Friday, March 2, 2012

អភិបាល​ក្រុង​បាវិត ជា​ជនសង្ស័យ​បាញ់​ប្រហារ​កម្មករ

លោក​ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត គឺជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ នៅ​ក្នុង​ការ​តវ៉ា​មួយ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ដែល​បាន​ធ្វើ​ឲ្យ​កម្មករ ៣ នាក់​រង​របួស​ធ្ងន់​។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​។

លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ របស់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សិក្ខា​សាលា ស្តី​ពី​ការ​ការពារ​កុមារ ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​សណ្ឋាគារ​កុងទីណង់តាល់ កាល​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ដែល​បាន​បាញ់​លើ​កម្មករ​នៅ​ក្រុង​បាវិត​ «គឺ​លោក ឈូក បណ្ឌិត ​អភិបាល​ក្រុង​បាវិត​»​។​ លោក បាន​បញ្ជាក់​ថា​៖«ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ឬ​អត់? វាមិន​មែន​ជា​កាតព្វ​កិច្ច​របស់​ក្រសួង​មហាផ្ទៃ​ទេ​។ វាជា​កាតព្វ​កិច្ច​តុលាការ ប៉ុន្តែ​វាមិន​លើស​ពី​ជាង​មួយ​សប្តាហ៍​ទេ ព្រោះ​យើង​បាន​ស្គាល់​អត្ត​សញ្ញាណ​ច្បាស់​ហើយ​»។
កាល​ពី​ថ្ងៃ​ទី​ ២៨ កុម្ភៈ ក្រសួង​មហាផ្ទៃ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​ស្វាយរៀង អំពី​ខ្មាន់​កាំភ្លើង​ដែល​បាន​បាញ់​កម្មករ​៣ ​នាក់​នៅ​ក្រុង​បាវិត។
លោក ប៉ិច ឈឿត ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង បាន​និយាយ​ថា របាយការណ៍​ស៊ើប​អង្កេត រឿង​បាញ់​កម្មករ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះ​រាជ​អាជ្ញា​ ​ ដូច្នេះ​លោក មិន​ដឹង​ពី​អត្ត​សញ្ញាណ​ជន​សង្ស័យ​ទេ​។
លោក​ហ៊ឹង ប៊ុនជា ​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា លោក​បាន​ទទួល​របាយការណ៍​ស៊ើប​​អង្កេត​របស់​ប៉ូលិស​រួច​ហើយ ហើយ​ឥឡូវ​នេះ​លោក​កំពុង​តែ​ពិនិត្យ​មើល ហើយ​នឹង​ចាត់​វិធាន​ការ​នៅ​ពេល​ក្រោយ​។
លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ «តាម​របាយការណ៍​ ខ្ញុំ​ឃើញ​មាន​ឈ្មោះ​អ្នក​ដែល​បាន​បាញ់​លើ​កម្មករ គឺ លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត ដូច​អ្វី​ដែល​ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង បាន​មាន​ប្រសាសន៍​»​។
លោក ម៉ែន វិបុល អភិបាល​រង​ខេត្ត​ស្វាយរៀង មិន​ដឹង​ថា លោក ឈូក បណ្ឌិត​ នៅទីណា​ទេ ព្រោះ​ចាប់​តាំង​ពី​កម្មករ ឈប់​តវ៉ា​ រូប​លោក មិន​ដែល​ឃើញ​លោក ឈូក បណ្ឌិត ​មក​ប្រជុំ​នៅ​សាលា​ខេត្ត​ដូច​មុន​​ទៀត​ឡើយ ដោយ​ឃើញ​តែ​អភិបាល​រង​ក្រុង​បាវិត​ពីរ​រូប មក​ប្រជុំ​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា​៖ «​ខ្ញុំ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ដំណឹង​នេះ​។ ខ្ញុំ​មិន​ដឹង​​ថា​ ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​អ៊ីចឹង​លើ​កម្មករ​​​នៅ​ទីនោះ​ទេ ហើយ​យោង​តាម​ច្បាប់ គេ​ត្រូវ​តែ​ដក​តំណែង​របស់​គាត់​ ហើយ​បន្ទាប់​មក​តុលាការ​បន្ត​ដំណើរ​ការ​របស់​ពួក​គេ​»​។
