈើ​នោះ​វា​បាន​លុយ​ច្រើន។
សកម្មភាព​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ដី​ថៃ មិន​មែន​មាន​តែ​នៅ​ក្នុង​ឃុំ​អូរស្វាយ មួយ​ប៉ុណ្ណោះ​ទេ វា​មាន​ច្រើន​កន្លែង​ទៀត តាម​ព្រំដែន​ខ្មែរ-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ដី​ថៃ​នោះ មាន​ទាំង​អ្នក​ភូមិ​រស់​នៅ​ក្បែរ​ព្រំដែន និង​មាន​ទាំង​អ្នក​មក​ពី​ខេត្ត​ឆ្ងាយៗ​ផង​ដែរ ដូចជា​មក​ពី​ខេត្ត​ព្រៃវែង ស្វាយរៀង ជាដើម។
លោក​សក្តិ ៤ តូច រ៉ា ជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​ខ្មែរ-​ថៃ នៅ​ច្រក​អន្តរជាតិ​ជាំសាង៉ាំ ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រឿង​ទាហាន​ថៃ បាញ់ និង​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ដី​គេ​នោះ កើត​មាន​ជា​ញឹកញយ។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ជួនកាល​ភាគី​ថៃ គេ​មិន​បញ្ជូន​មនុស្ស​នោះ​មក​វិញ​ឡើយ​ក្រោយ​ពេល​ចាប់​ហើយ ដោយសារ​អ្នក​ទាំង​នោះ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​ច្បាស់លាស់ តែ​ភាគី​កម្ពុជា តែង​តែ​ទាមទារ​ឲ្យ​ថៃ បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ។
ប្រភព​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ឆ្ងាយ ភាគ​ច្រើន​មាន​មេខ្យល់​នាំ​មក​ដោយ​សន្យា​ឲ្យ​ប្រាក់​ឈ្នួល​ច្រើន។ អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​គ្រោះថ្នាក់​ដោយសារ​វង្វេង​ក្នុង​ព្រៃ​ក្នុង​ ពេល​ទាហាន​ថៃ​ដេញ​បាញ់។ ពួក​គេ​មិន​ស្គាល់​ភូមិសាស្ត្រ​ព្រៃ​ទាំង​នោះ​ឡើយ។ មាន​អ្នក​ខ្លះ​ស្លាប់​ចោល​ឆ្អឹង​ក្នុង​ព្រៃ មិន​មាន​ដំណឹង​ផ្ដល់​ដល់​គ្រួសារ​វិញ​ឡើយ។ 
ឈ្មួញ​លក់​ទិញ​ឈើ​មួយ​រូប​សុំ​មិន​ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​មាន​តម្លៃ​ខ្ពស់។ ឈើ​នោះ​កាល​ណា​មាន​មុខ​កាត់​កាន់​តែ​ធំ កម្រាស់​កាន់តែ​ក្រាស់ តម្លៃ​កាន់​តែ​កើន។ បើ​ឈើ​មាន​ទំហំ​ធំ​គេ​ទិញ​គិត​ជា​ម៉ែត្រ​គូប ប៉ុន្តែ​បើ​ឈើ​គ្រញូង​នោះ​មាន​ទំហំ​តូច​គេ​គិត​តាម​ការ​ថ្លឹង​គីឡូ។
ឈើ​គ្រញូង​គិត​ជា​គីឡូ មាន​តម្លៃ​ចាប់​ពី ១​គីឡូ​ថ្លៃ ២​ដុល្លារ​អាមេរិក​ឡើង​ទៅ។ ប្រភេទ​ឈើ​គ្រញូង​ថ្លឹង​គីឡូ​នេះ តាម​ភាសា​អ្នក​ស្រុក​គេ​ហៅ​ថា ឈើ​គ្រញូង​អេតចាយ។ ចំពោះ​ឈើ​គ្រញូង​គិត​ជា​ម៉ែត្រ​គូប ប្រភព​អ្នក​ស្រុក​បាន​ឲ្យ​ដឹង​ថា អាច​មាន​តម្លៃ​ចាប់​ពី ២.០០០​ដុល្លារ ក្នុង​១​ម៉ែត្រ​គូប​ឡើង​ទៅ។
ឈើ​គ្រញូង​គេ​យក​ទៅ​ធ្វើ​តុ ទូ កៅអី គ្រែ កៅអី​សាឡុង តុ​បាយ រូប​ចម្លាក់​បិទ​ជញ្ជាំង​បន្ទប់​ជាដើម។មិន​មាន​ប្រភព​ណា​មួយ​អះអាង​ថា តើ​គេ​យក​ឈើ​គ្រញូង​ទៅ​ប្រើប្រាស់​ធ្វើ​អ្វី​ទៀត​ក្រៅ​ពី​គ្រឿង​សង្ហារិម និង​គ្រឿង​ប្រើប្រាស់​ឡើយ។ 
លោក ឃុន សោភា ជា​នាយ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា ប្រៀបធៀប​ឆ្នាំ​២០១១ ជាមួយ​ឆ្នាំ​២០១០ កន្លង​ទៅ បទល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​ការ​ថយ​ចុះ​ជាង​មុន តែ​លោក​មិន​បាន​បញ្ជាក់​ថា មាន​ការ​ថយ​ចុះ​ចំនួន​ប៉ុន្មាន​ទេ។
ចំណែក​លោក សុង បញ្ញា ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរមានជ័យ បង្រ្កាប​បទល្មើស​ព្រៃ​ឈើ​បាន​ចំនួន ៥០​ករណី រឹប​អូស​ឡាន​គ្រប់​ប្រភេទ​ដឹក​ឈើ​ខុស​ច្បាប់​បាន​ចំនួន ៣២​ឡាន និង​មាន​ផាក​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន។ ជាមួយ​នោះ​ដែរ មាន​មនុស្ស​ចំនួន ៣០​នាក់ បាន​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ទាក់ទង​ ឧក្រិដ្ឋកម្ម​ព្រៃឈើ។
ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ងាយ​ស្រួល​ឡើយ ពីព្រោះ​តំបន់​នេះ​ជា​ខេត្ត​ជាយ​ដែន ហើយ​កងទ័ព​ប្រទេស​ទាំង​២ (កម្ពុជា-​ថៃ) មាន​ដាក់​ពង្រាយ​ដើម្បី​ត្រៀម​ប្រយុទ្ធ​ការពារ​ប្រទេស​រៀង​ខ្លួន។ នៅ​ក្នុង​ព្រៃ​ជាយ​ដែន​ប្រទេស​ទាំង​២ មាន​ទាហាន​ដែល​មាន​អាវុធ​ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ទីបំផុត៕(rfa)

Comments system

Disqus Shortname