វ៉ាស៊ីនតោន៖ ពលរដ្ឋកម្ពុជានិងវៀតណាមចំនួនមួយលានប្រាំពីរសែន
នាក់នឹងមានបង្គន់អនាម័យប្រើប្រាស់និងទទួលបានការយល់ដឹងពី
បញ្ហាសុខភាពអនាម័យចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៥ដោយសារ
ការផ្តល់មូលនិធិពីមហាសេដ្ឋីប៊ីលហ្កេត។
អង្គការ East Meets
Westបានបញ្ជាក់ថាមូលនិធិប៊ីលនិងមេលីនដាហ្កេតបានផ្តល់ថវិកាចំនួន
១០,៩លានដុល្លារសហរដ្ឋអាមេរិកមកដល់អង្គការនេះដើម្បីជួយធ្វើឱ្យ
ប្រសើរឡើងដល់សុខភាពអនាម័យក្នុងចំណោមពលរដ្ឋជនបទក្រីក្រនៅប្រទេស
កម្ពុជានិងវៀតណាមដោយចាប់អនុវត្តពី ឆ្នាំ២០១២នេះតទៅ។
លោក ចន អានណឺ ប្រធានអង្គការ East Meets West
បញ្ជាក់ថាមានប្រជាពលរដ្ឋកម្ពុជាចំនួន៨០ភាគរយខ្វះខាតអនាម័យ
នៅតាមគេហដ្ឋានបើប្រៀបធៀបនឹងប្រទេសវៀតណាមដែលមានតែត្រឹម៥០ភាគរយ
ប៉ុណ្ណោះ។
លោក
អានណឺបញ្ជាក់បន្ថែមថាក្នុងមួយឆ្នាំៗមានមនុស្សចំនួន១៧.០០០នាក់
បានស្លាប់នៅក្នុងប្រទេសទាំងពីរនេះដែលភាគច្រើនជាកុមារដែលមាន
អាយុក្រោម៥ឆ្នាំហើយធ្វើឱ្យពលរដ្ឋខាតបង់ប្រាក់កាសចំនួន១.២០០
លានដុល្លារក្នុងមួយឆ្នាំៗទៅលើការព្យាបាលសុខភាពនិងមិនបានទៅ
ធ្វើការ។
ទាំងអស់នេះដោយសារតែការបន្ទោរបង់ពាសវាលពាសកាលដោយគ្មានអនាម័យ
ត្រឹមត្រូវ។
«ដូច្នេះយើងឃើញថាអនាម័យមិនគ្រាន់តែជាបញ្ហាសុខភាពប៉ុណ្ណោះទេក៏
ប៉ុន្តែជាបញ្ហាដែលអាចជួយក្រុមគ្រួសារនានាដែលជាប់កុនក្នុងវដ្ត
នៃភាពក្រីក្រហើយពិបាកក្នុងការខំប្រឹងចាកចេញពីភាពក្រីក្រនៅពេល
ដែលពួកគេទទួលរងផលប៉ះពាល់ជាប្រចាំដោយសារជំងឺដែលកើតមកពី
ការប្រើប្រាស់ទឹក»។
អង្គការEast Meets West
ប្រើប្រាស់ថវិកានេះដើម្បីជួយផ្នែកអនាម័យដល់ប្រទេសទាំងពីរ
ក្នុងការសាងសង់បង្គន់អនាម័យនិងអប់រំប្រជាពលរដ្ឋ។
សម្រាប់លោកស្រី មាជ សុធារី
នាយិការប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍យល់
ថាការអប់រំឱ្យប្រជាពលរដ្ឋយល់ដឹងពីទម្លាប់រស់នៅដែលមានអនាម័យគឺ
ជាការចាំបាច់ផងដែរ។
«ការធ្វើបង្គន់យើងមិនមែនគ្រាន់តែទៅដល់លើកទឹកចិត្តឱ្យគាត់ធ្វើ
ទេ
យើងមានការអប់រំផ្សព្វផ្សាយដល់គាត់ឱ្យគាត់យល់ថាហេតុអ្វីដែល
គាត់គួរត្រូវប្រើប្រាស់បង្គន់
ថាតើវាមានផលវិបាកយ៉ាងណាខ្លះនៅពេលដែលគាត់ប្រើ
បន្ទោរបង់ពាសវាលពាសកាលវាអាចមានផលវិបាកអ្វីខ្លះ។
យើងលើកឡើងឱ្យគាត់ដឹងហើយនៅពេលដែលប្រើប្រាស់បង្គន់អនាម័យតើ
គាត់មានផលចំណេញអ្វីខ្លះ។ ច៎ាស
អឹចឹងយើងធ្វើការប្រៀបធៀបឱ្យគាត់»។
សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាភាគីអនុវត្តន៍
