យោងតាមមន្ដ្រីអ.ហ ខណ្ឌទួលគោក បានឱ្យដឹងថា លោក អ៊ុក ឈើន អាយុជាង ៣០ឆ្នាំ ជាមន្ដ្រីយោធានៅភូមិភាគពិសេស ហើយក្រៅម៉ោងធ្វើការ ប្រកបរបររត់ម៉ូតូ ឌុប ត្រូវបានជនសង្ស័យម្នាក់ លួចម៉ូតូ ប៉ុន្ដែ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន បាន
ក្រោយធ្វើសកម្មភាពភ្លាមៗ ។ មន្ដ្រី អ.ហ បានបន្ដថា មុនពេលកើតហេតុ ខណៈ ដែលជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនម៉ាក សង់កូរ៉េពណ៌ក្រហម តាមឌុបម៉ូយពីក្រោយ រថយន្ដតាក់ស៊ី ហើយជាប់រវល់ទៅហៅម៉ូយ ដែលចុះពីរថយន្ដ រួចទុកម៉ូតូចោលក៏ត្រូវ ជនសង្ស័យលួចជិះទៅបាត់ ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោ ធ្វើឱ្យកម្លាំង កងរាជអាវុធហត្ថដែលយាមកាម នៅទីនោះ ដេញស្ទាក់ទាន់ ក៏ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ ឡាយ ចៅចាំង អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងខណ្ឌ ឫស្សីកែវ ។
យោងតាមមន្ដ្រី អ.ហ បានបន្ដថាក្រោយ ពីការឃាត់ខ្លួន ជនសង្ស័យរូបនេះ សមត្ថកិច្ច បានយកទៅឃុំខ្លួន នៅទីបញ្ជាការដ្ឋាន អ.ហ រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ ជូនដល់ជនរងគ្រោះវិញ ៕