Sunday, May 6, 2012

ស្លាប់​៣​នាក់​ របួស​៩​នាក់ ​ខូចខាត​ផ្ទះ​ជិត​១០០​ខ្នង​ ដោយ​សា​​រ​គ្រោះ​ធម្ម​​ជាតិ​​នៅ​​ស្រុក​​​មោង​​ឫស្សី និង​ស្រុក​​រុក្ខ​គិរី

ខេត្តបាត់ដំបង ៖ ​ក្រុម​កាក​បាទ​ក្រហម​ខេត្ត និង​ក្រុម​ការ​ងារ​​បាន​ចុះ​ជួយ​អន្តរាគមន៍​​ភ្លាមៗ​​ដល់​ប្រជាពលរដ្ឋ​​នៅ​ ក្នុងស្រុក​មោង​ឫស្សី និង​ស្រុក​រុក្ខ​គិរី ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ដោយ​សារ​ខ្យល់​ព្យុះ​ដ៏​​កំណាចមួយ​កាលពីរសៀល​ថ្ងៃ ​ទី​៤ ឧសភា ​ដែល​បង្ក​ឱ្យ​​មាន​​មនុស្ស​ស្លាប់​៣​នាក់ របួស​ចំនួន​៩​នាក់ និងលំនៅ​ឋាន​​របស់​ប្រជា​ពល​រដ្ឋ​សរុប​ជិត​១០០ខ្នង ត្រូវ​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង ។
​តាម​របាយ​ការណ៍​​របស់សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ខ្យល់​ព្យុះ​​បាន​បោក​បក់​ទៅលើ​ស្រុក​ចំនួន​២​ កាល​ពី​​រសៀលថ្ងៃទី​​៤ ឧសភា ​គឺស្រុក​មោង​ឫស្សី និង​ស្រុក​​រុក្ខគិរី ។ ​ក្នុង​របាយ​ការណ៍​​ដដែល​បាន​ឱ្យ​ដឹង​
ទៀតថា ​នៅក្នុង​ស្រុក​​មោង​ឫស្សី គឺ​​ប៉ះ​ទៅ​លើ​ឃុំ​ព្រៃស្វាយ និង​​ឃុំ​ឫស្សី​ក្រាំង ​ដែល​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​៨​ខ្នង ​ក្នុងនោះ​​ខូច​ខាត​ទាំងស្រុង​​ចំនួន​២​ខ្នង ​របួសមនុស្ស​ម្នាក់ ឯ​ម្នាក់​ទៀត​ត្រូវរន្ទះ​បាញ់​​ស្លាប់ ។
​ដោយ​ឡែក​នៅ​ក្នុង​ស្រុក​រុក្ខ​គិរី​វិញ តាម​សេច​ក្តី​រាយការណ៍​​ពីសមត្ថ​កិច្ចដដែល​បាន​ឱ្យ​ដឹងថា ​ខ្យល់​ព្យុះ​​ដែល​មិនធ្លាប់​​មាន​ពី​មុន​មក​នេះ​បាន​ប៉ះ​​ទង្គិច​​ទៅលើ​ ភូមិ​ចំនួន​៦ ក្នុង​​ឃុំ​ព្រៃ​​ត្រឡាច ។ ​សមត្ថ​កិច្ច​បន្តថា ផ្ទះ​ចំនួន​៨១​ខ្នង ​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​​ទាំង​ស្រុង និង​ជិត​១០​ខ្នង​ទៀត​​បើក​​ដំបូល និង​ជញ្ជាំង​ រីឯ​មនុស្ស​​២​នាក់​ម្តាយ​កូន​បានស្លាប់​​ដោយ​សារ​ផ្ទះ​សង្កត់​លើ និង​​៨​នាក់​ទៀត​រង​របួស ។ សមត្ថ​កិច្ច​ក៏​បាន​បញ្ចាក់​ផង​ដែរថា ទ្រព្យ​សម្បត្តិ​​របស់​ប្រជា​ពលរដ្ឋ​​ទាំង​នេះ​ក៏​រងការ​ខូចខាត​ស្ទើរ​ទាំង​ ស្រុង​​ផង​ដែរ។

Comments system

Disqus Shortname