Saturday, March 3, 2012

ប្រើល្បិច​ឲ្យ​ម្នាស់​តូប​យក​កាត់​ទូរស័ព្ទ​មកឲ្យ ទុក​ឳ​កាស​គ្នា​គេ​ចូល​លួច​ស្បោង​លុយ​អស់​រាប់ពាន់​ដុល្លារ​

ស្ត្រី​អ្នក​លក់​ចាប់ហួយ និង​ដូរ​លុយ​នៅ​ផ្សារ​ចំការ​.​គ ហៅ​ផ្សារ​អូរ​អំបិល ភូមិ សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​ចាញ់ល្បិច​ថ្មី​របស់​ក្រុម​ចោរហារយ​អស់ ប្រាក់​ច្រើន​ពាន់​ដុល្លារ ។
​កាលពី​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១២ អាជីវករ​ប្តូរប្រាក់​ផ្សារ​អូរ​អំបិល ឈ្មោះ
ឆវី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​បាន​ទទួល​រងគ្រោះ​ខាតបង់​ប្រាក់​អស់​រាប់ពាន់​ដុល្លារ ដោយសារ​តែ​ក្រុមចោរ​ប្រើ ល្បិច​មក​ទិញ​កាត​ទូរស័ព្ទ ហើយ​ពន្យារពេល​ក្នុងការ​ហុច​លុយ​ឲ្យ​គ្រប់​ចំនួន ដើម្បី​ទុក​ឳ​កាស​ឲ្យ​គ្នា​គេ ម្នាក់​ទៀត​ចូល​រើកកាយ និង​ប្រមូល​ថង​លុយ​រត់​បាត់​។​
​តាម​ការ​ឲ្យដឹង​ពី​ស្ត្រី​រងគ្រោះ​ ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ ខណៈ​ដែល​គាត់​នៅ​ម្នាក់ឯង ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ពី​មុខ​តូប​របស់​គាត់ ហើយ​ស្រែក​ទិញ​កាត​ទូរស័ព្ទ​១០​ដុល្លារ ព្រមទាំង​ឲ្យ​គាត់​(​ស្ត្រី​រងគ្រោះ​)​យក​ចុះ​ទៅឲ្យគេ​(​ជនសង្ស័យ​) ផង ព្រោះ​រូបគេ ខ្ជិល​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​។
​ប្រភព​បាន​បន្តថា ខណៈ​ដែល​គាត់​យក​កាត​ទូរស័ព្ទ​ទៅ​ដល់​ឲ្យដល់​ដៃ​ជនសង្ស័យ​នោះ គេ​ចេះតែ​ហូត លុយ​ចេញ​មិន​គ្រប់​ចំនួន ដោយ​ហូតពីហោ​ប៉ាវមុខ​ខ្លះ និង​ហោ​ប៉ាវ​ក្រោយ​ខ្លះ ហើយ​លុយ​ទៀតសោត សុទ្ទតែ​ក្រដាស់​មួយ​រយ​រៀល ប្រាំ​រយ​រៀល​ធ្វើឲ្យ​គាត់​(​ជនរងគ្រោះ​)​ចំណាយ​ពេល​យូរ​ក្នុងការ​រង់ចាំ​ ទទួល​លុយ​ជាង​ម៉ឺន​រៀល​ពី​ជនសង្ស័យ​។​
​ប្រភព​បាន​បញ្ជាក់ទៀតថា ខណៈ​ដែល​គាត់​កំពុង​ចាំ​យកលុយ​ថ្លៃ​លក់​ទូរស័ព្ទ​នោះ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់ ដែល​គេ​ដឹងថា បាន​ទៅ​អង្គុយ​ផឹក​កាហ្វេ​ក្បែរ​តូប​របស់​គាត់ លួច​ចូល​ទៅក្នុង​តូប ហើយ​ប្រមូល​ស្បោង​លុយ​មាន​លុយ​ខ្មែរ​២០​លាន​រៀល​, លុយ​ដុល្លារ​៣​ពាន់​ដុល្លារ និង​លុយ​ថៃ​១០​ម៉ឺន​បាត​រួច​ដើរ​គេច​ខ្លួន​ចូល​ផ្សារ​អូរ​អំបិល​បាត់​ស្រមោល ​តែ​ម្តង ៕

Comments system

Disqus Shortname