សូមបញ្ជាក់ថា ទីតាំងគ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្តាច់ជីវិតជនជាតិថៃ ២នាក់ និងខ្មែរម្នាក់ខាងលើនេះ គឺជាកន្លែងដែលគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូល និងរថយន្តរបស់នគរបាលការពារព្រំដែន បានបុកគ្នា បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ជិត២០នាក់ កាលពីពេលកន្លងទៅ។
លោក ហ៊ុន ហ៊ាត អធិការរងនគរបាលស្រុកស្ទោង បានមានប្រសាសន៍ថា នៅវេលាម៉ោងកើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រវាងរថយន្ត ស៊ុបពើ ពណ៌ខៀវ របស់ជនជាតិថៃ ដែលធ្វើដំណើរចេញពីប្រទេសថៃ កាត់តាមខេត្តសៀមរាប បំណងឆ្ពោះទៅខេត្តកំពង់ចាម ដើម្បីទិញ និងដឹកដំឡូង បានបុករថយន្តក្រុងរបស់ក្រុមហ៊ុន K.S.O ដែលកំពុងធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប បណ្តាលឲ្យជនជាតិថៃ២នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ និងជនជាតិខ្មែរម្នាក់ ជាអ្នកបកប្រែស្លាប់ផងដែរ។
លោក អធិការនគរបាល បានបន្តថា ជនរងគ្រោះដែលស្លាប់រួមមាន ទី១-ឈ្មោះ បុប្ផាផនរង្ស៊ី ភេទស្រី អាយុ៥០ឆ្នាំ ទី២-ឈ្មោះ ផនឈុនចនរង្ស៊ី អាយុ៤៨ឆ្នាំ និងទី៣ ដែលជាជាតិខ្មែរ មានឈ្មោះ ចយ ភេទប្រុស មានស្រុកកំណើត នៅខេត្តកំពត។ ដោយឡែកអ្នកបើករថយន្តរបស់ជនជាតិថៃ មានឈ្មោះ សុវណ្ណឆៃចង អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកស្ទោង។
បើតាមសមត្ថកិច្ចជំនាញ ដែលចុះទៅវាស់វែង នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាកចរាចរណ៍នេះ បានកើតឡើង ដោយការបើករំលោភរបស់ រថយន្តជនជាតិថៃ។
យ៉ាងណាក៏ដោយ អ្នកជិះក្នុងរថយន្តក្រុង មិនមានអ្នកណាម្នាក់ រងរបួសឡើយ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២ ពីខេត្តបន្ទាយមានជ័យ បានសម្តែង នូវការព្រួយបារម្ភ អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលមានរូបភាពធំៗ បានកើតឡើង ហើយបានផ្តាច់ជីវិតមនុស្សជាច្រើននាក់ កាលពីពេលថ្មីៗនេះ។
សម្តេចណែនាំឲ្យក្រសួងទេសចរណ៍ ដែលគ្រប់គ្រងរថយន្តក្រុង និងក្រសួងសាធារណការ ត្រូវត្រួតពិនិត្យ មើលវិធានការនានា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ទាំងនេះ កុំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេចដ្ឋកិច្ចជាតិ៕