ស្រ្តីកម្ពុជាម្នាក់ ដែលគេរាយការណ៍ថា
បានសម្រាលទារកពេលកំពុងជាប់ពន្ធនាគារ ដែលនាងមានផ្ទៃពោះ
បន្ទាប់ពីគេចាប់ជំរិត និងរំលោភនៅប្រទេសម៉ាឡេស៊ីនោះ
បានវិលត្រឡប់មកវិញជាមួយនឹងកូនរបស់នាង
ព្រមទាំងជនរងគ្រោះដោយសារអំពើរំលោភបំពាន ១១ នាក់ផ្សេងទៀត
កាលពីថ្ងៃម្សិលមិញ។
ស្រ្តីដែលយំ និងមានអារម្មណ៍ស្លុតស្មារតី
បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីម្សិលមិញ
ដោយស្រ្តីរូបនេះត្រូវអង្គុយលើកៅអីរុញដោយសារតែនាងទន់ខ្សោយ
មិនអាចដើររួច។
យោងតាមអង្គការសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំ
ច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងកាលពីម្សិលមិញថា
យ៉ាងហោចណាស់មានស្រ្តី ២ នាក់ បានរត់គេចផុតពីការប៉ុនប៉ងរំលោភ
ខណៈស្រ្តីដទៃទៀត ត្រូវបានគេវាយដំ
និងបង្ខំឲ្យធ្វើការជាទម្ងន់ គ្មានពេលឈប់សម្រាក មុនពេលពួកគេ
ត្រូវបានបញ្ជូនទៅពន្ធនាគារ
ក្នុងឋានៈជាជនអន្តោប្រវេសន៍ខុសច្បាប់។
ជនរងគ្រោះអាយុ ១៨ ឆ្នាំ
បានរំឭកអំពីរបៀបដែលនាងត្រូវបានគេរំលោភ ២ ខែម្តងហើយ
ម្តងទៀតដោយបុរសម្នាក់
បន្ទាប់ពីនាងបានរត់គេចពីនិយោជកដែលរំលោភនាង ប្រហែល ១០ ខែមុន
ហើយបន្ទាប់មក នាងត្រូវបានចាប់ខ្លួន
បន្ទាប់ពីនគរបាលចុះបង្ក្រាបនៅផ្ទះរបស់ជនល្មើស។ នាងបានថ្លែងថា៖
«នាងត្រូវជាប់ឃុំក្នុងពន្ធនាគារ ៧ ខែ ...
ប៉ូលិសដាក់នាងក្នុងពន្ធនាគារ រហូតទាល់តែនាងសម្រាលកូន»។
នាងបានបន្ថែមថា
នាងត្រូវបានគេអនុញ្ញាតឲ្យសម្រាលកូននៅមន្ទីរពេទ្យ
បន្ទាប់មកប៉ូលិសនាំនាងមកពន្ធនាគារវិញ។
នាង អ៊ន ស្រីនាង អាយុ ២៤ ឆ្នាំមកពីខេត្តកំពង់ស្ពឺ បានថ្លែងថា
វាដូចនរកអ៊ីចឹង ពេលនាងធ្វើការនៅម៉ាឡេស៊ី
ដែលគេអនុញ្ញាតឲ្យនាងដេកតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។
នាងបានបន្ថែមថា៖ «គេបញ្ជាខ្ញុំឲ្យធ្វើការជាទម្ងន់។
គ្មានពេលសម្រាក ឬហូបបាយទេ។ គេឲ្យខ្ញុំហូបតែអាហារផ្អូម។
ខ្ញុំក៏ជាមនុស្សដែរ ហេតុអ្វីគេធ្វើបែបនេះ។
ខ្ញុំមិនអាចទ្រាំបានទេ។ ខ្ញុំរត់គេចពីផ្ទះនោះ»។
ខណៈកំពុងយំ ចាន់ ធី អាយុ ២៣ ឆ្នាំ បានថ្លែងអំណរគុណរដ្ឋាភិបាល
និងអង្គការក្រៅរដ្ឋាភិបាលដៃគូ គឺអង្គការអន្តរជាតិ
សម្រាប់ការចំណាកស្រុក(IOM)និងអង្គការកាកបាទក្រហមអន្តរជាតិ
