Tuesday, February 21, 2012

នាយក​គ្រប់​គ្រង​សាលា​ឯក​ជន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សញ្ញា​បត្រ​បណ្ឌិត​-អនុបណ្ឌិត

នាយក​សាលា​ឯក​ជន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​យឺត​យ៉ាវ​នៃ​ការ​ចេញ​សញ្ញា​បត្រ​ថ្នាក់ ​បណ្ឌិត​-អនុបណ្ឌិត ដែល​អ្វី​ទាំង​អស់​នោះ​ត្រូវ​ធ្លាក់​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ចំណាត់​ការ​ របស់​អគ្គ​នាយ​ក​រង​ម្នាក់​នៃ​អគ្គ​នាយ​កដ្ឋាន​ឧត្តម​សិក្សា ។ ប៉ុន្តែ​លោក​អគ្គ​
នាយ​ក​រង​រូប​នោះបាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​​​​ នោះ​ដោ​​យ​លើក​ឡើង​ថាជា​ការងារ​បច្ចេក​​ទេស​ដែល​សាលា​​​ទាំង​នោះ​មិន​បាន​ បំពេញ​បែបបទ​ឱ្យ​បាន​​ត្រឹម​ត្រូវ ។
ទោះ​ជា​យ៉ាង​ណា​អ្នក​គ្រប់​គ្រង​សាលា​ឯក​ជន​នៅ​តែ​អះ​ អាង​ថា ការ​ចេញ​សញ្ញា​បត្រ​បណ្ឌិត​អនុបណ្ឌិត​ ប្រាកដ​ជា​មាន​ភាព​យឺតយ៉ាវ​ពិត​ប្រកដ​មែន​ ហើយ​ការ​យឺត​យ៉ាវ​នោះ​មិន​មែន​ជា​កំហុសរបស់​សាលា ឬ​អគ្គ​នាយក​​ និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវជន​ និងកីឡា នោះ​ទេ តែ​ជា​របៀបរបប​ធ្វើ​ការ​ងារ​​បង្ក​ការ​រាំង​ស្ទះ​ដោយ​សារ​តែ​លោក​អគ្គ​ នាយករង​ឈ្មោះវ៉ាន់ ច័ន្ទផេន ដែល​ទទួល​​​បន្ទុក​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ការ​ងារ​អប់​រំ​បណ្តុះ​បណ្តាល ។
តាម​ប្រភព​ព័ត៌​មាន​ពី​អ្នក​គ្រប់​គ្រង​សាលា​ឯក​ជន​ បាន​បញ្ជាក់​ថា រាល់​ឯក​សារ​ដែល​ដាក់​ទៅ​ដល់​អគ្គ​នាយកដ្ឋាន​ឧត្តម​សិក្សា​ គឺត្រូវ​ស្ទះ​នៅ​ត្រឹម​លោក​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ឧត្តម​សិក្សា​ ទទួល​បន្ទុក​ត្រួត​ពិនិត្យ​លើ​ការ​ងារ​បណ្តុះ​បណ្តាល​ និង​វាយ​តម្លៃ​គុណ​ភាព​អប់​រំ​ថ្នាក់​បណ្ឌិត​​អនុបណ្ឌិត ដែល​ពេល​ខ្លះ​ទម្រាំ​បាន​ទៅ​ដល់​រដ្ឋ​មន្ត្រី​ ត្រូវ​​ប្រើ​ពេល​វេលា​រាប់​ខែ​ឯណោះ​ ។ ទន្ទឹម​នោះ​លោក​អគ្គនាយ​ក​រង​រូប​នោះ​តែង​តែ​យក​បញ្ហា​ផ្សេង​​ៗ ដើម្បី​បិទ​បាំង​ការ​យឺត​យ៉ាវ​នោះ​ដូច​ជា​ ឯកសារ​ដែលសាលា​ផ្ញើ​ទៅ​នោះ​ខុស​ត្រង់​​ចំណុច​នេះ​ ឬ​ខុស​ត្រង់​ចំណុច​នោះ​ ឬ​ខ្វះ​នេះ​ខ្វះ​នោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ហើយ​បើ​ខាង​សាលា​មិន​ប្រញាប់​ប្រញាល់​រត់​ការ​ឡើង​ទៅ​ជួប​អគ្គ​នាយក​រង​រូប​ នោះ​ទេ គឺ​ឯកសារ​ត្រូវ​រក្សា​ទុក​នៅ​ត្រឹម​នោះ​មិន​ខាន​​ ។
និស្សិត​នៃ​សាកល​វិទ្យា​ល័យ​មួយ​រូប​​បាន​​និយាយ​ថា ការយឺត​យ៉ាវក្នុង​ការ​ចេញ​សញ្ញ​ាបត្រ​នោះ​គឺ​កើត​មាន​ប្រាកដ​មែន​ ហើយ​ខាង​សាលា​ក៏​បាន​ទម្លាក់​កំហុស​នោះ​ទៅ​ថ្នាក់​អគ្គ​នាយករង​រូប​នោះ​ផង​ ដែរ ។ ប៉ុន្តែ​ថ្នាក់​លើ​គួរ​តែ​យល់​ថា និស្សិត​​ដែល​បាន​បញ្ចប់​ការ​សិក្សា​ គឺត្រូវ​ការ​សញ្ញា​​បត្រ​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​ ឬ​បំពេញ​បែប​បទ​ផ្សេង​ៗ ក្នុង​ការ​ងារ​ដែល​កំពុង​ធ្វើ​បច្ចុប្បន្ន​ ។ ដូច្នេះ​ការ​ធ្វើ​ឱ្យ​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​សញ្ញា​បត្រ​នោះ​ប្រាកដ​ជា​ប៉ះ ​ពាល់​ដល់​អារម្មណ៍​និស្សិតប្រាកដ ។
