Tuesday, February 14, 2012

មន្ត្រី​បារម្ភ​ពី​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ដោយ​សារ​តម្លៃ​ខ្ពស់​ជាង​គេ

មន្ត្រី​ពាក់​ព័ន្ធ​កំពុង​ព្រួយបារម្ភ​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​នា​ពេល​ខាង​មុខ​ នេះ ​បើ​តម្លៃ​អង្ករ​កម្ពុជា​នៅ​តែ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង និង​ឥណ្ឌា។
ក្រុម​មន្ត្រី​អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​បណ្តាល​មក​ពី ​ការ​កែច្នៃ​អង្ករ​នៅ​កម្ពុជា​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់ និង​កង្វះ​ខាត​បច្ចេកទេស ដែល​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ទុន​ផង​ដែរ។

លោក ម៉ី កល្យាណ ​ទីប្រឹក្សា​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​បាន​ថ្លែង ក្នុង​សិក្ខា​សាលា​ក្រៅ​ផ្លូវ​ការ​ ស្តី​ពី​គោលការណ៍​ផ្តល់​ឥណទាន​សម្រាប់​វិស័យ​ស្រូវ-អង្ករ​របស់​ធនាគារ​ អភិវឌ្ឍន៍​ជនបទ​ក្រោម​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កាល​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​តម្លៃ អង្ករ​របស់​កម្ពុជា​កំពុង​តែ​បង្ក​ការ​លំបាក​ដល់​ការ​ប្រកួត​ប្រជែង​នៅ លើ​ទីផ្សារ​អន្តរជាតិ​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​អង្ករ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង និង​ប្រទេស​ឥណ្ឌា។
លោក​បញ្ជាក់​ថា៖ «ស្រូវ-អង្ករ​ស្រុក​ខ្មែរ​យើង​អត់​ទាន់​មាន​ការ​ប្រណាំង​ប្រជែង​បាន​ ត្រឹម​ត្រូវ​ទេ បើ​យើង​ប្រកួត​ជាមួយ​គេ​យើង​អត់​ឈ្នះ​គេ​ទេ ព្រោះ​បើ​យើង​គិត​ពី​តម្លៃ​នៅ​ត្រឹម​កំពង់​ផែ​ធៀប​ជាមួយ​ថៃ និង​វៀតណាម​គឺ​យើង​ថ្លៃ​ខ្ពស់​ជាង​គេ​ពី​៥០​ទៅ​៩០​ដុល្លារ​ក្នុង​មួយ​តោន»។ លោក​ថ្លែង​ថា៖«​តម្លៃ​ខ្ពស់​ជាង​គេ​តែ​៥​ដុល្លារ​ក៏​គេ​មិន​ទិញ​ពី​យើង​ដែរ​ »។
ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​២០១០​។
​លោក​ម៉ី កល្យាណ បន្ត​ថា អង្ករ​កម្ពុជា​ភាគ​ច្រើន​នាំ​ទៅ​អឺរ៉ុប​ដោយ​សារ​តែ​មាន​ការ​លើក​លែង​ពន្ធ៖ «​យើង​នាំ​ចេញ​បាន​ទៅ​អឺរ៉ុប​ដោយសារ​គេ​អាណិត​អាសូរ​យើង​ដោយ​គេ​អត់​យក​ពន្ធ ​ បើ​គេ​ចាប់​ផ្តើម​យក​ពន្ធ​យើង​យ៉ាប់​ហើយ​»។
តម្លៃ​អង្ករ​កម្ពុជា​ខ្ពស់ ដោយ​សារ​ថ្លៃ​ផលិត​ខ្ពស់ ជា​ពិសេស​តម្លៃ​ថាមពល។​
លោក ភូ ពុយ ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​បាន​ថ្លែង​ថា ​អង្ករ​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់ ជាង​ប្រទេស​ជិត​ខាង ដោយ​សារ​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ និង​ខ្វះ​បច្ចេក​ទេស។ លោក​បន្ត​ថា៖ «សព្វ​ថ្ងៃ​អង្ករ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ ​ផ្នែក​គុណភាព​ បរិមាណ ​និង​តម្លៃ»។