លោក កែវ គង់​ អធិការ​ប៉ូលិស​ក្រុង​បាវិត បាន​បញ្ជាក់​ថា​ លោក មិន​បាន​ឃើញ​លោក​ឈូក បណ្ឌិត​មក​ធ្វើ​ការ​ទេ​ ហើយ​នៅ​ពេល​ដែល​លោក​សួរ ក្រុម​មន្រ្តី​របស់​​គាត់ ​ពួក​គេ​ឆ្លើយ​ថា ​លោក​បណ្ឌិត​ មក​ប្រជុំ​នៅ​​ភ្នំពេញ​។ លោក​បន្ថែម​ថា​៖«​ខ្ញុំ​មិន​ច្បាស់​​ថា ​គាត់​នៅ​ទី​ណា​ទេ​ ឥឡូវ​នេះ​»​។
លោក សំ ស៊ីណាត បង​ប្រុស​របស់​នាង ប៊ុត ចិន្តា វ័យ ២១​ ឆ្នាំ​ ដែល​រង​របួស​ធ្ងន់​ ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ធ្លុះ​ដើម​ទ្រូង​ខាង​ឆ្វេង ហើយ​កំពុង​បន្ត​សម្រាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ ​មាន​មន្រ្តី​៧​នាក់​ ពី​ក្រុង​បាវិត បាន​មកសួរ​សុខ​ទុក្ខ​ប្អូន​ស្រី​របស់​លោក និង​បាន​ផ្តល់​​ប្រាក់​ ២​ លាន​រៀល​ ដល់​​នាង​ ​ដោយ​បាន​និយាយ​ថា ​វា​ជា​អំណោយ​របស់​លោក​ស្រី​ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្រ្តី​។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​ថវិកា​ដែល​ពួក​គេ​ឲ្យ​ខ្ញុំ ខ្ញុំ​កំពុង​សង្ស័យ​ថា​ ពួក​គេមិន​ចង់​ឲ្យ​ខ្ញុំ​ប្តឹង​ពួក​គេ​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ខ្ញុំ ទទួល​យក​លុយ​នេះ​ក៏​ដោយ ក៏​ខ្ញុំ នៅ​តែ​ប្តឹង ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​»​។
លោក​បាន​បញ្ជាក់​ថា បី​ថ្ងៃ​ទៀត លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ខ្មាន់​កាំភ្លើង​ទៅ​តុលាការ​ស្វាយ​រៀង​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖«​ខ្ញុំចង់​ឲ្យ​គេ​ចាប់​ជន​ដៃ​ដល់​ និង​ផ្តន្ទាទោស​តាម​​ច្បាប់​»​។
លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ នៅ​ពេល​ដែល​ទាក់​ទង​បាន​ដោយ​កម្រ កាល​ពី​ម្សិលមិញ ដោយ​លោក គ្រាន់​តែ​ឆ្លើយ​យ៉ាង​ខ្លី​ថា​៖ «ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ​​នៅ​វៀតណាម​»។
លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា លោក ស្វាគមន៍​ជា​មួយ​នឹង​វិធាន​ការ​របស់​ក្រសួង​មហា​ផ្ទៃ ដែល​នៅ​ទី​បំផុត បាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ ប៉ុន្តែ​លោក​បារម្ភ​ថា​ បញ្ហា​នេះ តុលាការ​នៅ​តែ​ស៊ើប​អង្កេត​ ហើយ​មិន​ទាន់​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ឡើយ​ទេ​ ដែល​នេះ​ អាច​ប៉ះ​ពាល់​ដល់​អ្នក​ដែល​រាយការណ៍​ជូន​សមត្ថកិច្ច​អំពី​ការ​ពិត​។ លោក បាន​បញ្ជាក់​ថា​៖ «​ព្រះ​រាជអាជ្ញា​ខេត្ត​គួរ​តែ​​ចេញ​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ ដើម្បី​ចៀសវាង​ការ​រត់​គេច​៕

Comments system

Disqus Shortname