ចំណែក​អ្នក​គ្រប់​គ្រង​សាលា​ឯក​ជន​បាន​លើក​ឡើង​ថា ឱ្យ​តែ​ឯកសារ​សាលា​ផ្ញើ​ទៅ​អគ្គ​នាយក​រង​លោក​វ៉ាន់ ច័ន្ទ​ផេន នោះ​ពេលណា​ក៏ចៀស​មិន​ផុត​ពី​ការ​ទទួល​ព័ត៌​មាន​តាម​ទូរស័ព្ទ​មក​វិញ​ថា ខ្វះ​នេះ​ខ្វះ​នោះ មិ​ន​ចេះ​ចប់មិន​ចេះ​ហើយ​ដែរ និយាយ​រួម​គឺសុទ្ធ​តែ​មាន​កំហុស​ ឬ​ខ្វះ​​រហូត​ ។ ម្យ៉ាង​ទៀត​ក្នុង​ពេល​ដែល​ដឹង​ថា ឯក​សារ​ដែល​បញ្ជូន​ទៅ​នោះ​មាន​ខុស​ ឬ​ខ្វះ​ខាត​ហើយ​ ប៉ុន្តែ​លោក​អគ្គ​នាយករង​រូប​នោះ​មិន​បាន​ធ្វើ​ជា​លិខិត​លាយ​លក្ខណ៍​អក្សរ​​ ជាផ្លូវ​ការ​មក​ឱ្យ​សាលា​ដើម្បី​កែ​តម្រូវ​ ឬ​បំពេញ​បន្ថែម​នោះ​ទេ តែ​គាត់​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរស័ព្ទដើម្បី​ទាក់​ទង​ឱ្យ​អ្នក​គ្រប់​គ្រង ​សាលា​ទៅ​ជួប​និយាយ​គ្នា​ក្នុង​បន្ទប់​របស់​គាត់​វិញ។ របៀប​ធ្វើ​ការ​ងារ​បែប​នោះ​​ត្រូវ​បាន​អ្នក​គ្រប់​គ្រង​​សាលារិះ​គន់​ថាជា​ ការ​​​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​ក្នុង​របៀប​របប​ការ​ងារ​ដែល​មិន​គួរ​យក​ មក​ប្រើ​ក្នុង​សម័យនេះទេ ។
កោះ​សន្តិ​ភាព​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំ​ភ្លឺ​ ពី​លោក​វ៉ាន់ ច័ន្ទ​ផេន អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ឧត្តម​សិក្សា​បាន​ទេ​នៅ​រសៀល​ម្សិល​មិញ ។ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​កាសែត​ក្នុង​ស្រុកអគ្គនាយក​រង​រូប​ នោះ​បាន​បដិ​សេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​​ហើយ​ទម្លាក់​កំហុស​​ទៅ​លើ​សាលា ​ដែល​រៀប​ចំ​ឯក​សារ​មិន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ ឬ​ការ​ណែ​នាំ​ជា​
ដើម ។ លោក​បញ្ជាក់​​ថា កន្លង​មក​មាន​សាលា​ខ្លះ​បាន​សន្យា​ផ្តល់​ប្រាក់​ឧបត្ថ​ម្ភ​ដល់​រូប​លោក​ ក្នុង​សញ្ញា​បត្រ​មួយ​ចំនួន​៥​ដុល្លារ​ ប៉ុន្តែ​លោក​មិន​ដែល​បាន​ស្គាល់​ ឬ​ទទួល​លុយ​ទាំង​អស់​នោះ
ទេ ។
ទោះ​ជា​យ៉ាង​ណា​​​ក្រសួង​អប់​រំ​ យុវ​ជន​ និង​កីឡា គួរតែ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ស្វែង​រក​ការ​ពិត​ចំពោះ​ការរិះ​គន់ និង​​ចោទ​ប្រកាន់​ខាង​លើ​នេះ ព្រោះ​វិស័យ​អប់​រំ​ សំខាន់​​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​កំពុង​ត្រូវ​បាន​រាជរដ្ឋាភិបាល​យក ​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​អាទិភាពបំផុត ៕

Comments system

Disqus Shortname