លោក ផាន់ សំណាង ដែលជាសាក្សីបាន ឃើញហេតុការណ៍ នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ដំបូងឡើយជនរងគ្រោះទាំងអស់ កំពុងហែលទឹកលេង ស្រាប់តែមាន ការភ្ងាក់ផ្អើល ដោយសារ គេបានឃើញជនរងគ្រោះ ពីរនាក់ម្នាក់ជាយុវជន និងម្នាក់ទៀត ជាយុវតី បានលង់ទឹក។
ភ្លាមៗនោះ ស្រាប់តែយុវជនពីរនាក់ ផ្សេងទៀត បានចុះទៅ ជួយសង្គ្រោះ ប៉ុន្តែដោយសារ រលកសមុទ្រខ្លាំង ពេកជួយសង្គ្រោះមិនបាន ហើយថែមទាំង លង់ខ្លួនឯងទៀតនោះ ក៏សមត្ថកិច្ច និងក្រុមជួយសង្គ្រោះ បានបើកអូរបរ ទៅជួយជនរងគ្រោះទាំង៤នាក់។
លោក ផាន់ សំណាង បានបន្តទៀតថា ការជួយសង្គ្រោះ តាមរយៈអូរបរ គឺជួយបានតែ យុវជនទាំង៣នាក់ ប៉ុណ្ណោះ រីឯយុវតីម្នាក់នោះ រកមិនទាន់ឃើញនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារ និងមិត្តភក្តិទាំងអស់ ខំស្វែងរកជនរងគ្រោះ តែមិនទាន់ឃើញនោះទេ ដោយសារ រលកខ្លាំងពេក។
មិនទាន់មានការ បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះដែលជួប ហេតុការណ៍នេះ នៅឡើយទេ។
នៅតំបន់ឆ្នេរអូរឈើទាល ធ្លាប់កើតមានហេតុការណ៍ នេះ ជាច្រើនលើកមកហើយ ដូច្នេះពេលទៅកំសាន្តនៅទីនោះ និងពេលចុះហែលទឹកលេង ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