ដែលបានជួយសង្គ្រោះនាងពីនិយោជកម្នាក់
និងភ្នាក់ងារជ្រើសរើសពលករចិត្តខ្មៅដែលមិនបានផ្តល់ប្រាក់ខែដល់
រូបនាងសូម្បីតែមួយសេន។
នាងបានថ្លែងបន្តថា៖ «ខ្ញុំគ្មានសិទ្ធិ អ្វីទាំងអស់
ពួកគេចាត់ទុកខ្ញុំជាទាសករដាច់ថ្លៃ។ យើងជាស្រ្តី
ស្រ្តីបម្រើការងារតាមផ្ទះមួយចំនួនត្រូវបានម្ចាស់ផ្ទះចាប់
រំលោភជាប្រចាំ»។
មាត្រា ២៥ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០០៧
របស់ប្រទេសម៉ាឡេស៊ី គឺការពារជនរងគ្រោះ នៃការជួញដូរ
ពីការយកទៅកាត់ទោសពីបទល្មើសអន្តោប្រវេសន៍។
លោក Muhammad Sha Ani Bin Abdullah
ប្រធានគណៈកម្មាការសិទ្ធិមនុស្សម៉ាឡេស៊ី បានថ្លែងថា
ជនរងគ្រោះនៃការជួញដូរ«មិនស្ថិតនៅក្នុងដែនសុវត្ថិភាព»
គឺពួកគេទៅរកនគរបាលដែលប្រព្រឹត្តទៅលើពួកគេ ដូចជាឧក្រិដ្ឋជន។
លោកបានថ្លែងបន្តថា៖ «យើងពិតណាស់នឹងផ្តល់អនុសាសន៍ថា
នគរបាលត្រូវបានកាត់ចេញពីបញ្ហានេះ។ គណៈកម្មាការសិទ្ធិមនុស្ស
មិនពេញចិត្តចំពោះស្ថានភាពនៃការបដិសេធដដែលៗដោយនគរបាល
ហើយនៅតែឃើញកើតមានសកម្មភាពបទល្មើសដដែលៗបែបនេះនោះទេ»។
លោក ជីវ ផល្លី អនុប្រធាននៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជននៅក្រសួងមហាផ្ទៃ បានថ្លែងថា ជនរងគ្រោះឥឡូវនេះ
កំពុងត្រូវបានសម្ភាសដោយនគរបាលដើម្បីឲ្យដឹងពិតប្រាកដអំពី ថា
តើអ្វីបានកើតឡើងមុនពេលពួកគេត្រឡប់មកស្រុកវិញ។
លោកថ្លែងថា៖ «ក្នុងអំឡុងបទសម្ភាស ពួកគេបានថ្លែងថា
ពួកគេបានគេចខ្លួនពីផ្ទះនិយោជករបស់ពួកគេ
បន្ទាប់ពីមានការរំលោភបំពាន»។ លោកបានជំរុញមិនឲ្យស្រ្តីកម្ពុជា
ទៅធ្វើការនៅបរទេសដូចនេះទេ។
កាលពីខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានចេញបម្រាមបណ្តោះអាសន្ន ទៅលើការបញ្ជូនពលករចំណាកស្រុក
ទៅកាន់ប្រទេសម៉ាឡេស៊ី
បន្ទាប់ពីមានការរាយការណ៍ដដែលៗជាច្រើនខែអំពីករណីស្លាប់
ការរំលោភផ្លូវភេទ ការវាយដំធ្វើទារុណកម្ម
និងការបង្ខំឲ្យធ្វើការហួសកម្លាំងគ្មានពេលដេក
ដោយគ្មានអាហារហូបគ្រប់គ្រាន់ជាដើម។ល។
ប៉ុន្តែបម្រាមនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាច្រើនអះអាងថា
មិនត្រូវបានក្រុមហ៊ុនមួយចំនួនគោរពតាមឡើយ
ហើយស្ត្រីខ្មែរជាច្រើន
នៅតែត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅម៉ាឡេស៊ីជាបន្តបន្ទាប់
ដដែល៕