គម្រោងមួយក្នុងប្រទេសកម្ពុជារបស់មូលនិធិរបស់លោកប៊ីលហ្កេតដែល
ផ្តល់ជូនតាមរយៈអង្គការ East Meets West
ដែលនឹងត្រូវផ្តោតលើការជួយសាងសង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋ
ក្រីក្រ នៅស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់និងខេត្តកំពត។
លោកសូត្រ យា
អភិបាលរងខេត្តកំពតបានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងពេល
កន្លងមកប៉ុន្តែបានបញ្ជាក់ពីតម្រូវការបន្ថែមដើម្បីឱ្យប្រជា
ពលរដ្ឋមានការយល់ដឹងកាន់តែច្រើន។
«បើយើងនិយាយពីសេវាបង្គន់អនាម័យប្រៀបធៀបទូទាំងខេត្តវាតែងតែមាន
ការខ្វះខាតហើយព្រោះ
បញ្ហាប្រជាកសិករយើងលោកតាមធម្មតាធម្មជាតិរបស់គាត់
គឺគាត់មិនសូវគិតពីរឿងអនាម័យទេប៉ុន្តែផ្ទះដែលនៅ
ជាប់ទីក្រុងនិងជនបទមួយចំនួនគេក៏បានគិតគូពីបញ្ហាអនាម័យដែរ
ធ្វើបង្គន់តាមស្តង់ដាជាតិរបស់យើងបានឱ្យ
ហើយផ្ទះមួយចំនួននៅជនបទមិនទាន់បានយកចិត្តទុកដាក់ពីបញ្ហា
ហ្នឹងទេហើយខេត្តយើងក៏បានជំរុញយកចិត្តទុកដាក់ដើម្បី
ជំរុញធ្វើយ៉ាងណាសុំឱ្យមានដៃគូអភិវឌ្ឍន៍ចូលរួមចំណែកជួយក៏ដូច
ជាប្រជាពលរដ្ឋខ្លួនឯងហ្នឹងដែរដើម្បី
បំប៉នសុខភាពរបស់ខ្លួនធ្វើយ៉ាងម៉េចកុំឱ្យមានបញ្ហាហ្នឹង»។
ក្នុងទឹកប្រាក់ជិត១១លានដុល្លារនេះគឺមានចំនួន៣០ភាគរយនឹងត្រូវចំណាយនៅកម្ពុជានិង
៧០ភាគរយសម្រាប់ប្រទេសវៀតណាម។
នេះបើតាមការបញ្ជាក់របស់លោកស្រីង្វៀន ម៉ីញចាវ
នាយិកាប្រតិបត្តិអង្គការEast Meets West ប្រចាំប្រទេសវៀតណាម។
លោកស្រីបញ្ជាក់បន្ថែមថាពលរដ្ឋទាំង ១,៧
លាននាក់គឺជាអ្នកទទួលផលដោយផ្ទាល់តាមរយៈការផ្តល់សម្ភារៈសាង
សង់បង្គន់និងទទួលផលប្រយោលតាមរយៈការទទួលបានចំណេះដឹងពីការ
អនុវត្តគម្រោងដែលមានរយៈពេលបីឆ្នាំនេះ។
«យើងមានតួរលេខបញ្ជាក់ពីការខាតបង់ខាងផ្នែកសេដ្ឋកិច្ចដោយសារអនាម័យ
មិនល្អមានផលប៉ះពាល់លើសុខភាពនិងផលិតកម្ម។
ធនាគារពិភពលោកនិងអង្គការសុខភាពពិភពលោកប៉ាន់ស្មានថាក្នុងទឹកប្រាក់
មួយដុល្លារដែលវិនិយោគលើផ្នែកអនាម័យ
អ្នកអាចសន្សំបានប្រាក់៩ដុល្លារវិញ។
នេះបើយើងគិតពីសកម្មភាពផលិតកម្ម។
ដូចនេះវាជាការទទួលបានផលល្អមកវិញក្នុងការវិនិយោគលើផ្នែក
អនាម័យ»។
មូលនិធិប៊ីលហ្កេតត្រូវបានគេទទួលស្គាល់ថាបានគាំទ្រឱ្យមានការដោះ
ស្រាយបញ្ហាភាពក្រីក្រតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប
ផ្ទុយទៅវិញកម្មវិធីរបស់អង្គការ East Meets West
មិនប្រើបច្ចេកវិទ្យាទំនើបទេប៉ុន្តែផ្តោតលើការកែច្នៃគំនិតនិង
បច្ចេកទេសថ្មីដោយធ្វើការផ្តោតសំខាន់លើដំណោះស្រាយដែលបង្ហាញពី
លទ្ធផលជាក់ស្តែង៕