បច្ចុប្បន្ន​តម្លៃ​អង្ករ​ប្រភេទ​លេខ​មួយ​ក្នុង​មួយ​តោន​ថ្លៃ​៩៣០​ដុល្លារ និង​អង្ករ​ធម្មតា​ប្រភេទ​បាក់​១០ ភាគ​រយ​ថ្លៃ​៤៩០​ដុល្លារ ដែល​តម្លៃ​នេះ​គឺ​គិត​ត្រឹម​កំពង់​ផែ​ព្រះសីហនុ។
ទោះ​បីជាយ៉ាង​នេះ​ក្តី លោក​បាន​លើក​ឡើង​ថា រោង​ម៉ាស៊ីន​កិន​ស្រូវ​ស្ទើរ​តែ​ទាំង​អស់​នៅ​កម្ពុជា​សុទ្ធ​តែ​ជួប​ការ​ កង្វះ ​ខាត​ទុន ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ការ​កែច្នៃ​អង្ករ​នៅ​មាន​កម្រិត​ និង​ចំណាយ​ថ្លៃ​ដើម​​អស់​ច្រើន​។
លោក សុន ​គន្ធរ ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​មាន​ប្រសាសន៍​ថា ដើម្បី​កែច្នៃ​អង្ករ​ឲ្យ​បាន​​១​លាន​តោន​សម្រាប់​នាំ​ចេញ​លុះ​ត្រា​តែ​ ឧស្សាហកម្ម​នេះ​មាន​ទុន​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​។
លោក​បាន​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​២០១០-២០១១ ធនាគារ​អភិវឌ្ឍន៍​ជន​បទ​បាន​ផ្តល់​កម្ចី​ប្រមាណ​ ៣៦​លាន​ដុល្លារ ដល់​ទៅ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចំនួន៨ ​និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ១១០​នៅ​ទូទាំង​ប្រទេស។
លោក​បញ្ជាក់​ថា៖ «ឥឡូវ​នេះ​យើង​នៅ​សល់​ទុន​មួយ​ចំនួន​ទៀត​សម្រាប់​ផ្តល់​ឲ្យ​ពួក​គាត់ ប្រសិន​បើ​ពួកគាត់​ត្រូវ​ការ​ ប៉ុន្តែ​ទាល់​តែ​ពួក​គាត់​អាច​បំពេញ​តាម​លក្ខខណ្ឌ​របស់​យើង​បាន​ដែរ»។
ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​ពិចារណា​កាត់​បន្ថយ តម្លៃ​អង្ករ​របស់​ខ្លួន ដើម្បី​បង្កើន​ការ​នាំ​ចេញ​ឲ្យ​បាន​ច្រើន។​
លោក Tim Purcell ​ប្រធាន អង្គការ​អភិវឌ្ឍន៍​កសិកម្ម​អន្តរជាតិ បាន​អះអាង​ថា ការ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ​កាល​ពីខែ​មុន​បាន​ធ្លាក់​ចុះ។ ​លោក​បន្ត​ថា៖ «បើ​ធៀប​នឹង​ត្រី​មាស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន ការ​បញ្ជា​ទិញ​នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។
លោក​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​កើន​ឡើង​ស្តុក​នៅ​ឥណ្ឌា បាន​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ក្នុង​តំបន់​ធ្លាក់​ចុះ​។ លោក បន្ត​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​កាលពី​ខែ​មករា ជា​ហេតុ​ផល​មួយ​បញ្ជាក់​ពី​បញ្ហា​នេះ​រួច​ទៅ​ហើយ។ លោក Purcell​អះអាង​ថា ការ​ផ្គត់​ផ្គង់​កំពុង​មាន​កម្រិត​ខ្ពស់​ ខណៈ​នៅ​ក្នុង​តំបន់​កំពុង​បញ្ចប់​រដូវ​ប្រមូល​ផល​។
លោក​បន្ត​ថា ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​បាន​កើន​ឡើង​ខ្លាំង​គឺ ពី​១២ ៤៤០តោន​ នៅ​ឆ្នាំ​២០០៩ ដល់​​១៧០ ០០០ តោន​កាល​ពី​ឆ្នាំ​ទៅ។ លោក​ថ្លែង​ថា៖ «សមិទ្ធផល​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល ​យ៉ាង​ខ្លាំង»៕

Comments system

Disqus Shortname