Saturday, March 3, 2012

បើកម៉ូតូកៀរឃឿន ស្ពានគីហ្សូណាដួល ស្លាប់៣នាក់

បុរស៣នាក់ បានស្លាប់បន្ទាប់ ពីជួបឧបតិហេតុ គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូកៀរឃឿន ស្ពានគីហ្សូណា កាលពីវេលា ម៉ោង១នឹង៣០នាទី រំលងអាធ្រាត ចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១២ នៅចំណុច លើស្ពានគីហ្សូណា ស្ថិតក្នុងភូមិន្លេបិទលើ   ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
តាមមន្រ្តីនគរបាល បានអោយដឹងថា ជនរងគ្រោះស្លាប់ក្នុងឧបតិហេតុ គ្រោះថ្នាក់ចរាចរណ៍
នោះមានឈ្មោះ អាត សុខឃាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាប៉ាង ,ឈ្មោះ ញីវ ធានិត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រែកពាម និងឈ្មោះ កាង សុភ័ក្ត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ សប់ស្លាស្នាប អ្នកទាំង៣នោះរស់នៅ ក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ដូចគ្នា ។មន្រ្តីនគរបាលបាន អោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អាត សុខឃាង បានបើកម៉ូតូម៉ាកក្លិច ពណ៌ខ្មៅ ឌុបមនុស្ស២នាក់ ពីក្រោយមក ពីទិសខាងកើត ទៅលិច (ពីត្រើយខាងទន្លេបិទ ឆ្លងស្ពាន គីហ្សូណា មកទី រួមខេត្តកំពង់ចាម) លុះពេលបើកម៉ូតូ ឡើងលើស្ពាន បានជិតពាក់កណ្តាល ទៅហើយស្រាប់តែរេចង្កូត ទៅកៀរឃឿនបង្កាន់ ដៃស្ពានខាងស្តាំដៃ  បណ្តាលអោយដួលម៉ូតូ អូសចម្ងាយជាង៣០ម៉ែត្រ  ហើយអ្នកជិះម៉តូទាំង៣នាក់ បោកក្បាលស្លាប់ នៅកន្លែងកើតហេតុម្នាក់ នឹង២នាក់ទៀតស្លាប់ នៅពេលដឹក ដល់មន្ទីរពេទ្យ ខេត្តកំពង់ចាម ។
សមត្ថកិច្ច នគរបាលចរាចរណ៍ ស្រុកត្បូងឃ្មុំបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល អោយស្លាប់ យ៉ាងអណោចអធម ដូចខាងលើនោះ គឺបណ្តាលមកពីជនរងគ្រោះ សេពគ្រឿងស្រវឹងច្រើន នឹងបើកម៉ូតូមិនពាក់មួកសុវត្ថិភាព៕(dapnews)

Comments system

Disqus Shortname