នគរបាលស្រុកព្រែកប្រសព្វ
បានឃាត់ខ្លួនជនសង្ស័យពីរនាក់ជាមុខសញ្ញា
លួចក្របីរបស់ប្រជាពលរដ្ឋនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ។
ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី៣ មីនា
ខណៈពួកគេកំពុងដឹកក្របីចំនួន៤ក្បាល
ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ប្រាប់សមត្ថកិច្ច ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា
ជនសង្ស័យទាំងពីរមាន ១-ឈ្មោះជា ឡាយ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិរការធំ
ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ទី២-ឈ្មោះប៉ន ប៉ច អាយុ៤៥ឆ្នាំ
មានទីលំនៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
។
ជនទាំងនេះជាមុខសញ្ញាមិនចេះរាងចាលក្នុងករណីលួច
គោក្របីរបស់ប្រជាពលរដ្ឋកន្លងមក។ នគរបាលបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១ មីនា
ជនទាំងពីរនាក់នេះ
បាននាំគ្នាធ្វើសកម្មភាពលួចក្របីរបស់ប្រជពលរដ្ឋឃុំជ្រោយបន្ទាយ
ស្រុកព្រែកប្រសព្វ បានចំនួន៤ក្បាល (ឈ្មោល២ក្បាល)។
ក្រោយពីធ្វើសកម្មភាពរួចពួកគេទាំងពីរនាក់
បានយកក្របីទៅលាក់ទុកនៅព្រៃខាងក្រោយភូមិកំពង់ដ រង់ចាំឱកាសដឹកចេញ ។
លោកវរសេនីយ៍ទោ នៅ សុផល
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា
ក្រោយពីសមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃ៣ មីនា ខណៈពួកគេកំពុងតែបណ្តើរក្របីទាំងបួនក្បាលនេះ
កម្លាំងនគរបាលក៏តាមចាប់ឃាត់ខ្លួនបានទាំងពីរនាក់តែម្តង។
លោកនាយការិយាល័យបានបញ្ជាក់ថា
ក្របីទាំងបួនក្បាលនោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់គេវិញ
រីឯជនសង្ស័យទាំងពីរនាក់បាននាំទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិត
ស្រាលខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីបន្តទៀត ៕